35 C
Phnom Penh

​រថក្រោះជា​​​ច្រើន​​​គ្រឿង​​​ត្រូវ​​​បាន​​​ដឹក​​​កាត់តាម​​រាជធានី​ភ្នំពេញ​​ដើម្បីយក​ទៅ​ធ្វើការ​ជួស​ជុល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍កាលពីម្សិល មិញថា រថក្រោះ១០គ្រឿងត្រូវបានដឹកពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងរាជធានីភ្នំពេញកាលពីយប់ថ្ងៃអាទិត្យដើម្បីយកទៅជួសជុល ប៉ុន្តែលោកមិនបាននិយាយថា យកទៅទីណានោះឡើយ។

នៅម៉ោងប្រហែល៨និង៣០នាទីយប់ថ្ងៃអាទិត្យ អ្នកប្រើប្រាស់បណ្តាញសង្គមបានថតវីដេអូពីការដឹករថក្រោះតាមរថយន្តឆ្ពោះទៅទិសខាងត្បូងតាមបណ្តោយផ្លូវហាណូយ ដែលតភា្ជាប់ភាគខាងជើងរាជធានីជាមួយមហាវិថីសហព័ន្ធរុស្ស៊ី ហើយក្រោយមកគេឃើញរថក្រោះទាំងនេះស្ថិតក្នុងតំបន់ “ចម្ការដូង” ក្នុងខណ្ឌដង្កោនៅម៉ោងប្រហែល៩យប់។ ដោយបដិសេធមិននិយាយថា រថក្រោះទាំងនេះយកទៅទីណានោះ លោក ឈុំ សុជាតិ បានមានប្រសាសន៍ថា ”យើងយករថក្រោះទាំងនេះទៅថែទាំ និងជួសជុលសម្រាប់ប្រើនៅពេលចាំបាច់ណាមួយតែប៉ុណ្ណោះ”។

លោកបានមានប្រសាសន៍ថា ”មិនមានបញ្ហា ឬការភ្ញាក់ផ្អើលអីទេ”។ កាលពីសប្តាហ៍មុន រថក្រោះ និងរថពាសដែកត្រូវបានយកពីប្រាសាទព្រះវិហារជិតព្រំដែនថៃ មកកាន់បន្ទាយចម្ងាយប្រហែល៤៥គីឡូម៉ែត្រភាគខាងលិចរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានលើកឡើងពីការជួសជុលនៅពេលនោះផងដែរខណៈដែលមន្ត្រីម្នាក់ទៀតបានលើកឡើង ពីសមយុទ្ធយោធា ហើយក៏បានបដិសេធការអះអាងដែលថា មានការជាប់ពាក់ព័ន្ធនឹងការហែសពលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវឃាតករបាញ់សម្លាប់ ធ្វើឡើងនៅថ្ងៃអាទិត្យនោះ៕សារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស