ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា លោកនឹងពិចារណាការអំពាវនាវពីសំណាក់សហជីពគាំទ្ររដ្ឋាភិបាល ដែលរិះគន់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលជំរុញរដ្ឋាភិបាលធ្វើឲ្យប្រវត្តិសិទ្ធិមនុស្សរបស់ខ្លួនប្រសើរឡើង តាមរយៈការដាក់សម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំង។
ទោះជាយ៉ាងនេះក្តី ឯកអគ្គរដ្ឋទូត ជច អេដហ្គា (George Edgar) បានមានប្រសាសន៍បន្ថែមថា ការអភិវឌ្ឍន៍ប្រកបដោយសមធម៌និងប្រកបដោយចីរភាពជាលទ្ធភាពតែមួយគត់ ប្រសិនបើសិទ្ធិមនុស្សនិងនីតិរដ្ឋត្រូវបានគេគោរព។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដាក់លិខិតមួយច្បាប់ចុះហត្ថលេខាដោយ៤១សហជីពដែលគាំទ្ររដ្ឋាភិបាលទៅលោក អេដហ្គា កាលពីថ្ងៃសុក្រ ដោយបញ្ចុះបញ្ចូលកុំឲ្យរឹតបន្តឹងពាណិជ្ជកម្មរបស់កម្ពុជាជាមួយសហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ឧស្សាហកម្មកាត់ដេរនិងស្បែកជើងពីប្រទេសកម្ពុជា។ ការដាក់ញត្តិនេះបានធ្វើឡើង បន្ទាប់ពីមានញត្តិមួយស្រដៀងគ្នាពីសហជីព៩ដែលដាក់កាលពីដើមសប្តាហ៍មុន។
លោក សោម អូន បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “បញ្ហានយោបាយគឺអ្នកនយោបាយពិភាក្សាជាមួយគ្នា ប៉ុន្តែសូមកុំប្រើបញ្ហាសេដ្ឋកិច្ចនិងបញ្ហាកាត់ដេរ។ នោះជាអាយុជីវិតរបស់កម្មករយើង”។
លោក រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រឈមនឹងការរិះគន់ពីគ្រប់ទិសទី ដោយសារតែសុន្ទរកថាដែលលោកបានថ្លែងនៅឯសភាអឺរ៉ុបក្នុងទីក្រុងព្រុចសែលកាលពីថ្ងៃទី១៣ខែកក្កដា ដែលក្នុងសុន្ទរកថានោះ លោកបានជំរុញឲ្យសមាជិកបង្កើនសម្ពាធលើរដ្ឋាភិបាលកម្ពុជា ដោយពិចារណាឡើងវិញលើការនាំទំនិញរួចពន្ធរបស់វិស័យកាត់ដេរចូលទីផ្សារអឺរ៉ុប។
លោក អេដហ្គា បានមានប្រសាសន៍តាមរយៈសារអីុម៉េលកាលពីថ្ងៃសុក្រថា ការចូលទីផ្សារអឺរ៉ុបជាការជំរុញដ៏សំខាន់មួយនៅពីក្រោយកំណើនសេដ្ឋកិច្ច ដែលមានប្រយោជន៍ដល់ពលរដ្ឋកម្ពុជាទាំងអស់ ដែលក្នុងនោះមានទាំងអ្នកក្រីក្របំផុតផង ហើយថា លោកនឹងពិចារណាអំពីការអំពាវនាវរបស់សហជីព។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានទទួលលិខិតពីលោក សោម អូន នៅព្រឹកនេះ ហើយនឹងពិចារណាអំពីខ្លឹមសាររបស់វា។ យើងក៏បានទទួលលិខិតពី៩សហជីពដែរ”។
លោកបានមានប្រសាសន៍ថា សហភាពអឺរ៉ុប ដែលបានទិញសម្លៀកបំពាក់និងស្បែកជើងរួចពន្ធផលិតនៅប្រទេសកម្ពុជាប្រហែល៣,៨៣ពាន់លានដុល្លារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែសព្វាវុធកាលពីឆ្នាំមុននោះ ក៏នឹងរំពឹងថារដ្ឋាភិបាលនឹងគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋដែរ។
លោកបានមានប្រសាសន៍បន្ថែមថា “ក្នុងបរិបទនេះ យើងសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងធានាឲ្យបាននូវបរិយាកាសមួយ ដែលគ្រប់ភាគីនយោបាយទាំងអស់និងសង្គមស៊ីវិលអាចអនុវត្តតួនាទីស្របច្បាប់របស់ខ្លួនដោយសេរីនិងគ្មានការភ័យខ្លាចពីការយាយីរំខានឬការបំភិតបំភ័យ”។
លោក រង្ស៊ី បានមានប្រសាសន៍ថា រដ្ឋាភិបាលបានបំភ្លៃសុន្ទរកថារបស់លោកក្នុងទីក្រុងព្រុចសែលដើម្បីកេងចំណេញនយោបាយ ពីព្រោះលោកមិនបានអំពាវនាវឲ្យបិទទីផ្សារទេ ប៉ុន្តែរឿងហ្នឹងមិនបានបញ្ឈប់កម្មករកាត់ដេរប្រហែល៥០នាក់ពីការតវ៉ានៅខាងក្រៅសភាជាតិកាលពីថ្ងៃអាទិត្យទេ។
កម្មករ ដឹម ចាន់សុវ៉ាន ដែលធ្វើការនៅរោងចក្រមួយក្នុងក្រុងភ្នំពេញ បាននិយាយថា រដ្ឋាភិបាលគួរអំពាវនាវទៅសហភាពអឺរ៉ុបកុំឲ្យបិទទីផ្សារនេះ ព្រោះខ្លាចផលប៉ះពាល់ដែលវានឹងមានលើជីវភាពរស់នៅរបស់កម្មករនិងគ្រួសាររបស់ពួកគេ។
កម្មករទាំងនោះបានហែហមដោយ ស្រី ចំរើន អ្នករំខានផ្នែកនយោបាយ ដែលបានចំណាយពេលជាច្រើននៃរយៈពេល៦ខែដើមឆ្នាំនេះ ដោយរៀបចំការតវ៉ាប្រឆាំងរឿងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង។
លោក ចំរើន ដែលបានបដិសេធថាមិនមានការពាក់ព័ន្ធនយោបាយផ្លូវការណាមួយនោះ បាននិយាយថា លោកមិនបានដឹកនាំការតវ៉ារបស់កម្មករទេ ប៉ុន្តែគ្រាន់តែ “បានសហការ” ជាមួយពួកគេប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោកបានលើកឡើងថានឹងតវ៉ានាពេលអនាគតប្រឆាំងគណបក្សសង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុបពិតជារឹតបន្តឹងទីផ្សាររបស់ខ្លួនមែននោះ។
លោក ចំរើន បាននិយាយថា “ប្រសិនបើសហភាពអឺរ៉ុបទទួលយកសំណើរបស់ឯកឧត្តម សម រង្ស៊ី នៅពេលនោះកម្មករព្រមទាំងតំណាងសហជីពផងនឹងងើបឡើងប្រឆាំង និងធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិ”៕និត