នគរបាលបាននិយាយកាលពីម្សិលមិញថា ប្តីប្រពន្ធដែលជាម្ចាស់ហាងម៉ាស្សាមួយកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនអំឡុងការឆ្មក់ចូលកាលពីយប់ថ្ងៃច័ន្ទតាមការអះអាងថា បានបើកកន្លែងនេះជាផ្ទះបន។
យោងតាមលោក ផន អូន នាយប៉ុស្តិ៍សង្កាត់ទំនប់ទឹកក្នុងខណ្ឌចំការមនបានឱ្យដឹងថា ប្តីប្រពន្ធនេះត្រូវបានចាប់ខ្លួនបន្ទាប់ពីនគរបាលបានរកឃើញស្ត្រី៨នាក់នៅក្នុងហាងម៉ាស្សាសំណាងល្អនេះ និងស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើនៅជុំវិញកន្លែងនោះ។

លោក ផន អូន បានមានប្រសាសន៍ថាម្ចាស់ហាងទាំងពីរនាក់ដែលលោកបដិសេធមិនប្រាប់ឈ្មោះ ត្រូវបាននគរបាលប្រឆាំងការជួញដូរមនុស្សរាជធានីឃាត់ខ្លួនមួយយប់ហើយត្រូវបានសាកសួរកាលពីម្សិលមិញចំណែកស្ត្រីដែលបម្រើការនៅហាងម៉ាស្សានោះក៏ត្រូវបានឃាត់ខ្លួនរយៈពេលខ្លីដែរមុនពេលបញ្ជូនទៅមន្ទីរសង្គមកិច្ចរាជធានី។
លោក ផន អូន បានថ្លែងថា “មនុស្ស១០នាក់ត្រូវបានឃាត់ខ្លួន។បុរសម្នាក់និងស្ត្រីម្នាក់ជាប្តីប្រពន្ធ ពួកគេក៏ជាម្ចាស់ហាងផងដែរ ចំណែកស្ត្រី៨នាក់គឺជាជនរងគ្រោះ”។
លោកបានលើកឡើងថា ស្ត្រីដែលបានបម្រើការនៅក្នុងហាងម៉ាស្សានេះសុទ្ធតែអាយុខ្ទង់២០ឆ្នាំ ប៉ុន្តែ លោកបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីករណីនេះទេ។
លោក សន សុផល ប្រធានមន្ទីរសង្គមកិច្ចបានមានប្រសាសន៍ថា ស្ត្រីទាំង៨នាក់នេះត្រូវបានបញ្ជូនទៅមណ្ឌលដែលគ្រប់គ្រងដោយអង្គការ Agape International Missionsនិងបណ្តាញស្ត្រីសម្រាប់សាមគ្គីភាព (Women’s Network for Unity)។
លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីដែលបានចុះទៅ ជាមួយនគរបាលអំឡុងការឆ្មក់ចូលនោះបានមានប្រសាសន៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយសារនគរបាលសង្ស័យថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដែលបម្រើការនៅទីនោះមិនទាន់គ្រប់អាយុ។ ប៉ុន្តែ លោកបានថ្លែងថា វានៅតែមិនទាន់ច្បាស់ថា តើវាអ៊ីចឹងមែនឬយ៉ាងណា។
ព្រះរាជអាជ្ញារូបនេះបានបន្ថែមថា ក្រុមសើុបអង្កេតបានរកឃើញភ័ស្តុតាងជាស្រោម អនាម័យប្រើរួចនៅក្នុងធុងសំរាម និងថង់ប្លាស្ទិកនៅក្នុងកន្លែងនោះ ព្រមទាំងប្រអប់ស្រោមអនាម័យមិនទាន់ប្រើផងដែរ។
រដ្ឋាភិបាលបានចេញបទប្បញ្ញត្តិហាមមិនឲ្យនគរបាលប្រើប្រាស់ស្រោមអនាម័យធ្វើជាភ័ស្តុតាងនៃអំពើពេស្យាចារឡើយ ដោយ បារម្ភថា ការធ្វើបែបនេះនឹងធ្វើឲ្យបាក់ទឹកចិត្តដល់ការប្រើប្រាស់របស់ពួកគេ ប៉ុន្តែ មន្ត្រីនគរបាលនៅតែធ្វើអ៊ីចឹងដដែល។
លោក ហួន ដា ដែលជាម្ចាស់ហាងកាត់ដេរនៅទល់មុខហាងម៉ាស្សានេះបាននិយាយថា មន្ត្រីស្លៀកពាក់ឯកសណ្ឋានប្រហែល១០នាក់បានមកដល់តាមរថយន្តនគរបាលពីរគ្រឿង ហើយចំណាយពេល៣ម៉ោងនៅក្នុងកន្លែងនោះមុនពេលដឹកម្ចាស់ហាង និងស្ត្រីទាំងនេះចេញ ។
លោក ហួន ដា បានថ្លែងថា លោកបានឃើញប្រុសៗចេញចូលកន្លែងនេះនៅពេលថ្ងៃ និងក្បាលព្រលប់ចាប់តាំងពីកន្លែងនេះបើក៣ឆ្នាំមកហើយ ប៉ុន្តែ មិនចាប់អារម្មណ៍ថាជាផ្ទះបនឡើយ។
លោកបាននិយាយថា ស្ត្រីដែលបម្រើការនៅទីនោះចេញចូលដោយសេរី ហើយមិនបានបង្ហាញឱ្យឃើញថា ត្រូវគេឃុំនៅទីនោះទេ។
លោកបានបន្ថែមថា “ប្តីប្រពន្ធនេះរស់នៅ ក្នុងកន្លែងនោះ ប៉ុន្តែ ក្មេងស្រីទាំងនោះមិននៅទីនោះទេ ពួកគេមានកន្លែងផ្ទាល់ខ្លួនរស់នៅ ដែលពួកគេបានជួល”៕សារុន