ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់បានចូលជាធរមានដោយតម្រូវឲ្យកញ្ចប់បារីទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជាត្រូវបិទរូបភាពស្តីពីផលប៉ះពាល់សុខភាពដោយសារការជក់បារី គឺរូបភាពសួតឡើងខ្មៅ និងក្មេងមានបញ្ហាផ្លូវដង្ហើមនោះ គេឃើញមានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងរាជធានី។
គិតត្រឹមថ្ងៃសុក្រ កញ្ចប់បារីចាស់ៗទាំងអស់ត្រូវមានស្ទីកគ័រ ហើយកញ្ចប់បារីថ្មីទាំងអស់ត្រូវបោះពុម្ពដោយមានរូបភាពដ៏រន្ធត់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការជក់បារីនៅក្នុងប្រទេសកម្ពុជាដែលពលរដ្ឋប្រមាណ១០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺពាក់ព័ន្ធនឹងថ្នាំជក់។
ក្រុមហ៊ុនថ្នាំជក់ដែលបញ្ចេញលក់ផលិតផលសម្រេចរបស់ខ្លួនរួចហើយត្រូវបានតម្រូវឲ្យផ្តល់ស្ទីកគ័រមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពដែលអាចបិទជាប់នឹងកញ្ចប់បារីបាន នេះបើយោងតាមលោកស្រី ឈៀ ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៅ ក្រសួងសុខាភិបាល។
លោកស្រីបានមានប្រសាសន៍ថា “ប៉ុន្តែកញ្ចប់បារីថ្មី ដាច់ខាតត្រូវតែមានរូបភាពព្រមានពីផលប៉ះពាល់សុខភាព។ ពួកគេត្រូវតែធ្វើការផ្លាស់ប្តូរ”។
ក្រុមហ៊ុនថ្នាំជក់ប្រឈមការផាកពិន័យ៤លានរៀលបើមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវឲ្យកញ្ចប់បារីជាង៥០ភាគរយត្រូវមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពរីឯអ្នកលក់វិញអាចត្រូវផាកពិន័យ១០.០០០រៀលក្នុងមួយករណី។ លក្ខខណ្ឌតម្រូវនេះត្រូវបានដាក់បញ្ចូលក្នុងអនុក្រឹត្យចុះកាលបរិច្ឆេទកាលពីខែតុលាឆ្នាំ២០១៥ ដែលទុកពេល៩ខែឲ្យក្រុមហ៊ុននីមួយៗរៀបចំកញ្ចប់បារីថ្មីរបស់ខ្លួន។
លោកស្រី ឈៀ ឆដាភា បានលើកឡើងកាលពីម្សិលមិញថា មន្ត្រីរដ្ឋាភិបាលបានចាប់ផ្តើមចុះត្រួតពិនិត្យកញ្ចប់បារីរួចហើយ ហើយមានមួយក្រុមបានចុះបំពេញការងារទូទាំងរាជធានីដើម្បីរកអ្នកមិនគោរពតាមលក្ខខណ្ឌតម្រូវ តាមផ្សារធំៗ និងតាមកន្លែងលក់រាយនានា។
ការសិក្សាស្ទាបស្ទង់មិនផ្លូវការមួយបានរកឃើញថា អ្នកលក់បារីជាច្រើននៅក្នុងរាជធានីភ្នំពេញនៅមិនទាន់ទទួលបានកញ្ចប់បារីថ្មី ឬស្ទីកគ័រដែលសម្រាប់បិទលើកកញ្ចប់បារីចាស់នៅឡើយទេ។ អ្នកស្រី អាង សុខហ៊ាង អាយុ៥៤ឆ្នាំដែលជាម្ចាស់ហាងលក់ទំនិញឡាយ សុខហ៊ាង នៅក្នុងខណ្ឌ៧មករា បាននិយាយកាលពីថ្ងៃច័ន្ទថា “មានតែក្រុមហ៊ុនបារីតែមួយទេដែលប្រាប់ខ្ញុំថា ពួកគេនឹងផ្តល់ស្ទីកគ័រដែលមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពដើម្បីបិទលើកញ្ចប់បារីចាស់ប៉ុន្តែខ្ញុំនៅមិនទាន់ទទួលបាននៅឡើយទេ”។
អ្នកស្រីបានបន្ថែមថា “ខ្ញុំមិនទាន់ឃើញកញ្ចប់បារីដែលមានរូបភាពរន្ធត់នៅឡើយទេនៅក្នុងរាជធានីភ្នំពេញ សូម្បីតែមួយកញ្ចប់”។
បុគ្គលិក និងអ្នកគ្រប់គ្រងនៅតាមហាងមានទីតាំងត្រង់កាច់ជ្រុង ហាងលក់ទំនិញផ្សេងៗ និងហាងលក់គ្រឿងទេសជាច្រើនបានលើកឡើងថា មានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះបានមកដល់។
ក្នុងចំណោមបារីរាប់រយកញ្ចប់ដែលលក់នៅហាងតាមចិញ្ចើមផ្លូវរបស់អ្នកស្រី សោ ហឹម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានតែកញ្ចប់បារីម៉ាក Mevius មួយចំនួនតូចប៉ុណ្ណោះដែលមានបោះពុម្ពរូបភាពស្តីពីសួតខូច។ អ្នកស្រី សោ ហឹម អាយុ៥៥ឆ្នាំបានលើកឡើងថា កញ្ចប់បារីថ្មីទាំងនេះទើបតែមកដល់ប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។
អ្នកស្រីបាននិយាយលាយឡំនឹងការសើចលេងខ្លះៗថា “ពេលខ្ញុំឲ្យកញ្ចប់បារីទាំងនេះទៅអ្នកទិញពួកគាត់ប្រាប់ថា យកអាចាស់ដែលអត់មានរូបភាព”។
អ្នកស្រីបានលើកឡើងទៀតថា កញ្ចប់បារីថ្មីទាំងនេះអាចធ្វើឲ្យតម្រូវការធ្លាក់ចុះ។ “ប្រសិនបើអ្នកជក់លែងទិញបារី ខ្ញុំក៏ឈប់លក់ដែរ”។
អ្នកស្រី ឈៀ ឆដាភា បានលើកឡើងទៀតថា វាពិតជាត្រឹមត្រូវហើយ។ អ្នកស្រីបានមានប្រសាសន៍ថា”ភ័ស្តុតាងបង្ហាញថា វាមានប្រសិទ្ធភាពក្នុងការទប់ស្កាត់កុំឲ្យប្រជាពលរដ្ឋចាប់ផ្តើមជក់បារី ហើយលើកទឹកចិត្តឲ្យអ្នកជក់បារីឈប់ជក់ និងឈប់រហូត”។
លោកស្រី ថាន យិនលៀន (Tan Yen Lian) អ្នកគ្រប់គ្រងផ្នែកព័ត៌មាននៅសម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍ (Southeast Asia Tobacco Control Alliance) បានលើកឡើងថា ក្រុមហ៊ុនថ្នាំជក់មានរយៈពេល៩ខែដើម្បីរៀបចំកញ្ចប់បារីថ្មីរបស់ខ្លួន ហើយគួរតែបានអនុវត្តរួចរាល់។
លោកស្រីបានលើកឡើងតាមរយៈអីុម៉េលមួយថា “ពេលវេលានេះវាលើសពីគ្រប់គ្រាន់សម្រាប់បិទរូបភាពព្រមានពីផលប៉ះពាល់សុខភាពលើកញ្ចប់បារីទាំងអស់។ វិធានការនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជក់មានចំណេះដឹងទាបដែលនឹងអាចទទួលបានព័ត៌មានស្តីពីផលប៉ះពាល់សុខភាពប្រកបដោយប្រសិទ្ធភាព”។
លោកស្រីបានបន្ថែមថា “រូបភាពព្រមានក៏មានប្រសិទ្ធភាពនៅក្នុងការទប់ស្កាត់បង្អាក់ទឹកចិត្តកុំឲ្យក្មេងៗជក់បារីផងដែរ”។
កម្ពុជាគឺជាប្រទេសអាស៊ានទី៨ដែលបានបង្កើតច្បាប់តម្រូវឲ្យដាក់រូបភាពព្រមានពីផលប៉ះពាល់សុខភាពលើកញ្ចប់បារី នេះបើយោងតាម លោកស្រី ម៉ារី អាស៊ុនតា (Mary Assunta) ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់របស់សម្ព័ន្ធគ្រប់គ្រងថ្នាំជក់អាស៊ីអាគ្នេយ៍។ ប្រទេសភូមា និងឡាវជាប្រទេសចុងក្រោយដែលនឹងអនុវត្តវិធានការនេះ ដោយភូមានៅខែកញ្ញា និងឡាវនៅខែតុលា។
ដោយអង្គុយជាជួរនៅសួនវិមានឯករាជ្យបុរសបីនាក់កំពុងបឺតបង្ហុយបារីកាលពីរសៀល ថ្ងៃច័ន្ទ។ លី វណ្ណៈ អាយុ៤៤ឆ្នាំដែលធ្វើការងារជាអ្នកយាមសួនបាននិយាយថា គាត់ជក់បារីតាំងពីអាយុ១៥ឆ្នាំមកម្លេ៉ះ ហើយថា រូបភាពនេះទំនងជាមិនអាចធ្វើឲ្យគាត់បោះបង់ចោលទម្លាប់នេះបានឡើយ។
លោក លី វណ្ណៈ បានលើកឡើងបន្ថែមទៀតថា “ពេលខ្ញុំឃើញរូបភាពទាំងនោះ ខ្ញុំខ្លាចណាស់ ប៉ុន្តែខ្ញុំនៅតែជក់ដដែល ព្រោះខ្ញុំញៀនហើយ”៕ ស៊ុយឈាង