31 C
Phnom Penh

បងស្រី​របស់អ្នក​រៀប​គម្រោង​ធ្វើ​រដ្ឋប្រហារ​​ភ័យ​ខ្លាច​ចំពោះអាជ្ញាធរ​​​​ដែល​​​​ចុះទៅ​​​ផ្ទះ​​​​របស់គាត់​​​រាល់​​​ថ្ងៃ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាច់ញាតិអាណិកជនខ្មែរម្នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតចំពោះការគំរាមធ្វើរដ្ឋប្រហារប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះត្រូវបាននគរបាលខេត្តព្រះវិហារ ចុះមកមើលរាល់ថ្ងៃ ហើយភ័យខ្លាចអំពីសុវត្ថិភាពរបស់ខ្លួន នេះបើតាមការលើកឡើងរបស់បងស្រីបុរសរូបនេះកាលពីម្សិលមិញ។

Screen-Shot-2016-07-21-at-10.58.33-AMកាលពីថ្ងៃទី១៧ ខែកក្កដា លោក សោម សុវណ្ណារ៉ា អាយុ២៥ឆ្នាំ ជាអតីតទាហានម្នាក់រស់នៅក្នុងប្រទេសកាណាដា បានបង្ហោះវីដេអូឃ្លីបចូលទៅក្នុងយូធូប ដោយប្រាប់ដល់ក្រសួងរដ្ឋាភិបាល និងយោធាឱ្យត្រៀមខ្លួន “រំដោះប្រទេសជាតិពីរបបផ្ដាច់ការរបស់ ហ៊ុន សែន” ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកបាននិយាយថា លោកចង់មានន័យថា ជំរុញឱ្យមានការបះបោរដោយសន្តិវិធីតែប៉ុណ្ណោះ។ ទោះយ៉ាងណា ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃរួមជាមួយសាលាដំបូងរាជធានីភ្នំពេញកំពុងស៊ើបអង្កេតអំពីការគំរាមកំហែងនេះ។

កាលពីម្សិលមិញ អ្នកស្រី សោម សុមន្ថា អាយុ៤៧ឆ្នាំ ត្រូវជាបងស្រីរបស់បុរសរូបនេះបាននិយាយថា នគរបាលនិងភ្នាក់ងារផ្សេងៗទៀតបានតាមដានក្រុមគ្រួសាររបស់អ្នកស្រីនៅក្នុងស្រុកសង្គមថ្មី ចាប់តាំងពីការស៊ើបអង្កេតបានចាប់ផ្ដើមមក។

អ្នកស្រី សុមន្ថា បាននិយាយថា កាលពីសប្ដាហ៍មុន “អាជ្ញាធរមួយចំនួនបានសួរខ្ញុំថា ‘តើអ្នកដឹងថា ប្អូនប្រុសរបស់អ្នកបានបង្ហោះអ្វីនៅក្នុងហ្វេសប៊ុកប្រឆាំងនឹងរដ្ឋាភិបាលទេ?’ ប៉ុន្តែខ្ញុំបានឆ្លើយថា ខ្ញុំមិនដឹងពីបញ្ហានេះទេ”។

អ្នកស្រីបានបន្ថែមថា “ពួកគេបានគំរាមខ្ញុំ ដោយប្រាប់ខ្ញុំកុំឱ្យនិយាយអ្វីដែលប៉ះពាល់ដល់រដ្ឋាភិបាល ហើយត្រូវប្រយ័ត្ន។ ឥឡូវនេះខ្ញុំបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំ ពីព្រោះភ្នាក់ងារទាំងនោះបានមកតាមដានយើងរាល់ថ្ងៃចាប់តាំងពីរឿងនេះបានកើតឡើងមក។ ក្រុមគ្រួសាររបស់ខ្ញុំបារម្ភថា ពួកគេនឹងធ្វើបាបយើង”។

លោក រស់ ហេង អភិបាលស្រុកបានមានប្រសាសន៍ថា លោកមិនដឹងពីការអះអាងរបស់អ្នកស្រី សុមន្ថា ទេ ហើយថា អ្នកស្រីគួរប្រាប់អត្តសញ្ញាណអ្នកដែលបានគំរាមអ្នកស្រី។

លោកបានមានប្រសាសន៍ថា ”ខ្ញុំមិនបានចុះទៅទីនោះទេ។ ខ្ញុំចង់បានឈ្មោះមន្ត្រីដែលបានចុះទៅទីនោះ។នរណាខ្លះបានចុះទៅទីនោះ? ប្រសិនបើអ្នកស្រីនិយាយថា អាជ្ញាធរបានចុះទៅទីនោះមែន អ្នកស្រីគួរតែដឹងថា នរណាបានគំរាមក្រុមគ្រួសារអ្នកស្រីហើយ”។

លោក សីុ គិរី ស្នងការនគរបាលខេត្ត និងលោក ជួន មឿន អធិការនគរបាលស្រុកបានមានប្រសាសន៍ថា លោកទាំងពីរមិនបានដឹងអំពីករណីនេះទេ។ លោក ឌូ ឌុល នាយប៉ុស្តិ៍ឃុំរអាង កន្លែងដែលផ្ទះរបស់ក្រុមគ្រួសារអ្នកស្រី សុមន្ថា ស្ថិតនៅនោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

លោក សោម សុវណ្ណារ៉ា សមាជិករណសិរ្សរំដោះជាតិខ្មែរ ដែលប្រកាសថា ជាក្រុមសន្តិវិធី ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ជាអង្គការភេរវកម្មនោះបាននិយាយពីប្រទេសកាណាដាមកថា លោកបារម្ភអំពីក្រុមគ្រួសាររបស់លោក ប៉ុន្តែលោកនឹងមិនត្រឡប់មកប្រទេសកម្ពុជាទេ។

លោកបាននិយាយកាលពីម្សិលមិញថា “ខ្ញុំចាត់ទុកក្រុមគ្រួសារ និងប្រទេសជាតិរបស់ខ្ញុំជាអាទិភាពទី១  ព្រោះខ្ញុំស្រឡាញ់ពួកគេស្មើគ្នា។ ខ្ញុំរីករាយនឹងឡើងតុលាការ បើតុលាការរបស់យើងឯករាជ្យ ប៉ុន្តែខ្ញុំគិតថា តុលាការរបស់ប្រទេសយើងមិនយុត្តិធម៌ទេ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស