មន្ត្រីក្រសួងម្នាក់បាននិយាយថា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រមូលមន្ត្រីពីបណ្តាខេត្តតាមព្រំដែនថៃមកជួបជុំគ្នា ហើយបានស្នើឲ្យគេបិទច្រករបៀងខុសច្បាប់ដែលកំពុងតែសម្រួលឲ្យមានចំណាកស្រុកខុសច្បាប់។
យោងតាមអ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានប្រសាសន៍ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោក ខេង បានប្រាប់អភិបាលខេត្តទាំងប្រាំពីរតាមព្រំដែនរួមទាំងមន្ត្រីនគរបាលជាន់ខ្ពស់ថា”ច្រករបៀងក្រៅផ្លូវការមិនគួរឲ្យមានទេ”។
អ្នកស្រី ប៊ុនអេង បាននិយាយថា កិច្ចប្រជុំគឺជាការពិគ្រោះយោបល់ដំបូងអំពីលំហូរពលករខុសច្បាប់ទៅប្រទេសថៃ។អ្នកស្រីបាននិយាយថា ភាគីទាំងសងខាងព្រំដែនបានបើកច្រករបៀងខុសច្បាប់ រួមទាំងច្រកឆ្លងកាត់ដ៏គ្រោះថ្នាក់ដែលកាត់តាមចម្ការមីនជាដើម។
ប៉ុន្តែទោះបីជាលោក ស ខេង ស្នើឲ្យបិទក៏ដោយ ក៏មានមួយចំនួនដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារ បានបដិសេធថាមិនមានចំណាកស្រុកខុសច្បាប់កើតឡើងក្រោមដែនសមត្ថកិច្ចគេទេ។ លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយជ័យក៏ស្ថិតក្នុងចំណោមមន្ត្រីទាំងនោះដែរ។
ឧត្តមសេនីយ៍ទោ ខែម បាននិយាយមុនពេលដាក់ទូរស័ព្ទចុះជាមួយអ្នកយកព័ត៌មានថា”ពុំមានច្រករបៀងខុសច្បាប់ទេ ព្រោះបិទពីរឆ្នាំកន្លងមកហើយ”តាមសំណើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក ស ថាវី អភិបាលខេត្តឧត្តមានជ័យដែលបានចូលរួមក្នុងកិច្ចប្រជុំបាននិយាយថា ខេត្ត របស់លោកក៏មិនមានច្រកឆ្លងដែនខុសច្បាប់ដែរ។
លោក ថាវី បាននិយាយដោយមិនរៀបរាប់ពិស្តារថា “ខ្ញុំមិនមានច្រករបៀងខុសច្បាប់ទេ”។
លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីសហគមន៍អង្គការអាដហុកបាននិយាយថា រដ្ឋាភិបាលបញ្ជាឱ្យបិទច្រករបៀងខុសច្បាប់មិនគ្រប់គ្រាន់ទេ។ លោក ប៊ុណ្ណារ៍ បាននិយាយថា មន្រ្តីនគរ បាលព្រំដែនត្រូវគេដឹងថាជាប់ពាក់ព័ន្ធនឹងការបើកច្រករបៀង ហើយគួរតែមានទោស។
លោក បុណ្ណារ៍ បាននិយាយថា”ខ្ញុំមិនគិតថា វិធានការនេះមានប្រសិទ្ធភាពទេ គឺគ្រាន់តែស្នើឲ្យគេបិទច្រកនោះ ព្រោះបទល្មើសពិតប្រាកដប្រព្រឹត្តដោយមន្រ្តីដែលឈរជើងនៅទីនោះដោយយកសំណូកពីពលករដើម្បីឲ្យគេឆ្លងកាត់”៕ មាំ វិបុល