27.5 C
Phnom Penh

ម្ចាស់បារសៀមរាបជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិត៥០ឆ្នាំមកហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

“មនុស្សដែលអាចជាប់ពាក់ព័ន្ធ” ម្នាក់ក្នុងការចាប់ពង្រត់បងប្អូនបង្កើតអូស្ត្រាលីបីនាក់៥០ឆ្នាំកន្លងមកហើយ ហើយក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មផ្លូវភេទលើអនីតិជនទាំងនៅប្រទេសអូស្ត្រាលីនិងប្រទេសកម្ពុជានោះ ត្រូវបានកំណត់អត្តសញ្ញាណដោយអង្គការការពារកុមារថាឈ្មោះ អានថូនី ម៉ុនរ៉ូ (Anthony Munro) អាយុ៧១ឆ្នាំ អតីតម្ចាស់បារខ្ទើយក្រុងសៀមរាប។

យោងតាមអង្គការសកម្មភាពដើម្បីកុមារ (APLE) ជាអង្គការមិនមែនរដ្ឋាភិបាលប្រឆាំងជនរួមភេទជាមួយកុមារ និងម្ចាស់ហាងជាច្រើននៅសៀមរាប លោក ម៉ុនរ៉ូ បានបើកបារលក់ស្រានៅទីក្រុងនេះ ដែលល្បីល្បាញដោយ សារតែការពេញនិយម និងជម្រើសស្រានាំចូលច្រើនមុខ មុនពេលមានការចាប់ខ្លួនគាត់នៅប្រទេសអូស្ត្រាលី កាលពីខែមុន។

យោងតាមព័ត៌មានអូស្ត្រាលី តាំងពីពេលនោះមក គាត់ត្រូវបានចោទប្រកាន់ពីបទរួមភេទនឹងប្រុសគ្នាឯងបីករណី ការរួមភេទខុសច្បាប់ពីរករណី និងការយាយីផ្លូវភេទប្រាំពីរករណីសម្រាប់ទោសដែលប្រព្រឹត្តលើអនីតិជន នៅប្រទេសអូស្ត្រាលីយូរមកហើយតាំងពីឆ្នាំ១៩៦២មក។

លោក ខឹម វ៉ាន់ដូ នាយករងប្រតិបត្តិអង្គការសកម្មភាពដើម្បីកុមារបានមានប្រសាសន៍ថា គាត់ក៏ស្ថិតនៅក្រោម ការស៊ើបអង្កេតក្នុងប្រទេសកម្ពុជាពីបទល្មើសជាច្រើនស្រដៀងគ្នានេះដែរ។

លោក វ៉ាន់ដូ បានមានប្រសាសន៍ថា “ម៉ុនរ៉ូ ជាមុខសញ្ញានៃការស៊ើបអង្កេតរបស់អង្គការ APLE” និងនគរបាល ជាតិ ហើយស្ថិតនៅក្រោមការឃ្លាំមើលក្នុងខេត្តសៀមរាបចាប់តាំងពីឆ្នាំ២០១៤មក។

លោកបានមានប្រសាសន៍បន្ថែមថា “ប៉ុន្តែមិនមានភ័ស្តុតាងពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រប់គ្រាន់ដែលនគរបាល អាចចាត់ការបានទេ”។

លោក វ៉ាន់ដូ បាននិយាយថា APLE មិនបានដឹងថាលោក ម៉ុនរ៉ូ រស់នៅក្នុងក្រុងសៀមរាបប៉ុន្មានឆ្នាំហើយនោះទេ ប៉ុន្តែថា “ជនរងគ្រោះដែលអាចមានពីរទៅបីក្រុម” នៅកម្ពុជា ត្រូវបានគេរកឃើញ។

ដោយមិននិយាយឈ្មោះលោក ម៉ុនរ៉ូ លោក សំលៀង សិលា នាយកប្រចាំប្រទេសអង្គការសកម្មភាពដើម្បីកុមារ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា គាត់ជាមនុស្សដដែលដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់នៅប្រទេស អូស្ត្រាលី និងត្រូវគេហៅថាជា “មនុស្សដែលអាចជាប់ពាក់ព័ន្ធ” ក្នុងការចាប់ពង្រត់ក្មេងៗនៅបូម៉ុន គឺ ហ្គ្រែន អាយុ៤ឆ្នាំ អានណា អាយុ៧ឆ្នាំ និង ជេន អាយុ៩ឆ្នាំ ពីឆ្នេរមួយកន្លែងនៅក្រុងអាដឺឡែដកាលពីឆ្នាំ១៩៦៦។ ករណីនេះនៅមិនទាន់ដោះស្រាយទេ ក្មេងៗនៅមិនទាន់រកឃើញ ហើយការជាប់ពាក់ព័ន្ធដ៏សង្ស័យរបស់លោក ម៉ុនរ៉ូ ក៏នៅមិនទាន់ច្បាស់ដែរ។

និយាយពីសៀមរាបកាលពីថ្ងៃអង្គារ អ្នកគ្រប់គ្រងបារ ដែលប្រាប់តែឈ្មោះ វ៉ូ ប៉ុណ្ណោះ បាននិយាយថា លោកមិនបាន “ដឹងអំពីប្រវត្តិរបស់លោក តូនី ម៉ុនរ៉ូ” ទេ ប៉ុន្តែថា លោកបានធ្វើការក្រោមលោក ម៉ុនរ៉ូ រយៈពេល “ប្រហែលពីរខែ” មុនកន្លែងនេះដូរម្ចាស់។ អ្នកគ្រប់គ្រងរូបនេះបានបង្វែរសំណួរទៅម្ចាស់បច្ចុប្បន្ន ជាបុរសមានឈ្មោះ គា ដែលមិនអាចទាក់ទងបានទេ។

ម្ចាស់បារផ្សេងទៀតក្នុងទីក្រុងនេះបាននិយាយថា លោក ម៉ុនរ៉ូ បានបើកបារ  ជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនបាន ឃើញរយៈពេលមួយខែនេះ។

ក្នុងការសម្ភាសមួយជាមួយកាសែតភ្នំពេញប៉ុស្តិ៍ ដែលចេញផ្សាយនៅខែកក្កដាឆ្នាំ២០១១ លោក ម៉ុនរ៉ូ បាន និយាយថា ថ្មីៗនេះគាត់បង្ហាញខ្លួនជាមនុស្សខ្ទើយ និងបានបើកកន្លែងសប្បាយសម្រាប់មនុស្សខ្ទើយ លើកដំបូងនៅទីនេះ។

គេបានដកស្រង់សម្តីលោកដែលនិយាយថា “ទើបតែពីរឆ្នាំកន្លងទៅនេះ ខ្ញុំជាមនុស្សប្រតិព័ទ្ធមនុស្សភេទដូចគ្នា ដែលលាក់មុខ ដូច្នេះខ្ញុំគិតថា ‘អូ មែនហើយ នេះជាវិធីមួយនៃការមានកន្លែងមួយសម្រាប់មនុស្សដូចជារូបខ្ញុំ’ ”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស