កាសែតជុងអាង ដេលី (JoongAng Daily) របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីម្សិលមិញថា ភ្នាក់ងារសម្ងាត់កូរ៉េខាងជើងត្រូវបានបញ្ជូនមកប្រទេសកម្ពុជាជាមួយនឹងការណែនាំឱ្យធ្វើការវាយប្រហារភេរវកម្មលើក្រុមផ្ដាច់ខ្លួនភាគខាងជើង និងជនជាតិកូរ៉េខាងត្បូងដែលមកទេសចរ និងរស់នៅទីនោះ។
ដោយលើកឡើងពីមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណនោះ កាសែតរដ្ឋនេះបានរាយការណ៍ថា ភ្នាក់ងារសម្ងាត់នេះកំពុងធ្វើការដោយផ្ទាល់ក្រោមមេដឹកនាំ គីម ជុងអ៊ុន (Kim Jong-un) ដែលក៏បានបញ្ជូនភ្នាក់ងារទៅប្រទេសចិន និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតរួមមាន ប្រទេសឡាវ ដែលបានរក្សាទំនាក់ទំនងការទូតជាមួយរដ្ឋធានីព្យុងយ៉ាង។
កាសែតនេះបានរាយការណ៍ថា ការវាយប្រហារដែលនឹងផ្ដោតគោលដៅលើក្រុមផ្ដាច់ខ្លួនពីរបបភាគខាងជើងឯកោ ព្រមទាំងជនជាតិកូរ៉េខាងត្បូងនោះ បណ្ដាលឱ្យមានការផ្ដាច់ខ្លួនបុគ្គលិកជនជាតិកូរ៉េខាងជើង១៣នាក់នៅភោជនីយដ្ឋានមួយដែលគ្រប់គ្រងដោយរដ្ឋនៅចិនតាមរយៈប្រទេសអាស៊ី អាគ្នេយ៍ ដែលមិនត្រូវបានបង្ហាញអត្តសញ្ញាណ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ថា លោក “មិនមានពេល” ធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ។ គេមិនអាចទាក់ទងនគរបាលជាតិ និងនគរបាលក្នុងមូលដ្ឋានដើម្បីសុំអត្ថាធិប្បាយបានទេ។
ប៉ុន្តែលោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានមានប្រសាសន៍កាលពីម្សិលមិញថា សាលារាជធានីមិនបានទទួលសំណើផ្លូវការពីប្រទេសកូរ៉េខាងត្បូង ដែលឆ្លើយតបទៅនឹងរបាយការណ៍នេះទេ។
លោកបានថ្លែងថា “ប្រសិនបើមានសំណើផ្លូវការមកយើងពីស្ថានទូតកូរ៉េខាងត្បូងតាមរយៈក្រសួងការបរទេស យើងនឹងចាត់វិធានការដើម្បីពង្រឹងសន្តិសុខ”។
កាសែតជុងអាង ដេលី បានរាយការណ៍ថា ការវាយប្រហារដែលបានអះអាងនោះនឹងផ្ដោតលើអង្គការសាសនា និងពលរដ្ឋដែលបានផ្ដល់ជំនួយដល់ក្រុមផ្ដាច់ខ្លួន ព្រមទាំងទេសចរកូរ៉េខាងត្បូង និងប្រជាជនក្នុងតំបន់។
យោងតាមស្ថិតិពីក្រសួងទេសចរណ៍បានឱ្យដឹងថា ជនជាតិកូរ៉េខាងត្បូងជិត៤០០.០០០នាក់បានមកទេសចរនៅប្រទេសកម្ពុជាកាលពីឆ្នាំមុន។ គេហទំព័រស្ថានទូតកូរ៉េខាងត្បូងលើកឡើងថា មានជនជាតិកូរ៉េប្រហែល៥.០០០នាក់រស់នៅទីនេះ។ ពួកគេភាគច្រើនរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ កម្ពុជា និងឡាវមានទំនាក់ទំនងជិតស្និទ្ធជាមួយកូរ៉េខាងជើង។ ទំនាក់ទំនងរបស់កម្ពុជាជាមួយកូរ៉េខាងជើងមានចាប់តាំងពីភាពជាមិត្តរវាងព្រះអង្គម្ចាស់ នរោត្តម សីហនុ នៅពេលនោះ និងលោក គីម អុីលស៊ុង អតីតមេដឹកនាំកូរ៉េខាងជើងក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ខណៈដែលប្រទេសទាំងពីរជាសមាជិកនៃចលនាមិនចូលបក្ខសម្ព័ន្ធក្នុងសង្គ្រាមត្រជាក់។
ព្រះអង្គម្ចាស់មិនដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលកូរ៉េខាងត្បូងឡើយ រហូតដល់ព្រះអង្គត្រូវបានបណ្ដេញចេញពីអំណាចក្នុងឆ្នាំ១៩៧០។ កូរ៉េខាងជើងបានងាកមកគាំទ្រចលនាតស៊ូដំបូងរបស់ព្រះអង្គតតាំងនឹងខ្មែរក្រហម និងរដ្ឋាភិបាលលើកបន្តុបដោយវៀតណាមដែលដឹកនាំប្រទេសបន្ត។ កូរ៉េខាងជើងបានសាងសង់រាជវាំងថ្វាយព្រះមហាក្សត្រនិរទេសព្រះកាយអង្គនេះនៅក្រៅទីក្រុងព្យុងយ៉ាង ហើយបានប្រទានអង្គរក្សការពារព្រះអង្គទៀតផង។
បុគ្គលិកម្នាក់ដែលបានលើកទូរស័ព្ទនៅភោជនីយដ្ឋានព្យុងយ៉ាងស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ បាននិយាយកាលពីម្សិលមិញថា ជនជាតិកូរ៉េខាងត្បូងមានសុវត្ថិភាព ហើយស្វាគមន៍នៅភោជនីយដ្ឋានដែលគ្រប់គ្រងដោយរដ្ឋាភិបាលកូរ៉េខាងជើងនេះ។
ស្ត្រីរូបនេះបាននិយាយថា ភ្ញៀវជាជនជាតិកូរ៉េខាងត្បូង “មិនមានបញ្ហា” ទេក្នុងការមកទទួលទានអាហារនៅភោជនីយដ្ឋាននេះ៕ សារុន