26 C
Phnom Penh

ក្រសួង​​​ការពារ​​​ជាតិ​​​លើក​​​ឡើង​​​ថា ការ​​​ចល័តកង​​​ទ័ព​​​ទ្រង់​​​ទ្រាយ​​​ធំ​​​ធ្វើ​​​ឡើង​​​តាម​​​ទម្លាប់​​​ធម្មតា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រសួងការពារជាតិបានឲ្យដឹងថា រថយន្តយោធាជាជួរយ៉ាងវែងដែលគេឃើញធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងជើងតាមបណ្តោយផ្លូវជាតិលេខ៦កាលពីម្សិលមិញ ដោយធ្វើឲ្យមានការស្មានអ៊ីចេះអ៊ីចុះភ្លាមៗតាមបណ្តាញទំនាក់ទំនងសង្គមនោះ គឺគ្រាន់តែជាការផ្លាស់ប្តូរកងទ័ពតាមទម្លាប់ប៉ុណ្ណោះ។

ការចល័តរថយន្តយោធាទាំងនេះដែលគេថតបានជារូបភាពវីដេអូហើយចែករំលែកតៗគ្នាពេញហ្វេសប៊ុកនោះ ធ្វើឡើងបន្ទាប់ពីមានការចល័តរថក្រោះជាច្រើន គ្រឿងដែលធ្វើដំណើរឆ្ពោះមកកាន់រាជ ធានីភ្នំពេញនៅប៉ុន្មានថ្ងៃមុននិងក្រោយពិធីដង្ហែសពទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យរបស់ លោក កែម ឡី អ្នកវិភាគនយោបាយឯករាជ្យដែលត្រូវបានគេបាញ់សម្លាប់។

លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានលើកឡើងថា រថយន្តចំនួន២១គ្រឿងដែលគេឃើញនៅក្នុងវីដេអូកាលពីម្សិលមិញ គឺដឹកកងទ័ពក្នុងចំនួនយ៉ាងច្រើនដើម្បីទៅផ្លាស់វេនទាហានដែលប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់នៅន្លែងដែលពួកគេឈរជើងតាមបណ្តាខេត្តនានា។

ឧត្តមសេនីយ៍ ឈុំ សុជាតិ បានមាន ប្រសាសន៍ថា ”ការចល័តកងកម្លាំងប្រដាប់អាវុធ ជារឿងធម្មតាទេ ព្រោះយើងព្រួយបារម្ភអំពីសុខភាពរបស់ពួកគេ។ នៅរដូវវស្សា កងកម្លាំងប្រដាប់អាវុធត្រូវបានផ្លាស់ប្តូររៀងរាល់៣ខែម្តង”។

លោកបានលើកឡើងទៀតថា រថយន្តយោធាទាំងនេះធ្វើដំណើរឆ្លងកាត់ខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងខេត្តសៀមរាប ប៉ុន្តែ លោកបានបដិសេធមិនប្រាប់ឲ្យដឹងថា តើរថយន្តទាំងនេះចេញពីកន្លែងណាមក ឬទៅកន្លែងណាឡើយ។

ឧត្តមសេនីយ៍ ឈុំ សុជាតិ ក៏បានបដិសេធមិននិយាយផងដែរថា តើមានកងទ័ពចំនួនប៉ុន្មានត្រូវបានផ្លាស់ប្តូរវេន ឬក៏ថា តើហេតុអ្វីបានជារថយន្តយោធាទាំងនេះមិនត្រូវបានគេឃើញធ្វើដំណើរទៅភាគខាងត្បូង ដោយលោកលើកឡើងត្រឹមតែថា ព័ត៌មានលម្អិត គឺជា “រឿងសម្ងាត់នៃកងប្រដាប់អាវុធ”។

លោក ឡោ ចាន់លី អភិបាលស្រុកបាធាយ  ខេត្តកំពង់ចាមបានថ្លែងថា លោកបានឃើញក្បួនរថយន្តឆ្លងកាត់ដែនដីដែលលោកគ្រប់គ្រង ប៉ុន្តែថា លោកមិនដឹងអ្វីច្រើនទេអំពីរថយន្តយោធាទាំងនេះ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស