មន្ត្រីក្រសួងការបរទេសម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីម្សិលមិញពីបទទទួលសំណូកដើម្បីពន្លឿនការអនុញ្ញាតនាំចេញសម្លៀកបំពាក់ ប៉ុន្តែនឹងអនុវត្តទោសតែ១២ខែប៉ុណ្ណោះ។
លោក អ៊ា សែ អាយុ៤២ឆ្នាំ ប្រធានការិយាល័យនៅនាយកដ្ឋានមួយក្នុងក្រសួងនេះដែលគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសញូវសេឡែន និងអូស្ត្រាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីខែមីនា ជាមួយប្រាក់សំណូក ១.០០០ដុល្លារក្នុងដៃខណៈយកឯកសារទៅកាន់នាយកដ្ឋានច្បាប់នៅក្រសួងនេះជួសមុខឲ្យក្រុមហ៊ុនដែលគេមិនបញ្ចេញអត្តសញ្ញាណ។ ក្រោយមក លោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវ (វិតិក្រម) ដែលមានទោសជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។
លោក វេង ហួត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “សេចក្តីសម្រេចស្ថាពរគឺផ្តន្ទាទោសចុងចោទ អា៊ា សែ ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ប៉ុន្តែគាត់នឹងអនុវត្តទោសក្នុងពន្ធនាគារតែមួយឆ្នាំប៉ុណ្ណោះ…ហើយទោសដែលនៅសល់នឹងត្រូវព្យួរ”។
ចៅក្រមរូបនេះបានមានប្រសាសន៍ថា “លោក អ៊ា សែ ត្រូវបានព្យួរទោសដោយសារលោកមិនដែលមានកេរ្តិ៍ឈ្មោះអាក្រក់ពីមុនមកនៅក្រសួងការបរទេសកន្លែងដែលលោកបានធ្វើការរយៈពេល១៧ឆ្នាំ ប៉ុន្តែក៏ត្រូវបង់ប្រាក់ពិន័យចំនួន៦លានរៀលផងដែរ។
លោក អ៊ា សែ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែមេសាមកនោះ គ្រោងនឹងដោះលែងក្នុងរយៈពេល៩ខែ។
នៅសវនាការកាលពីដើមខែនេះ លោក អ៊ា សែ បានទទួលស្គាល់ថា លោកពិតជាបានទាមទារប្រាក់៣០០ដុល្លារពីក្រុមហ៊ុនសម្លៀកបំពាក់បរទេសមួយដើម្បីរត់ការអនុញ្ញាតនាំចេញពីរោងចក្រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាមែន ប៉ុន្តែបានបដិសេធថា មិនបានទទួលប្រាក់សំណូកបន្ថែមឡើយ។
នៅថ្ងៃដដែលនោះ តំណាងក្រុមហ៊ុន ដែលអត្តសញ្ញាណរបស់គាត់មិនត្រូវបានបញ្ចេញដោយតុលាការ ឬ អង្គភាពប្រឆាំងអំពើពុករលួយនោះ បាននិយាយថា ក្រោយមក លោក អា៊ា សែ បានទាមទារប្រាក់ក្នុងចំនួនដ៏ច្រើនដើម្បីរត់ការឯកសារ “ដ៏ស្មុគស្មាញ” នេះ ហើយថា ទីបំផុតអ្នកទាំងពីរបានដោះស្រាយក្នុងចំនួនទឹកប្រាក់ ១.០០០ដុល្លារ។ គេមិនច្បាស់ថា តើមូលហេតុអ្វីបានជាដើមចោទមិនត្រូវបានផ្តន្ទាទោសចំពោះការសូកប៉ាន់ដែរនោះ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិ កម្ពុជា បានមានប្រសាសន៍ថា លោកស្វាគមន៍សាលក្រមផ្តន្ទាទោសនេះ ប៉ុន្តែថា ការផ្តន្ទាទោសលោក អា៊ សែ មិនគួរត្រូវបានព្យួរទេ។ លោកបានមានប្រសាសន៍ថា “ទុកឱ្យគេផ្តន្ទាទោសបុគ្គលនេះតាមបទល្មើសរបស់ខ្លួនចុះ។ គាត់គួរអនុវត្តទោសជាប់ពន្ធនាគារពេញពីរឆ្នាំ”៕សារុន