28 C
Phnom Penh

តុលាការ​បង្គាប់​ឱ្យ​លោក សម រង្ស៊ី សង​ជំងឺ​ចិត្ត​​ចំនួន​៣៧ពាន់ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងត្រូវបានបង្គាប់ឱ្យបង់ប្រាក់សងជំងឺចិត្តដល់លោក ហេង សំរិន ប្រធានរដ្ឋសភាប្រហែល៣៧.៥០០ដុល្លារ បន្ទាប់ពីត្រូវបានរកឃើញពិរុទ្ធភាពពីបទបរិហារកេរ្តិ៍លោកក្នុងទំព័រហ្វេសប៊ុក ដែលបានអះអាងដោយមិនត្រឹមត្រូវថា របប ហេង សំរិន ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។

ក្នុងឆ្នាំ១៩៧៩ រដ្ឋាភិបាលវៀតណាមបានលើកបន្តុបលោក ហេង សំរិន ឱ្យធ្វើជាប្រធានរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា (PRK)។ កាលពីខែវិច្ឆិកា លោក សម រង្ស៊ី បានបង្ហោះរូបភាពវីដេអូរបស់ព្រះមហាក្សត្រក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលរិះគន់ក្រុងហា ណូយចំពោះការឈ្លានពាន ដោយចំណងជើងក្រោមរូបភាពមានខ្លឹមសារថា របបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ។

cam-photo-rainsy-jump-channaមិនមានការកាត់ទោសបែបនេះធ្លាប់បានសម្រេចដោយរបបលោក ហេង សំរិន ទេ ហើយបើទោះជាការបង្ហោះរបស់លោក សម រង្ស៊ី មិនបានលើកឡើងចំឈ្មោះលោក ហេង សំរិន ក៏ដោយ ក៏ប្រធានរដ្ឋសភារូបនេះបានប្ដឹងមេដឹកនាំគណបក្សប្រឆាំងរូបនេះកាលពីឆ្នាំមុនពីបទបរិហារកេរ្តិ៍លោកដែរដោយសារពេលនោះលោកជាប្រធានរដ្ឋនៃរបបនោះ។

ដោយបានភៀសខ្លួនទៅទីក្រុងប៉ារីសមួយថ្ងៃមុនសារបង្ហោះតាមហ្វេសប៊ុកត្រូវបានចាត់ថា ជាបទល្មើស ដើម្បីគេចពីការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំដែលមិនពាក់ព័ន្ធគ្នា ពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេស លោក សម រង្ស៊ី មិនបានបង្ហាញខ្លួននៅតុលាការទេកាលពីម្សិលមិញ សម្រាប់សវនាការលឿនដូចផ្លេកបន្ទោរដែលធ្វើជាអធិបតីដោយចៅក្រម រស់ ពិសិដ្ឋ។

បន្ទាប់ពីសវនាការរយៈពេល៤០នាទីដោយមានវត្តមានតែមេធាវីរបស់លោក ហេង សំរិន និងព្រះរាជអាជ្ញានោះ ចៅក្រម រស់ ពិសិដ្ឋ បានបង្គាប់ឱ្យលោក សម រង្ស៊ី បង់ប្រាក់ជំងឺចិត្តចំនួន១៥០លានរៀលដល់លោក ហេង សំរិន និងបង់ប្រាក់ចូលថវិការដ្ឋចំនួន១០លានរៀលជាប្រាក់ពិន័យ។

ចៅក្រម រស់ ពិសិដ្ឋ មានប្រសាសន៍ថា ”គាត់មិនមានភ័ស្តុតាងណាមួយដើម្បីបញ្ជាក់ថា មានការកាត់ទោសព្រះមហាក្សត្រ នរោត្តម សីហនុ នៅក្នុងរបបដែលដឹកនាំដោយសម្ដេច ហេង សំរិន ឡើយ។ ទង្វើនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសម្ដេច ហេង សំរិន …ហើយចុងចោទរូបនេះបានធ្វើសកម្មភាពបរិហារកេរ្តិ៍”។

បន្ទាប់ពីសវនាការ លោក គី តិច មេធាវីរបស់លោក ហេង សំរិន បានមានប្រសាសន៍ថា លោកមិនពេញចិត្តនឹងចំនួនប្រាក់ជំងឺចិត្តនេះទេ ហើយនឹងប្ដឹងឧទ្ធរណ៍រឿងក្ដីនេះប្រសិនបើកូនក្ដីរបស់លោកស្នើសុំ។

លោកបានថ្លែងថា រឿងក្ដីនេះក៏បានប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាផងដែរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយការប្តូរឈ្មោះរបបកុម្មុយនីស្តសាធារណរដ្ឋប្រជាមានិត្យកម្ពុជាគាំទ្រដោយវៀតណាមដែលក្នុងឆ្នាំ១៩៨៩បានបោះបង់ជាផ្លូវការរួចហើយនូវរបបកុម្មុយនីស្តបដិវត្តន៍ ហើយបានដាក់ឈ្មោះថ្មីថា រដ្ឋកម្ពុជា។

ភាគច្រើនលោក ហេង សំរិន បានធ្វើជាប្រធានកិត្តិយសនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជាទាំងមូល ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានលើកបន្តុបដោយវៀតណាមក្នុងឆ្នាំ១៩៨៥ ហើយលោក ជា ស៊ីម ប្រធានគណបក្សដែលបានទទួលមរណភាពទៅហើយ ដែលគេសន្មតថា មានអំណាចដ៏ខ្លាំងនៅក្នុងរបបនោះ ដូចទសវត្សរ៍កន្លងទៅនេះ។

លោក សម រង្ស៊ី សមាជិកស្ថាបនិកចលនាតស៊ូហ្វុ៊នស៊ិនប៉ិច របស់ព្រះមហាក្សត្រ នរោត្តម សីហនុ ប្រឆាំងសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលគាំទ្រដោយក្រុងហាណូយ មិនទទួលស្គាល់ថា មានកំហុសអំពីការអះអាងនេះទេ។ ផ្ទុយទៅវិញលោកបានអះអាងថា របបនេះពិតជាបានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រមែន ប៉ុន្តែមិនមែនសំដៅលើរូបរាងកាយទេ។

លោកបានមានប្រសាសន៍ថា បក្សនោះបានធ្វើអ៊ីចឹងមែន ដោយការបង្កើតខ្លួនឯងជាសាធារណរដ្ឋ ហើយច្រានចោលព្រះមហាក្សត្រដែលមានតួនាទីស្របច្បាប់។ ព្រះមហាក្សត្រ នរោត្តម សីហនុ បានគ្រងរាជ្យលើកដំបូងក្នុងឆ្នាំ១៩៤១ ដែលមានតួនាទីជាមេដឹកនាំកម្ពុជារហូតដល់រដ្ឋប្រហារក្នុងទសវត្សរ៍ឆ្នាំ១៩៧០ មុនពេលព្រះអង្គបានគ្រងរាជ្យឡើងវិញក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ។

លោក សម រង្ស៊ី មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយទេ។ លោកបានលើកឡើងពីមុនថា លោកត្រៀមបង្ហាញមុខនៅតុលាការតែតាម “Messenger” របស់ហ្វេសប៊ុកតែប៉ុណ្ណោះ ដោយសារថា បទល្មើសរបស់លោកកើតឡើងតាមបណ្ដាញទំនាក់ទំនងសង្គមនេះ។

លោក គី តិច មេធាវីតំណាងលោក ហេង សំរិន ប្រធានរដ្ឋសភាដើរចូលសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ។ ក្នុងសវនាការនោះតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្ត៣៧ពាន់ដុល្លារដល់លោក ហេង សំរិន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក គី តិច មេធាវីតំណាងលោក ហេង សំរិន ប្រធានរដ្ឋសភាដើរចូលសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ។ ក្នុងសវនាការនោះតុលាការបង្គាប់ឲ្យលោក សម រង្ស៊ី បង់ប្រាក់សំណងជំងឺចិត្ត៣៧ពាន់ដុល្លារដល់លោក ហេង សំរិន។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្រៅពីរឿងក្ដីរបស់លោក ហេង សំរិន លោក សម រង្ស៊ី ក៏ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ផងដែរ ហើយក៏នឹងប្រឈមមុខទោស១៧ឆ្នាំទៀត ប្រសិនបើលោកត្រូវបានរកឃើញពិរុទ្ធភាពថា បានសមគំនិតជាមួយលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងក្នុងករណីក្លែងឯកសារសន្ធិសញ្ញាមិនទាន់ដាច់ស្រេច។

លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានមានប្រសាសន៍ថា លទ្ធផលនៃសវនាការគឺការសន្និដ្ឋានដែលចៀសមិនរួចដោយសារការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជាលើប្រព័ន្ធតុលាការ ប៉ុន្តែលោកបានបន្ថែមថា គណបក្សកាន់អំណាចគួរគិតឡើងវិញអំពីសកម្មភាពដែលធ្វើឱ្យរាំងស្ទះដល់ការពិភាក្សាតាមប្រព័ន្ធអីុនធឺណិត។

លោក មឿន ឈានណារិទ្ធ មានប្រសាសន៍ថា ”អ្នកដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមដូចជាហ្វេសប៊ុកជាដើម អាចត្រូវបានចោទប្រកាន់  ប៉ុន្តែនៅក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលគួរអត់ធ្មត់  និងអត់ឱនដល់ការរិះគន់ណាមួយ ពីព្រោះថា នឹងបង្កើតឱ្យមានបរិយាកាសកាន់តែសេរីសម្រាប់ប្រជាពលរដ្ឋក្នុងការសម្ដែងមតិរបស់ខ្លួន”។

លោកថ្លែងថា ការបំភិតបំភ័យប្រជាពលរដ្ឋតាមវេទិការបញ្ចេញមតិដូចតាមហ្វេសប៊ុកជាដើម នឹងធ្វើឱ្យពួកគាត់លាក់គំនិតក្នុងចិត្តមុនពេលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាភ្ញាក់ផ្អើលនៅពេលពួកគាត់ទៅបោះឆ្នោតដូចក្នុងឆ្នាំ២០១៣។

លោកបានមានប្រសាសន៍បន្ថែមថា “នៅពេលអ្នកនយោបាយលេចធ្លោត្រូវបានចោទប្រកាន់ និងផ្ដន្ទាទោសដោយតុលាការនោះ ប្រជាពលរដ្ឋសាមញ្ញកាន់តែមានភាពស្ទាក់ស្ទើរក្នុងការសម្តែងមតិរបស់ខ្លួន ពីព្រោះពួកគាត់មានអារម្មណ៍ថា ពួកគាត់ក៏អាចមានបញ្ហាផងដែរ”។

លោកបន្តថា ”ប្រសិនបើប្រជាពលរដ្ឋឈប់សម្ដែងមតិរបស់ខ្លួន រដ្ឋាភិបាលនឹងមិនដឹងថាប្រជាពលរដ្ឋកំពុងគិតអ្វីអំពីបញ្ហាធំៗឡើយ។ វាមិនត្រឹមតែអំពីគោលការណ៍ប្រជាធិបតេយ្យឡើយ”៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស