លោក ហេនរី ឡូកាដ (Henri Locard) ប្រវត្តិវិទូបារាំងបានទិទៀនមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) ខណៈពេលផ្តល់សក្ខីកម្មនៅសាលាក្តីខ្មែរក្រហមកាលពីម្សិលមិញ ដោយរិះគន់លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលនេះចំពោះការច្រានចោលការផ្តល់ជំនួយស្រាវជ្រាវ ដោយសារតែលោក “មិនចូលចិត្ត” បុរសជនជាតិបារាំង។
អំឡុងពេលសាកសួរបឋមពីអង្គជំនុំជម្រះ ប្រវត្តិវិទូវ័យ៧៧ឆ្នាំរូបនេះដែលទំនងជាសាក្សីដ៏ជំនាញម្នាក់ក្នុងសំណុំរឿង០០២ ជាសំណុំរឿងដែល នួន ជា បងធំទី២ និង ខៀវ សំផន ប្រមុខរដ្ឋនៃរបបខ្មែរក្រហមកំពុងស្ថិតក្នុងដំណើរការបើកសវនាការជំនុំជម្រះពីបទឧក្រិដ្ឋមួយចំនួន រួមមានដូចជា បទប្រល័យពូជសាសន៍ជាដើមនោះ បានលើកឡើងថា មជ្ឈមណ្ឌលឯកសារកម្ពុជាបានចំណាយពេលច្រើនពេកនៅក្នុងការសិក្សាស្វែងរករណ្តៅពិឃាតនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ផ្ទុយទៅវិញ លោក ហេនរី ឡូកាដ បានលើកឡើងថា លោកជឿថា ការផ្តោតគួរតែផ្លាស់គោលដៅទៅលើមន្ទីរឃុំឃាំងរាប់រយរបស់ខ្មែរក្រហមដែលមានទូទាំងប្រទេស។
លោក ហេនរី ឡូកាដ បានមានប្រសាសន៍ ថា “មជ្ឈមណ្ឌលឯកសារកម្ពុជាចង់សើុបអង្កេតរណ្ដៅនេះ ប៉ុន្តែ ខ្ញុំបាននិយាយថា រណ្តៅនេះត្រូវបានសើុប អង្កេតរួចហើយអំឡុងរបប [សាធារណរដ្ឋប្រជាមានិតកម្ពុជា] ហេតុដូច្នេះវាងាយស្រួលណាស់នៅក្នុងការសើុបអង្កេត សិក្សាស្រាវជ្រាវពីអ្វីដែលត្រូវបានស្រាវជ្រាវរួចហើយ”។
លោកបានលើកឡើងទៀតថា “ការផ្តោតអារម្មណ៍បន្ថែមគួរជាអ្វីដែលត្រូវបានរកឃើញដោយលោក ដេវីដ ហក (David Hawk) អ្នកជំនាញជនជាតិអាមេរិកដែលលើកឡើងថា មិនមែនមានតែមន្ទីរឃុំឃាំងស-២១ និងមន្ទីរឃុំឃាំងទួលស្លែងនោះទេ ប៉ុន្តែមានទួលស្លែងទូទាំងប្រទេស”។
លោកបានលើកឡើងទៀតថា ការផ្តល់ជំនួយ និងយោបល់របស់លោកសុទ្ធតែត្រូវលោក ឆាំង យុ មិនយកចិត្តទុកដាក់នោះឡើយ ដោយហេតុផលដែលបុរសជនជាតិបារាំងរូបនេះអះអាងថា ដោយសារតែសញ្ជាតិរបស់លោក។
លោក ហេនរី ឡូកាដ បានថ្លែងថា “ជាទូទៅមជ្ឈមណ្ឌលឯកសារកម្ពុជាបានច្រានចោលការផ្តល់ជំនួយរបស់ខ្ញុំ។ ទីមួយ ដោយសារខ្ញុំគឺជាបុរសជនជាតិបារាំង ហើយមជ្ឈមណ្ឌលឯកសារកម្ពុជា និងប្រធានរបស់ខ្លួនមិនចូលចិត្តពលរដ្ឋបារាំង ប្រហែលដោយសារគាត់មិនចេះភាសាបារាំង ព្រោះគាត់ទទួលបានការអប់រំនៅសហរដ្ឋអាមេរិក”។
លោកបានថ្លែងបន្ថែមថា “ខ្ញុំមកដោយហោប៉ៅទទេ ខ្ញុំមកដោយគ្មានប្រាក់ឡើយ។ បទពិសោធន៍នៅក្នុងការសម្ភាសពលរដ្ឋនិងបទពិសោធន៍នៅក្នុងប្រទេសនេះរបស់ខ្ញុំហាក់បីដូចជាមិនមានសារៈសំខាន់សម្រាប់គាត់ទេ ហេតុដូច្នេះខ្ញុំបានបន្តធ្វើការតែម្នាក់ឯង”។
ប្រវត្តិវិទូរូបនេះក៏បានរិះគន់មជ្ឈមណ្ឌលឯកសារកម្ពុជាផងដែរថា មិនអនុញ្ញាតឲ្យលោកអាចចូលទៅកាន់ប័ណ្ណសារដ្ឋានរបស់ខ្លួន ដោយថានេះ ក៏ដោយសារតែសញ្ជាតិរបស់លោកដែរ។
លោក ហេនរី ឡូកាដ បានមានប្រសាសន៍ ថា “ខ្ញុំសោកស្តាយដែលបាននិយាយរឿងនេះជាសាធារណៈ ប៉ុន្តែ មជ្ឈមណ្ឌលឯកសារកម្ពុជាមិនបើកចំហសម្រាប់សាធារណជនឡើយ ជាពិសេសពលរដ្ឋបារាំង ហើយជាពិសេសទៀតនោះគឺគ្មាននរណាអាចមើលឯកសារដើមនៅក្នុងប័ណ្ណសារដ្ឋានរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានទេ”។ លោកបានបន្ថែមថា លោកទទួលបានឯកសារពីអង្គការនេះ “ដោយសម្ងាត់”។
ពេលសួរអំពីការចោទប្រកាន់របស់បុរសរូបនេះ លោក ឆាំង យុ បានឆ្លើយតបតាមអីុម៉េលថា “ដូចដែលជនជាតិបារាំងរូបហ្នឹងនិយាយថា …សម្រាប់សេរីភាព”។
ដោយផ្ញើរូបថតរបស់ខ្លួនដែលលោកលើកឡើងថា ស្ត្រីជនជាតិបារាំងម្នាក់បានថតឲ្យលោកក្នុងទីក្រុងបា៉រីសអមមកជាមួយនោះ លោក ឆាំង យុ បានបន្ថែមថា “មជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវការសេរីភាព និងឯករាជ្យខ្្លួននៅក្នុងការសិក្សាស្រាវជ្រាវរកការពិត”។
លោក ហេនរី ឡូកាដ ក៏បានទិទៀនលើការចុះស្រាវជ្រាវដល់កន្លែងរបស់សាលាក្តីខ្មែរក្រហមផងដែរ និងអ្វីដែលលោកចាត់ទុកថា ជាការផ្តោតមិនស្មើភាព ពោលគឺផ្តោតតែទៅលើមន្ទីរឃុំឃាំង ស-២១ ដែលជាការផ្តោតនៅក្នុងសំណុំរឿងដំបូងរបស់សាលាក្តីនេះ និងដែលក៏ជាផ្នែកនៃសំណុំរឿងបច្ចុប្បន្នដែរនោះ។
លោកបានថ្លែងថា “សម្រាប់ការខកចិត្តរបស់ខ្ញុំ ខ្ញុំគិតថា សាលាក្តីនេះមិនបានធ្វើការសិក្សាស្រាវជ្រាវចុះដល់កន្លែងនិងមិនបានធ្វើការសិក្សាស្រាវជ្រាវលើ ‘ការសម្លាប់រង្គាល’ឲ្យបានគ្រប់គ្រាន់នោះឡើយ'”។
លោកបានបន្ថែមថា “វាហាក់បីដូចជា ប្រសិនបើអ្នកសិក្សាពីរបបណាហ្ស៊ី អ្នកផ្តោតតែលើកន្លែងសម្លាប់រង្គាល Auschwitz Auschwitz Auschwitz ហើយគ្មានអ្វីក្រៅពីAuschwitz នេះឡើយ។ ហើយចុះកន្លែងផ្សេងទៀតទូទាំងតំបន់អឺរ៉ុបវិញ? គឺវាដូចទៅនឹងអ្វីដែលខ្ញុំគិតនៅទីនេះ”៕ស៊ុយឈាង