ក្រុមអ្នកសង្កេតការណ៍ជើងចាស់បាននិយាយនៅឯវេទិកាមួយក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារថា ក្រុមប្រឆាំងនៅប្រទេសកម្ពុជាត្រូវឈប់ចុះញ៉មនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយសហគមន៍អន្តរជាតិត្រូវតែឈប់បណ្តែតបណ្តោយឲ្យលោកនាយករដ្ឋមន្ត្រីធ្វើផ្តេសផ្តាសដាក់ពួកគេ បើពុំនោះទេ ប្រទេសនេះនឹងមិនសង្ឃឹមថាបោះជំហានទៅមុខឡើយ។
រៀបចំដោយមូលនិធិបេតិកភណ្ឌ ជាក្រុមពិគ្រោះអភិរក្ស វាគ្មិនបីរូបរបស់វេទិកានេះ ក្នុងនោះមានទាំងអ្នកស្រី អេលីហ្សាបេត ប៊ិកខឺ (Elizabeth Becker) អ្នកកាសែតអាមេរិកជើងចាស់ផង បាននិយាយថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះជាថ្មីម្តងទៀតកំពុងប្រឈមនឹងការវាយប្រហារខ្លាំងពីលោក ហ៊ុន សែន។
លោក វ៉លធឺ ឡូមែន (Walter Lohman) នាយកនៃមជ្ឈមណ្ឌលសិក្សាអំពីអាស៊ីរបស់មូលនិធិនេះ បាននិយាយនៅឯព្រឹត្តិការណ៍ដែលមានឈ្មោះថា “លទ្ធិប្រជាធិបតេយ្យកម្ពុជានិងគណនេយ្យភាពអន្តរជាតិ” ថា “ត្រឹមត្រូវណាស់ដែលនិយាយថាអ្វីដែលយើងមើលឃើញនៅប្រទេសកម្ពុជាសព្វថ្ងៃនេះជាវិបត្តិ។ វាជាវិបត្តិនៃអភិបាលកិច្ចបែបប្រជាធិបតេយ្យ”។
លោកបាននិយាយបន្តថា “មានការបង្ក្រាបដ៏ធំ។ ជាការបង្ក្រាបដ៏ខ្លាំងលើក្រុមប្រឆាំងនៅប្រទេសកម្ពុជា ច្បាស់ណាស់វាជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត…ប៉ុន្តែវាពិតជាការប្រកួតប្រជែងដែលធ្លាប់ដឹងទាក់ទិននឹងរឿងនេះ”។
លោក ឡូមែន បាននិយាយថា ប្រទេសកម្ពុជាជាថ្មីម្តងទៀតទំនងជាជាប់គាំងក្នុងវដ្តនយោបាយ ដែលវាបានកើតមានឡើងដដែលៗជាង២៣ឆ្នាំកន្លងទៅហើយ ចាប់តាំងពីមានការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣ ហើយបន្ទាប់មកនៅទីបំផុតទុកប្រទេសនេះឲ្យលោក ហ៊ុន សែន ក្តោបក្តាប់ជាថ្មីដោយកណ្តាប់ដៃដែក។
លោកបាននិយាយថា រឿងកើតឡើងច្រំដែលៗនេះ គឺជារឿង “ដែលអ្នកមានការបង្ក្រាប អ្នកមានបញ្ហាផ្សេងៗនៅមុនការបោះឆ្នោតជិតមកដល់ អ្នកមានបញ្ហាចំពោះការបោះឆ្នោត។ អ្នកមានលោក ហ៊ុន សែន ដែលធ្វើអ្វីដែលលោកចង់ធ្វើដើម្បីឲ្យយើងធ្វើតាម ហើយមិនមែនជារឿងសំខាន់សម្រាប់ទំព័រមុខកាសែតទេ”។
លោក ឡូមែន បាននិយាយថា “បន្ទាប់មក ក្រុមប្រឆាំងត្រូវនិរទេសខ្លួន ហើយវដ្តទាំងមូលត្រូវចាប់ផ្តើមសាជាថ្មីម្តងទៀត”។
លោកស្រី ប៊ិកខឺ ដែលនៅឆ្នាំ១៩៨៦បានសរសេរសៀវភៅមានចំណងជើងថា “ពេលដែលសង្គ្រាមចប់” ជាសេចក្តីរាយការណ៍ប្រវត្តិសាស្ត្រដែលយកជាការបានអំពីកម្ពុជាទំនើបនៅពេលនោះ បាននិយាយថា លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានបង្ហាញខ្លួនឯងថាជាការស្រងាកចិត្ត។
អ្នកស្រី ប៊ិកខឺ បាននិយាយថា “ខ្ញុំយល់ស្របថា គណបក្សប្រឆាំងនេះចុះញ៉មហើយខ្ញុំគិតថា សម រង្ស៊ី គឺជាការខកចិត្តដ៏ធំលើបញ្ហាទាំងស្រុងមួយចំនួន។ ហេតុដែលលោកបន្តត្រឡប់ទៅក្រុងប៉ារីសវិញធ្វើឲ្យខ្ញុំនឹកស្មានមិនដល់សោះ”។ កាលពីឆ្នាំមុន លោក រង្ស៊ី បានភៀសខ្លួនម្តងទៀតចេញពីការគំរាមចាប់ដាក់ពន្ធនាគារនៅប្រទេសកម្ពុជា។
ដោយរៀបរាប់អំពីការភៀសខ្លួនចេញរបស់លោក រង្ស៊ី ជាការខូចប្រយោជន៍ដល់គណបក្សប្រឆាំងនោះ អ្នកស្រី ប៊ិកខឺ បាននិយាយថា “ពលរដ្ឋកម្ពុជាបន្តនិយាយថា ‘ហេតុអ្វីក៏យើងមិនមានមនុស្សដូច អ៊ុងសាន ស៊ូជី?’។ អ្នកនឹងមានការគាំទ្រពីបរទេសកាន់តែច្រើន នៅពេលអ្នកប្រឈមមុខនឹងរឿងហ្នឹង”។
លោក ឡូមែន បានកត់សម្គាល់ឃើញថា ការស្រុះស្រួលដែលអាចទាយទុកមុនបានរបស់គណបក្សប្រឆាំងទៅនឹងការព្រមព្រៀងឥតសង្ឃឹមជាមួយលោក ហ៊ុន សែន បានធ្វើឲ្យលំបាកដល់ប្រទេសនានា ដូចជាសហរដ្ឋអាមេរិក និងមនុស្សដែលមានឥទ្ធិពលក្នុងប្រទេសទាំងនោះ ក្នុងការស្វែងរកការដាក់សម្ពាធពិតប្រាកដលើនាយករដ្ឋមន្ត្រីនេះ។
លោកបាននិយាយថា “លោក ហ៊ុន សែន បានលេងល្បែងនេះយ៉ាងល្អច្រើនឆ្នាំមកហើយនេះ ហើយចូរប្រឈមមុខ លោកពិតជាលេងវាបានយ៉ាងល្អ”។
“វាជាចំណុចសំខាន់របស់លោក គឺដោះស្រាយជាមួយសហគមន៍អន្តរជាតិ ពោលគឺឲ្យអ្វីដែលលោកត្រូវឲ្យ ហើយបន្ទាប់មក យកមកវិញនៅពេលណាដល់ពេលត្រូវយកវិញ”។
ដោយផ្តល់ការណែនាំដល់គណបក្សប្រឆាំងរបស់ប្រទេសកម្ពុជាសម្រាប់ពេលអនាគត លោកបាននិយាយបន្ថែមថា “លើកក្រោយ កុំចុះញ៉មងាយៗពេក។ អ្នកមានមិត្តនៅទីនេះ។ ទុកឲ្យវិបត្តិនោះជ្រួតជ្រាបថែមបន្តិចសិន”។
លោក ឡូមែន បាននិយាយដោយដកដង្ហើមធំថា “នៅពេលអ្នកបោះកន្សែងសុំចុះចាញ់ភ្លាម ពេលនោះមនុស្សដូចជាខ្ញុំ…ត្រូវស្លាប់។ យើងមិនអាចធ្វើអ្វីផ្សេងទៀតបានទេ”។
អ្នកស្រី ប៊ិកខឺ បាននិយាយបន្ថែមថា មិនថាលោក រង្ស៊ី ធ្វើអ្វីនោះទេ សហគមន៍អន្តរជាតិត្រូវឈប់ធ្វើជាអ្នកជួយឲ្យលោក ហ៊ុន សែន សម្រេចបំណង ដោយធ្វើឲ្យរបបរបស់លោកស្របច្បាប់នៅគ្រាសំខាន់ៗនោះទេ ហើយផ្ទុយទៅវិញ រក្សាអ្វីដែលអ្នកស្រីបាននិយាយថាការដាក់សម្ពាធលើការបង្ក្រាបកាលពីឆ្នាំមុន។
អ្នកស្រីបានចង្អុលទៅលើការបោះឆ្នោតជាតិដ៏ហិង្សានាឆ្នាំ១៩៩៨ ដែលប្រតិភូអាមេរិកាំងហៅថា អព្ភូតហេតុលើទន្លេមេគង្គ តាមពិតវាជាការបោះឆ្នោតដ៏លម្អៀងនិងពុករលួយដែលពង្រឹងអំណាចរបស់លោក ហ៊ុន សែន។
អ្នកស្រីបាននិយាយអំពីការត្រូវការឲ្យសហរដ្ឋអាមេរិកមានជំហររឹងមាំថា “ដូច្នេះនេះជារឿងមួយ។ វាជាភាពតូចបំផុត”។
លោក សាម ឡាហូដ អនុប្រធានថ្នាក់តំបន់នៃវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ និងជាប្រធានប្រចាំស្រុកខ្មែរពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ បាននិយាយថា សហរដ្ឋអាមេរិកពិតជាមានបញ្ហា ដោយព្យាយាមដាក់សម្ពាធលើលោក ហ៊ុន សែន ក្នុងពេលដែលមានការប្រយ័ត្នប្រយែងក្នុងការរុញលោកឆ្ពោះទៅរកចិន។
កាលពីថ្ងៃទី១៥ ខែកក្កដា រដ្ឋាភិបាលចិនបានសន្យាផ្តល់ថវិកាកន្លះប៊ីលានដុល្លារឲ្យរដ្ឋាភិបាលកម្ពុជារហូតដល់ឆ្នាំ២០១៨។ មជ្ឈដ្ឋានជាច្រើនបានចោទចិនថាទិញការគាំទ្រពីប្រទេសកម្ពុជាក្នុងការដណ្តើមទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតទាក់ទងនឹងសមុទ្រចិនខាងត្បូង។
លោក ឡាហូដ បាននិយាយសំដៅទៅលើជំនួយនោះថា “អ្នកឃើញរបស់ថ្នូរនេះពីរដ្ឋាភិបាលកម្ពុជាកាលពីឆ្នាំកន្លងមក អ៊ីចឹងវាគ្មានអ្វីថ្មីទេ ប៉ុន្តែ អត់កោតញញើតអ្វីទេ”។
លោក ឡាហូដ បាននិយាយថា “វាជាការប្តេជ្ញាដ៏ខ្លាំងរបស់រដ្ឋាភិបាលចិនក្នុងរយៈពេលបីឆ្នាំទៀត ដែលធ្វើឲ្យជំនួយនោះមានរហូតដល់ការបោះឆ្នោត”។
ប៉ុន្តែ លោក ឡូមែន បាននិយាយថា លោកមិនគិតថា សហរដ្ឋអាមេរិកធ្វើកិច្ចការដោយលេងល្បែងបែបហ្នឹងទេ ដោយកត់សម្គាល់ថា ប្រសិនបើលោក ហ៊ុន សែន ចង់ផ្តាច់ខ្លួនលោកពីឆាកអន្តរជាតិ ហើយពឹងផ្អែកតែទៅលើចិន លោកគួរអនុញ្ញាតឲ្យធ្វើដូច្នេះទៅចុះ ជាពិសេសប្រសិនបើការបង្ក្រាបនៅប្រទេសកម្ពុជាកាន់តែអាក្រក់ទៅ។
លោកបាននិយាយបន្តថា “រឿងមួយគឺបបួលចិនឲ្យធ្វើ ខ្ញុំមិនជឿជាក់លើរឿងភូមិសាស្ត្រនយោបាយទាំងស្រុងទេ”។ សហរដ្ឋអាមេរិកគួរនិយាយថា ‘ទៅរកចិន សូមអញ្ជើញចុះ។ យើងនឹងប្រកាន់ខ្ជាប់ចំពោះគោលការណ៍របស់យើងនៅទីនេះ ហើយប្រសិនបើអ្នកគិតថា អ្នកមានអនាគតភ្លឺស្វាងជាមួយចិន អញ្ជើញទៅចិនចុះ'”។
លោកបាននិយាយបន្តថា “ហ៊ុន សែន កំពុងតែលេងជាមួយយើងតទល់នឹងចិន។ លោកទទួលបានផលប្រយោជន៍ពីយើង លោកទទួលបានផលប្រយោជន៍ពីចិន ហើយលោកបន្តធ្វើអ្វីដែលលោកចង់ធ្វើ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា លោកមិនភ្ញាក់ផ្អើលចំពោះការនិយាយពីមនុស្សនៅក្នុងអង្គការនានាដូចជាវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិដែលវាយប្រហាររដ្ឋាភិបាលទេ ប៉ុន្តែ លោកមិនយល់ថា ហេតុអ្វីក៏ពួកគេមិនរិះគន់ការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសអាស៊ីអាគ្នេហ៍ផ្សេងទៀត។
លោក ស៊ីផាន បាននិយាយថា “ប្រៀបធៀបប្រទេសកម្ពុជាជាមួយប្រទេសផ្សេងទៀត។ ហេតុអីក៏គេមិនរិះគន់សិង្ហបុរី? ពីព្រោះគេមានលុយ។ េហតុអីគេមិនរិះគន់ថៃ? ពីព្រោះគេជាសម្ពន្ធមិត្ត។ហេតុអីក៏គេមិនរិះគន់ហ្វីលីពីន? ព្រោះគេជាសម្ពន្ធមិត្ត”។
អ្នកនាំពាក្យរូបនេះបាននិយាយថា “គ្មានអ្វីថ្មីទេ។ មនុស្សទាំងនេះជាសម្ពន្ធមិត្តជាមួយបក្សប្រឆាំង ហើយបក្សប្រឆាំង គឺប្រឆាំងនឹងរដ្ឋាភិបាលមួយដែលជាផលិតផលរបស់ពលរដ្ឋ។ វាជាឆន្ទៈរបស់ពលរដ្ឋទល់នឹងឆន្ទៈជនបរទេស”។
លោក រង្ស៊ី បាននិយាយក្នុងសារអីុម៉ែលពីសហរដ្ឋអាមេរិកថា លោកគ្មានជម្រើសអ្វីក្រៅអំពីធ្វើកិច្ចព្រមព្រៀងជាមួយលោក ហ៊ុន សែន ក្នុងខែកក្កដា ឆ្នាំ២០១៤នោះទេ ទោះបីជាប្រឈមមុខនឹងការព្រមានជាទូទៅចំពោះនិន្នាការរបស់លោកនាយករដ្ឋមន្ត្រីក្នុងការបែរខ្នងដាក់កិច្ចព្រមព្រៀងក៏ដោយ ហើយលោកបញ្ជាក់ថា នៅពេលនេះគឺខុសគ្នា។
លោក រង្ស៊ី បាននិយាយថា “តើនរណានឹងទទួលខុសត្រូវចំពោះការបង្ហូរឈាមដែលទាក់ទងនឹងមហាបាតុកម្មចេះតែបន្ត និងការបង្ក្រាបដ៏ហិង្សា? សូមក្រឡេកមើលអ្វីដែលបានកើតឡើងចំពោះកម្មករតវ៉ានៅឯសួនឧស្សាហកម្មកាណាឌីយ៉ានៅថ្ងៃដំបូងនៃខែមករា ឆ្នាំ២០១៤”។
មេបក្សប្រឆាំងរូបនេះបាននិយាយថា “ប៉ុន្តែ ស្ថានការណ៍និងជម្រើសនៅពេលអនាគតនឹងខុសគ្នាពីអ្វីក្នុងអតីតកាល ពីព្រោះតុល្យភាពនៃអំណាចនឹងខុសគ្នា ដោយសារមានកម្លាំងកាន់តែកើនឡើងក្នុងស្រទាប់យុវវ័យដែលទាមទារកាន់តែខ្លាំង និងការប្រមូលផ្តុំប្រកបដោយប្រសិទ្ធភាពថែមទៀតចំពោះពលរដ្ឋដែលទទួលបានព័ត៌មានកាន់តែល្អប្រសើរ”៕និត