31 C
Phnom Penh

រដ្ឋាភិបាលរិះគន់ភាពអយុត្តិធម៌នៃការឆ្លើយតបអំពីសមុទ្រចិនខាងត្បូង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានមានប្រសាសន៍ កាលពី ម្សិលមិញថា ប្រទេសកម្ពុជាបានទទួលរងការប្រព្រឹត្តចំពោះដោយមិនត្រឹម ត្រូវពីសំណាក់ប្រទេសអាស៊ានមួយ ចំនួន និងសមាជិកនៃបណ្ដាញព័ត៌មាន ដែលបានបន្ទោសដោយខុសលើប្រទេសនេះថា បានធ្វើឱ្យរាំងស្ទះ ដល់សេចក្ដីថ្លែងការណ៍តំបន់ទាក់ទិននឹងសាលក្រមសមុទ្រចិនខាងត្បូងនាពេលថ្មីៗនេះ។

ថ្លែងនៅសន្និសីទកាសែតមួយនៅឯការិយាល័យរបស់ក្រសួងក្នុងទីក្រុងភ្នំពេញ លោក ប្រាក់ សុខុន បាន ការពារ នូវអ្វីដែលលោកបានចាត់ទុកថា ជាឯករាជ្យភាព និងអព្យាក្រឹតភាពរបស់ប្រទេសកម្ពុជាក្នុងស្ថានការណ៍ ដ៏តានតឹង។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងការបរទេសក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ខឹម សុវណ្ណារ៉ា
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯក្រសួងការបរទេសក្នុងក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថត ខឹម សុវណ្ណារ៉ា

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា “បញ្ហាសមុទ្រចិនខាងត្បូងនេះ សភាពការណ៍វាបានដុនដាប ជាពិសេសបន្ទាប់ពីតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍បានចេញសេចក្ដីសម្រេចរបស់ខ្លួនកាលពីថ្ងៃទី១២ខែកក្កដាកន្លងទៅនេះ ធ្វើឱ្យភាគីមួយចំនួនស្រែកថា ខ្លួនបានទទួលជោគជ័យ ភាគីមួយចំនួនទៀតស្រែកថា បដិសេធអីអ៊ីចឹងទៅ”។

លោក សុខុន បានមានប្រសាសន៍ថា ក្រុមអ្នកការទូត និងបណ្ដាញព័ត៌មានបានចោទប្រទេសកម្ពុជាថា បានធ្វើ ឱ្យរាំងស្ទះក្នុងសេចក្ដីថ្លែងការណ៍អាស៊ាន ដែលចេញកាលពីថ្ងៃច័ន្ទ ដែលយោងទៅលើសាលក្រមខែកក្កដា ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍មានមូលដ្ឋាននៅទីក្រុងឡាអេ។ តុលាការបានច្រានចោលការទាមទារ សិទ្ធិកាន់កាប់សមុទ្រចិនខាងត្បូងទាំងស្រុងរបស់ចិន ដែលជំទាស់ដោយប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រទេសផ្សេងទៀត។

លោករដ្ឋមន្ត្រីបានតបថា ការដាក់បញ្ចូលឃ្លាយោងទៅលើសាលក្រមសាលាក្ដីក្នុងសេចក្ដីថ្លែងការណ៍រួម អាស៊ាននឹងធ្វើឲ្យចិនខឹង។

លោក សុខុន បានមានប្រសាសន៍ថា “បើយើងដាក់អ៊ីចឹង  ក្នុងពេលដែលភាគីចិនបដិសេធយ៉ាងដាច់អហង្ការ វានឹងកើតរឿងអី? គឺសភាពការអាចនឹងធ្ងន់ធ្ងរជាងហ្នឹងទៅទៀត អាចនឹងបង្កគ្រោះថ្នាក់ធំដល់តំបន់អាស៊ាន ទាំងមូល”។

លោក ប្រាក់ សុខុន ក៏បានលើកឡើងដែរថា បណ្ដាញព័ត៌មាន និងអ្នកការទូតបរទេសបានចោទប្រទេសកម្ពុជា ដោយមិនត្រឹមត្រូវថា បានធ្វើឱ្យរាំងស្ទះដល់បញ្ហានេះ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ខ្ញុំមិនចង់និយាយអំពីបញ្ហាផ្ទៃក្នុងរបស់អាស៊ានទេ ប៉ុន្តែប្រទេសកម្ពុជាបាន ទទួលរងភាពអយុត្តិធម៌ច្រើនណាស់។ គេចោទយើងថា បង្កការរាំងស្ទះ ពីព្រោះពួកគេមានផលប្រយោជន៍ រៀងៗខ្លួន ប៉ុន្តែប្រទេសកម្ពុជាក៏ត្រូវការពារផលប្រយោជន៍ជាតិយើងដែរ”។

លោក ប្រាក់ សុខុន ក៏បានជំទាស់នឹងការអះអាងថា ការប្រកាសកញ្ចប់ជំនួយពីប្រទេសចិនមានទឹកប្រាក់ជាង កន្លះពាន់លានដុល្លារ ដែលបានធ្វើឡើងបន្ទាប់ពីសាលក្រមសាលាក្ដីនេះ មិនពាក់ព័ន្ធជាមួយនឹងជំហររបស់ ប្រទេសកម្ពុជាទេ។

លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជាមិនបានចំណេញពីការគាំទ្រភាគីណាមួយទេ។ យើងគ្រាន់តែនៅ អព្យាក្រឹត”។

លោករដ្ឋមន្ត្រីក៏បានរិះគន់ការផ្សព្វផ្សាយព័ត៌មានអំពីសេចក្ដីថ្លែងការណ៍រួមអាស៊ាននេះដែរ។

លោក សុខុន បានមានប្រសាសន៍ទំនងជាសំដៅទៅលើអត្ថបទមួយ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ ដែលមានចំណងជើងថា “ក្រសួងការបរទេសស្ដីបន្ទោសក្រុងម៉ានីល” ថា “មានកាសែតមួយដាក់ចំណង ជើងធំៗ ‘កម្ពុជាស្ដីបន្ទោសហ្វីលីពីន’” អត្ថបទនោះបាននិយាយអំពីសេចក្ដីប្រកាសដែលធ្វើឡើង ដោយលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសថា ប្រទេសហ្វីលីពីនបានស្នើដកការនិយាយសំដៅដល់សាលក្រម សាលាក្ដី។

លោកបានមានប្រសាសន៍ថា “តាមពិតយើងមិនស្ដីបន្ទោស [ហ្វីលីពីន] ទេ។ យើងមានតែអរគុណហ្វីលីពីន ចំពោះការរួមចំណែកដ៏សំខាន់ក្នុងការរក្សាសាមគ្គីភាព និងឯកភាពអាស៊ាន”។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូបានលើកសម្ដីអ្នកការទូតកម្ពុជាអនាមិកម្នាក់នៅទីក្រុងវៀងចន្ទន៍ ដែលបាននិយាយថា សមាជិកអាស៊ានផ្សេងទៀតតាមពិតគួរអរគុណប្រទេសកម្ពុជាចំពោះតួនាទីរបស់ខ្លួនក្នុង “ការធ្វើឱ្យប្រទេសចិនសប្បាយរីករាយ” ជាមួយអាស៊ាន។

ថ្វីបើមានការថ្លែងរបស់លោករដ្ឋមន្ត្រីបែបនេះក៏ដោយ ក៏លោក ធីទីណាន ពុងសុទ្ធិរក្ស (Thitinan Pongsudhirak) ប្រធានវិទ្យាស្ថានសិក្សាអំពីសន្តិសុខ និងអន្តរជាតិ នៅសាកលវិទ្យាល័យជូឡាឡុងកន ក្នុងទីក្រុងបាងកក បាន និយាយថា ប្រទេសកម្ពុជាមិនអាចអះអាងគួរឱ្យជឿថាជាភាគីអព្យាក្រឹតក្នុងការពិភាក្សាគ្នាជាបន្តបានទេ។

លោកបាននិយាយក្នុងសារតាមរយៈអុីម៉េលកាលពីថ្ងៃសុក្រថា “អព្យាក្រឹតភាពគ្មានអ្វីជាជាក់លាក់ទេ។ ប្រទេស កម្ពុជាមិនអាចអព្យាក្រឹតចំពោះប្រទេសចិន និងអាស៊ានក្នុងពេលតែមួយបានទេ”។

លោក ពុងសុទ្ធិរក្ស បាននិយាយថា លទ្ធផលអាក្រក់ពីសាលក្រមនេះទំនងជានៅមានផលប៉ះពាល់ដល់ ទំនាក់ទំនងនាពេលអនាគតរបស់ប្រទេសកម្ពុជាជាមួយប្លុកតំបន់នេះ។

លោកបានសរសេរថា “សេចក្ដីសម្រេចរបស់តុលាការ និងភាពច្របូកច្របល់របស់អាស៊ាននឹងធ្វើឱ្យទំនាក់ទំនង នៅក្នុងអាស៊ានតានតឹង និងមានជម្លោះថែមទៀត ជាពិសេសទំនាក់ទំនងរបស់កម្ពុជាជាមួយសមាជិកសំខាន់ៗ ផ្សេងទៀត ជាមួយប្រទេសមានជាប់ពាក់ព័ន្ធសមុទ្រចិនខាងត្បូង ដូចជា ប្រទេសហ្វីលីពីន និងប្រទេស វៀតណាមជាដើម”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស