26 C
Phnom Penh

លោក ហ៊ុន សែន បង្រៀន​ប្រើ​ហ្វេសប៊ុក​និង​សរសើរ​លោក ត្រាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអួតអំពីការមានការចូលចិត្ត (likes) ចំនួនជិត៥លានលើទំព័រហ្វេសប៊ុករបស់លោក និងការចូលចិត្តចំនួន៦៨.០០០ លើរូបថតរបស់លោកនៅក្បែរទន្លេមេគង្គ មុនពេលផ្តល់ការគាំទ្រការលើកឡើងរបស់បេក្ខជនប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលថាវាជាកំហុសក្នុងការផ្តួលរំលំ លោក សាដាម ហ៊ូសសេន ប្រធានាធិបតីប្រទេសអីុរ៉ាក់។

cam-photo-facebook-hun-senក្នុងពិធីប្រគល់រង្វាន់នៅឯអគារការិយាល័យរបស់លោកសម្រាប់កម្មវិធី “ខ្ញុំជាយុវជនគំរូ” លោក ហ៊ុន សែន បានផ្តល់មេរៀនបន្តិចអំពីការធ្វើជាតារាហ្វេសប៊ុក។

មុនពេលពន្យល់ឲ្យអ្នកប្រើប្រាស់ទទួលបាន “Like” សម្រាប់ទំព័ររបស់ខ្លួនក៏ដូចជាការបង្ហោះរាល់លើកនោះ លោក ហ៊ុន សែន បានសួរ ”ខ្ញុំគ្រាន់តែចង់បង្រៀនបច្ចេកវិជ្ជាបន្តិចបន្តួច។ អ្វីដែលជា ‘ការចូលចិត្ត’ ការបង្ហោះ? អ្វីជា ‘ការចូលចិត្ត’ ទំព័រ? “។

លោកបានមានប្រសាសន៍ថា ”រាល់ថ្ងៃអ្នកបង្ហោះ ជួនកាលអ្នកទទួលបាន [Like] ចំនួន២.០០០ ហើយជួនកាលអ្នកទទួលបាន១.០០០”។

“ថ្មីៗនេះ ខ្ញុំចូលចិត្តបង្ហោះរូបថត…ពាក់អាវ។ ខ្ញុំបានទៅអង្គុយនៅកន្លែងមួយដែលធ្លាប់ទៅពីមុនរដ្ឋប្រហារឆ្នាំ១៩៧០ កន្លែងនោះនៅតាមបណ្ដោយទន្លេមេគង្គក្នុងខេត្តក្រចេះ ដើម្បីរំឭកអនុស្សាវរីយ៍នៅកំលោះ”។

ដោយចំអកការដែលលើកឡើងថា លោកបានទិញ “ការចូលចិត្ត” ពីអ្វីដែលគេហៅថា កន្លែងបង្កើតការចុចចូលចិត្តក្លែងក្លាយនៅក្រៅប្រទេស ច្រើនតែនៅប្រទេសឥណ្ឌានោះ លោកបានមានប្រសាសន៍ថា “មាន [Likes] ៦៨.០០០។ អ្នកឯងមើល ‘Likes’ ការបង្ហោះរបស់ខ្ញុំទៅ។ “Likes” ការបង្ហោះរបស់ខ្ញុំច្រើនអ៊ីចឹង អ៊ីចឹងហើយ ‘Likes’ ទំព័រសរុបគឺច្រើនណាស់។ តើខ្ញុំទិញវាពីណាម៉ោ? តើគេទិញ Likes នៅកន្លែងណា?”។

កាលពីខែឧសភា ឆ្នាំ២០១៣ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានអួតអំពីការមាន “ការចូលចិត្ត” លើទំព័រលោកច្រើនជាងលោក ហ៊ុន សែន ធ្វើឱ្យលោកនាយករដ្ឋមន្ត្រីផ្ញើសារមួយទៅ ”យុវជនទាំងអស់ដែលចូលរួមក្នុងវេទិកាហ្វេសប៊ុកទាំងនេះ” ដោយលោកបានអះអាងថា លោកមិនមានគណនីផ្លូវការទេ។

ប៉ុន្តែនៅពេលទំព័ររបស់លោកមាន “Likes” ដល់ទៅ១លានកាលពីខែកញ្ញានោះ លោក ហ៊ុន សែន បានប្រកាសថា ជាការពិតវាជាទំព័ររបស់លោក ហើយបានចាប់ផ្ដើមប្រើប្រាស់វាយ៉ាងសកម្មដើម្បីទាក់ទងប្រជាពលរដ្ឋ និងប្រកួតប្រជែងជាមួយលោក សម រង្ស៊ី យកប្រៀបខាងបណ្ដាញព័ត៌មានសង្គម។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “មកដល់ថ្ងៃេនះ មនុស្សនោះចាញ់ខ្ញុំនូវការ Likes ដល់ទៅ២លាន។ ខ្ញុំលេងទំព័ររបស់ខ្ញុំមិនដល់១ឆ្នាំផង ប៉ុន្តែខ្ញុំមាន [Likes] ៤,៨៨លាន ហើយនៅខ្វះតែជាង១សែនទៀតទេវានឹងឡើងដល់៥លាន”។

លោកបានសួរថា “មាន ‘Likes’ ការបង្ហោះជាង១៥លានសម្រាប់ខ្ញុំ។ តើអ្នកឯងមានពិតប្រាកដប៉ុន្មាន?”។

ដោយប្ដូរប្រធានបទ បន្ទាប់មកលោកនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រទេសនានា ដូចជាអាមេរិកជាដើមកុំឱ្យជ្រៀតជ្រែកក្នុងរឿងនយោបាយរបស់ប្រទេសតូចៗ ឬដកមេដឹកនាំបុរសខ្លាំង ដោយនិយាយថា វាចៀសមិនផុតពីសង្គ្រាមនិងការបំផ្លិចបំផ្លាញទេ។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា “សូមក្រឡេកមើលទៅមជ្ឈិមបូពា៌មានការជ្រៀតជ្រែកពីបរទេស បង្កើតឱ្យមានបដិវត្តន៍ពណ៌ ជាពិសេសដូចជានៅលីប៊ី នៅស៊ីរី នៅយេ៉មែន និងអុីរ៉ាក់ ដែលផ្ដួល សាដាម ហ៊ូសសេន ដោយអាមេរិក”។

លោកបានមានប្រសាសាន៍ថា “នេះហើយជាលទ្ធផលនៃការធ្វើនយោបាយខុស ហើយអ្នកដែលខុសគឺអាមេរិកាំងតែម្ដង។ ឥឡូវនេះ សូម្បី ដូណាល់ ត្រាំ ដែលជាបេក្ខជននៃគណបក្សសាធារណរដ្ឋក៏បានចេញមុខមកអះអាងថា ជាការខុសឆ្គងមួយដែលចេញមកទម្លាក់ បានត្រឹមតែសម្លាប់ សាដាម ហ៊ូសសេន”។

“ទីចុងបំផុត តើអុីរ៉ាក់បានសេចក្ដីសុខហើយឬនៅ? ទេ។ ឥឡូវទឹកដីមួយចំនួនពួកក្រុម ISIS កំពុងកាន់កាប់នៅឡើយ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស