គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចលើកឡើងថា ខ្លួននឹងប្តឹងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបពាក់ព័ន្ធការលើកឡើងក្នុងពេលថ្មីៗដែលលោកស្រីទំនងជាចោទ ប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ជាអ្នកសម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយ ទោះបីជាសមាជិកព្រឹទ្ធសភារូបនេះបានបដិសេធការចោទប្រកាន់ក៏ដោយ។
ការគំរាមនេះធ្វើឡើងស្របពេលមានការចាត់វិធានការផ្លូវច្បាប់ជាច្រើនប្រឆាំងអ្នករិះគន់រដ្ឋាភិបាលដែលមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។
កាលពីថ្ងៃសៅរ៍ គេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាបានបង្ហោះវីដេអូឃ្លីបស្តីពីលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ីថ្លែងទៅកាន់សកម្មជនគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តរតនគិរីដែលជាស្រុកកំណើតរបស់លោកស្រី ហើយទំនងជាបន្ទោសលោក ហ៊ុន សែន ចំពោះការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។
គេឃើញ និងឮលោកស្រីលើកឡើងនៅក្នុងវីដេអូឃ្លីបនោះថា “ឥឡូវនេះ ហ៊ុន សែន មិនដឹងគិតយ៉ាងម៉េចទេ នៅមិននៅចុះឡើងៗទៅបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ ដែលគាត់លើកឡើង នែ៎ ក្លូបល វីតណេស ពីមុនគាត់បានលើកឡើងអំពីទិដ្ឋភាព ហ៊ុន សែន ពុករលួយ កូនចៅពុករលួយ សល់លុយប៉ុន្មានលាននៅឯណា។ ឯកសារក្លូបលវីតណេស មានទាំងអស់ ក៏ប៉ុន្តែ គេនិយាយតាមឯកសារតើ”។
អង្គការក្លូបលវីតណេស ជាអង្គការប្រឆាំងពុករលួយមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានចេញរបាយការណ៍មួយកាលពីខែមុនភ្ជាប់គ្រួសារលោកនាយករដ្ឋមន្ត្រីទៅនឹងបណ្តាញក្រុមហ៊ុនឯកជនដ៏ធំ ដែលមានទុនរួមជាង២០០លានដុល្លារ។ លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពបានពិភាក្សា អំពីរបាយការណ៍នេះអំឡុងកិច្ចសម្ភាសតាមវិទ្យុនៅពីរបីថ្ងៃមុនពេលលោកត្រូវគេបាញ់សម្លាប់នៅក្នុងស្តារម៉ាតមួយកន្លែងកណ្តាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកក្កដា។
លោកស្រី ថាក់ ឡានី បានថ្លែងនៅក្នុងវីដេអូឃ្លីបនោះថា “ហ៊ុន សែន គាត់ធ្វើនេះគឺបំភិតបំភ័យពលរដ្ឋដែលគេគាំទ្រគណបក្សសង្គ្រោះជាតិហ្នឹង គឺអត់ឲ្យងើបឈរបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិទេ។ អ៊ីចឹងគាត់ខំអំពាវនាវ គាត់ថា ប្រជាពលរដ្ឋមើលចុះ សម រង្ស៊ី ជាមនុស្សខូចបង្អាក់បន្ទុចជំនួយធ្វើបាបកម្មករកាត់ដេរ គឺមិនឲ្យសម្ភារនៅកាត់ដេរហ្នឹងចេញទៅក្រៅប្រទេស បំភ្លៃការពិតទាំងអស់ តាមពិត សម រង្ស៊ី អត់មានថាអីអ៊ីចឹងផង”។
លោក សម រង្ស៊ី ដែលគណបក្សសមរង្ស៊ីរបស់លោកបានច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្សដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនៅក្នុងឆ្នាំ២០១២នោះ បានជំរុញឲ្យសហភាពអឺរ៉ុបផ្តល់ជំនួយ និងនាំចូលសម្លៀកបំពាក់ពីកម្ពុជាដោយផ្អែកលើភាពប្រសើរឡើងនៃប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា។
ទោះបីជាលោក ហ៊ុន សែន បានបដិសេធថា មិនជាប់ពាក់ព័ន្ធនៅក្នុងឃាតកម្មលើលោក កែម ឡី ក៏ដោយ តែសាធារណជនបានដាក់ការសង្ស័យយ៉ាងខ្លាំងលើរដ្ឋាភិបាល។លោក សម រង្ស៊ី ខ្លួនលោកផ្ទាល់បានចាត់ទុកអំពើឃាតកម្មនេះថា ជាអំពើពាក់ព័ន្ធនយោបាយ។
ពេលទាក់ទងកាលពីម្សិលមិញ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា គណបក្សរបស់លោកនឹងប្តឹងលោកស្រី ថាក់ ឡានី ពីបទរិហារកេរ្តិ៍ លោកនាយករដ្ឋមន្ត្រី។
លោកបានមានប្រសាសន៍ថា “យើងនឹងប្តឹង ហើយចោទប្រកាន់គាត់ពីបទបរិហារកេរ្តិ៍ នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ។ នៅពេលនគរបាលវិភាគសំឡេងនេះយើងនឹងដឹងថា តើវាជាសំឡេងកាត់ត ឬមិនកាត់ត។ ឥឡូវនេះគេគ្រប់គ្នាសុទ្ធតែបានស្តាប់វា។ គាត់មិនអាចដោះសារបានទេ”។
លោកស្រី ថាក់ ឡានី បានបដិសេធថា មិនបានចោទប្រកាន់លោកនាយករដ្ឋមន្ត្រីថា បានបញ្ជាឲ្យគេសម្លាប់លោក កែម ឡី ឡើយ ហើយថា សំឡេងនៅក្នុងការលើកឡើងរបស់លោកស្រីក្នុងខេត្តរតនគិរីត្រូវបានគេកាត់តដើម្បីឲ្យគេស្តាប់មើលទៅដូចជាលោក ស្រីជាអ្នកនិយាយអ៊ីចឹង។
លោកស្រីបានថ្លែងថា “ខ្ញុំមិនបាននិយាយចំពោះលោកនាយករដ្ឋមន្ត្រីថា គាត់ជាអ្នកសម្លាប់លោក កែម ឡី អីនោះទេ និយាយថា មានអ្នកដទៃមកសម្លាប់ ប៉ុន្តែ គេគាត់សំឡេងខ្ញុំបាត់ទៅ អាកន្លែងហ្នឹង”។
លោកស្រីបានបន្ថែមថា “ខ្ញុំនិយាយថា ក្លូបល វីតណេស បានចេញរបាយការណ៍ថាហ៊ុន សែន និងគ្រួសាររបស់គាត់ពុករលួយ ហើយថា លោកបណ្ឌិត កែម ឡី បានបកស្រាយតាមវិទ្យុអាស៊ីសេរីដោយគ្មានការភ័យខ្លាចហើយពីរថ្ងៃក្រោយមកមានគេបាញ់សម្លាប់លោកបណ្ឌិត កែម ឡីតែម្តង”។
លោកស្រីបានលើកឡើងទៀតថា លោកស្រីមិនព្រួយបារម្ភចំពោះការដែលអាចមានការដាក់ពាក្យបណ្តឹងនោះឡើយ។
លោកស្រីបានមានប្រសាសន៍ទាក់ទិននឹងលោកនាយករដ្ឋមន្ត្រីថា “វាជាសិទ្ធិរបស់គាត់នៅក្នុងការដាក់ពាក្យបណ្តឹង។ខ្ញុំមិនព្រួយបារម្ភទេ។ មិនថាមានអ្វីកើតឡើងទេ ខ្ញុំនឹងដោះស្រាយបញ្ហានោះ”។
សមាជិកគណបក្សប្រឆាំងពីររូបត្រូវបានចាប់ខ្លួនចោទប្រកាន់និងបញ្ជូនទៅពន្ធនាគាររួចហើយកាលពីឆ្នាំមុនពាក់ព័ន្ធការអះអាងតាមអីុនធឺណិតរបស់ពួកគាត់អំពីព្រំដែនដ៏ចម្រូងចម្រាសរបស់ប្រទេសកម្ពុជាជាមួយវៀតណាម។ លោក សម រង្ស៊ី កំពុងនិរទេសខ្លួនឯងដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពាក់ព័ន្ធការចោទប្រកាន់ ពីបទបរិហារកេរ្តិ៍នៅក្នុងបណ្តឹងប្តឹងដោយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបាននិងកំពុងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលរបស់គណបក្សលោកក្នុងរាជធានីភ្នំពេញ ចាប់តាំងពីខែឧសភាមក ជាពេលដែលនគរបាលបានព្យាយាមប៉ុន្តែមិនបានសម្រេចនៅក្នុងចាប់ខ្លួនលោក ដោយសារលោកមិនបានបង្ហាញខ្លួននៅក្នុងតុលាការដើម្បីឆ្លើយសំណួរអំពីរឿងស្នេហាលួចលាក់របស់លោកជាមួយអ្នកធ្វើសក់ម្នាក់។
អំឡុងពេលមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលខ្លីកាលពីខែមុន លោក ថម ម៉ាលីណូស្គី(Tom Malinowski)ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានលើកឡើងថា ករណីតុលាការក្នុងពេលថ្មីៗនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយយ៉ាងច្បាស់ក្រឡែត។
លោកបានមានប្រសាសន៍នៅពេលនោះថា “វាច្បាស់ណាស់ថា កាលពីប៉ុន្មានសប្តាហ៍និងប៉ុន្មានខែមុន ចំណាត់ការផ្លូវច្បាប់យ៉ាងច្រើនទាំងនេះត្រូវបានចាត់ឡើងប្រឆាំង ភាគីតែម្ខាង ប្រឆាំងពលរដ្ឋដែលគេមើលឃើញថាជាអ្នករិះគន់រដ្ឋាភិបាល”៕ស៊ុយឈាង