32.9 C
Phnom Penh

តារា​កំប្លែង​ជន​ជាតិ​នីហ្សេរីយ៉ា​ត្រូវ​បាន​បដិសេធមិន​ឱ្យ​ចូល​កម្ពុជានៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​​​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Idisi Akpobome ជាតារាកំប្លែងជនជាតិនីហ្សេរីយ៉ាដែលមានគម្រោងមកសម្តែងនៅក្នុងរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះបាននិយាយថា លោកត្រូវបានបដិសេធមិនឲ្យចូលប្រទេសកម្ពុជាកាលពីថ្ងៃសៅរ៍បន្ទាប់ពីមិនព្រមបង់ប្រាក់សំណូកចំនួន១.០០០ដុល្លារដល់មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

cam-photo-comedianមន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ម្នាក់បានបញ្ជាក់អះអាងពីការបញ្ជូនលោក Akpobomeទៅទីក្រុងគួឡាឡាំពួវិញកាលពីព្រឹកថ្ងៃសៅរ៍ ប៉ុន្តែ បដិសេធថា បុគ្គលិកនៅអាកាសយានមិនបានទាមទារប្រាក់សំណូកទេ។

និយាយពីប្រទេសម៉ាឡេស៊ីកាលពីម្សិលមិញ តារាកំប្លែងរូបនេះដែលគេស្គាល់ថា Idisi Akposបាននិយាយលោកបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង១០ និង៤០នាទីព្រឹកថ្ងៃសៅរ៍ ដើម្បីមកសម្តែងនៅ Meta House នៅយប់នោះ និងនៅ Redeemed Christian Church of God កាលពីព្រឹកម្សិលមិញ។

លោក Akpobome បាននិយាយថា “អ្វីៗបានកើតឡើងលឿនណាស់” ដោយពន្យល់ថានៅពេលលោកមកដល់លោកត្រូវបានឱ្យទៅម្ខាង ហើយធ្វើការសាកសួរ។

លោកបានបន្តថា មន្ត្រីអន្តោប្រវេសន៍មួយក្រុមមានគ្នា៤នាក់បានថតចម្លងលិខិតឆ្លងដែនរបស់លោក ហើយបានសួរលោកពីមូលហេតុដែលលោកធ្វើដំណើរមកប្រទេស កម្ពុជា ហើយមានប្រាក់ប៉ុន្មាន ហើយថែមទាំងបាននាំលោកទៅកន្លែងATM ដើម្បីឆែកមើលតុល្យភាពធនាគាររបស់លោក។ លោកបានថ្លែងថា ត្រង់ចំណុចមួយ គេបានសុំឲ្យលោកបង់ប្រាក់១.០០០ដុល្លារក្នុងការចូលប្រទេសនេះ។

លោក Akpobome បាននិយាយថា លោកទទួលបានទិដ្ឋាការរយៈពេល៣ខែនៅស្ថានទូតកម្ពុជាក្នុងទីក្រុងគួឡាឡាំពួ បានកក់សំបុត្រទៅមកសម្រាប់ថ្ងៃច័ន្ទ និងបានកក់បន្ទប់សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញសម្រាប់ពីរយប់។ លោកបាននិយាយថា លោកបានធ្វើដំណើរមកដោយមានប្រាក់៥០ដុល្លារអាមេរិក និងប្រាក់ប្រហែល៣.០០០រីងគីតម៉ាឡេស៊ី(ប្រហែល៧៥ដុល្លារ) ព្រមទាំងប្រាក់បន្ថែមនៅក្នុងប័ណ្ណឥណទានពីរទៀត។

ប៉ុន្តែ ទាំងអស់េនះមិនគ្រប់គ្រាន់សម្រាប់ក្រុមមន្ត្រីអន្តោប្រវេសន៍ទេ ហើយលោកបានសម្រេចជិះយន្តហោះត្រឡប់ទៅវិញជាជាងបង់ប្រាក់១.០០០ដុល្លារ។

លោកបាននិយាយថា “ខ្ញុំដឹងថា បញ្ហាដូចនេះនឹងកើតឡើង ប៉ុន្តែ ខ្ញុំមិនគិតថាអ្វីដែលបានកើតឡើងគឺត្រឹមត្រូវឡើយ”។

លោក កែម សារិន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា គ្មានមន្ត្រីអាកាសយានដ្ឋានណាមួយដែលបានទាមទារប្រាក់១.០០០ដុល្លារ ពីលោក Akpobome ទេ “ពីព្រោះទិដ្ឋាការតម្លៃតែ៣៥ដុល្លារប៉ុណ្ណោះ”។

មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ម្នាក់នៅអាកាសយានដ្ឋានដែលបានសុំមិនបញ្ចេញឈ្មោះពីព្រោះលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយបានមានប្រសាសន៍ថា លោក Akpobome ត្រូវបានបញ្ជូនទៅប្រទេសម៉ាឡេស៊ីវិញកាលពីថ្ងៃសៅរ៍ ដោយសារគាត់មានប្រាក់តែ៥០ដុល្លារប៉ុណ្ណោះ ហើយមិនបានផ្តល់មូលហេតុច្បាស់លាស់អំពីការធ្វើដំណើររបស់គាត់ឡើយ។គាត់បាននិយាយថា តារាកំប្លែងរូបនេះមិនបានប្រាប់មន្ត្រីរបស់យើងអំពីគម្រោងរបស់គាត់ ឬការកក់សណ្ឋាគារឡើយ។

មន្ត្រីរូបនេះក៏បានបដិសេធការចោទប្រកាន់ពីប្រាក់សំណូកដែរ។ លោកបានថ្លែងថា “គាត់បានបំផ្លើស។ គ្មាននរណាម្នាក់បានទារប្រាក់១.០០០ដុល្លារពីគាត់ទេ គាត់មានប្រាក់តែ៥០ដុល្លារប៉ុណ្ណោះ”។

លោកបានបន្ថែមថា “ភ្ញៀវខ្លះមកបង្កបញ្ហាច្រើនដល់ប្រទេសយើងដូចជាជនជាតិនីហ្សេរីយ៉ាជាដើម ដោយបន្តលើកឡើងថា ជនជាតិនីហ្សេរីយ៉ាតែងតែត្រូវបានពិនិត្យពិច័យបន្ថែមនៅអាកាសយានដ្ឋាន។

លោកបានថ្លែងថា “យើងត្រូវយកចិត្តទុកដាក់បន្ថែមទៀតនៅពេលសម្រេចថាតើត្រូវអនុញ្ញាតឲ្យពួកគេចូល ឬក៏អត់នោះ”។

លោក Koledoye Abayomi Olushola ប្រធានអង្គការ Nigerians in Diaspora នៅក្នុងប្រទេសកម្ពុជាបានថ្លែងថា លោកមិនបានដឹងអំពីករណីរបស់លោក Akpobome ទេប៉ុន្តែ ជនជាតិនីហ្សេរីយ៉ាត្រូវបានទាមទារប្រាក់សំណូកនៅអាកាសយានដ្ឋាន។ លោកបានថ្លែងថា “វាជាសង្គ្រាមដែលយើងត្រូវប្រយុទ្ធ គ្រប់ពេលវេលា”។

លោកបានមានប្រសាសន៍ថា ពួកគេបានលើកឡើងពីបញ្ហានេះដល់ប្រធានអន្តោប្រវេសន៍ ប៉ុន្តែ ត្រូវបានប្រាប់ឲ្យផ្តល់ភ័ស្តុតាងរឹងមាំដែលបង្ហាញថា មន្ត្រីរបស់យើងបានទាមទារសំណូក៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស