យោងតាមទិន្នន័យពីគេហទំព័រវិភាគបណ្ដាញទំនាក់ទំនាក់ទំនងសង្គម Socialbakers បង្ហាញថា ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានកំណើនចុច “ចូលចិត្ត” (Like) យ៉ាងគំហុកពីប្រទេសឥណ្ឌា ហ្វីលីពីន និងឥណ្ឌូណេស៊ី ពីរថ្ងៃបន្ទាប់ពីឃាតកម្មលើលោក កែម ឡី អ្នកវិភាគនយោបាយ។
ទិន្នន័យនេះបង្ហាញថា Like ពីប្រទេសទាំងបីនេះដែលសុទ្ធតែល្បីថាជា “កន្លែងផ្ដល់សេវាចុច Like ក្លែងក្លាយ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកទិញអ្នកគាំទ្រ (Follower) ទទួលបានកំណើនភាគរយបីខ្ទង់ចន្លោះពីថ្ងៃទី១៣ ខែកក្កដា ដល់ដំណាច់ខែនេះ បើប្រៀបធៀបទៅនឹងកំណើនត្រឹមតែ៣ភាគរយនៅក្នុងប្រទេសកម្ពុជា អំឡុងរយៈពេលដូចគ្នា។
នេះមិនមែនជាលើកទី១ទេដែលទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី និងដែលប្រជាប្រិយភាពរបស់វាបានក្លាយជាចំណុចមោទនភាពសម្រាប់លោក ទទួលបានកំណើនអ្នកគាំទ្រយ៉ាងគំហុកពីបរទេស។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រីបានច្រានចោលដាច់អហង្ការនូវការអះអាងថា លោកបានទិញ Like បន្ទាប់ពីទិន្នន័យពីគេហទំព័រ Socialbakers បង្ហាញថា ចំនួនអ្នកគាំទ្ររបស់លោកក្នុងប្រទេសឥណ្ឌា បានកើនឡើងពីប្រហែល៦.០០០នាក់កាលពីខែកុម្ភៈ រហូតដល់ជាង៤០០.០០០នាក់ត្រឹមដំណាច់ខែមីនា។ លោកនាយករដ្ឋមន្ត្រីក៏ទទួលកំណើន Like យ៉ាងគំហុកពីប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី និងបង់ក្លាដែស ដែរអំឡុងរយៈពេលពីរបីខែដំបូងដើមឆ្នាំនេះ។
កំណើននោះហាក់នៅទ្រឹងកាលពីដើមខែឧសភា ដោយ Like របស់ឥណ្ឌា បានធ្លាក់ចុះតិចតួចពី៥១៧.២៨២ Like កាលពីថ្ងៃទី៨ ខែឧសភា មកនៅត្រឹម៥១២.០២១ Like នៅថ្ងៃទី១២ ខែកក្កដា។
ជាថ្មីម្តងទៀត ចាប់ពីថ្ងៃទី១៣ ខែកក្កដាទៅ ទំព័រហ្វេសប៊ុកនេះចាប់ផ្ដើមទទួលបានអ្នកគាំទ្រឥណ្ឌា រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ គឺកើនឡើងរហូតដល់៥៥៧.០០០នាក់គិតមកត្រឹមថ្ងៃអាទិត្យ ជាការកើនឡើង១០៩ភាគរយអំឡុងរយៈពេលបីសប្ដាហ៍។ ដូចគ្នានេះដែរ Like រាប់ម៉ឺនទទួលបានពីប្រទេសហ្វីលីពីន ក្នុងអត្រាកំណើន១៣១ភាគរយ និងពីឥណ្ឌូណេស៊ី ក្នុងអត្រា១២៣ភាគរយក្នុងរយៈពេលដូចគ្នា។
អំឡុងរយៈពេលដូចគ្នា ទំព័រនេះបានបន្ថែមអ្នកគាំទ្រកម្ពុជា ជាង៧៥.០០០នាក់ក្នុងអត្រាកំណើន៣ភាគរយ ដែលប្រហែលជាដូចគ្នានឹងកំណើនមុនដែរ។
ពេលនេះប្រមាណ៤៥ភាគរយនៃអ្នកគាំទ្រប្រហែល៤,៩លាននាក់របស់លោក ហ៊ុន សែន រស់នៅក្រៅប្រទេសកម្ពុជា ដោយឥណ្ឌា មានជាង១១ភាគរយនៃចំនួនសរុបគិតមកត្រឹមរសៀលម្សិលមិញ។

កំណើននេះកើតមានឡើងក្នុងពេលដ៏រសើបសម្រាប់លោកនាយករដ្ឋមន្ត្រី ដែលកំពុងតែប្រឆាំងជំទាស់ការសង្ស័យរបស់សាធារណជនទាក់ទិនឃាតកម្មកាលពីថ្ងៃទី១០ ខែកក្កដា លើលោក កែម ឡី ព្រមទាំងសម្ពាធអន្តរជាតិជំុវិញការគ្មានឆន្ទៈរបស់កម្ពុជា ចូលរួមជាមួយបណ្ដាប្រទេសជិតខាងដើម្បីស្ដីបន្ទោសប្រទេសចិន ដែលអះអាងសិទ្ធិកាន់កាប់ទូលំទូលាយពេកលើសមុទ្រចិន ខាងត្បូង។
ទោះជាយ៉ាងណា វត្តមានហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅតែបន្តក្លាយជាចំណុចជោគជ័យសម្រាប់លោក។ អំឡុងសុន្ទរកកាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីហាក់ចំអកឱ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលមានអ្នកគាំទ្រតាមហ្វេសប៊ុកច្រើនជាងគេរហូតដល់ដើមឆ្នាំនេះ និងដែលបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនេះដោយជោគជ័យនៅក្នុងការកៀរគរការគាំទ្រអំឡុងរដូវកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ លោកមានប្រសាសន៍ថា “មាន Post Like ជាង១៥លានសម្រាប់ខ្ញុំ។ ហើយចុះអ្នកឯងវិញ មានប៉ុន្មានឱ្យពិតប្រាកដ?”។
បច្ចុប្បន្នទំព័រហ្វេសប៊ុកលោក សម រង្ស៊ី មានអ្នកគាំទ្រជិត២,៩លាននាក់ ក្នុងនោះ៨២ភាគរយរស់នៅក្នុងប្រទេសកម្ពុជា។
ជាថ្មីម្ដងទៀត លោកនាយករដ្ឋមន្ត្រីបានច្រានចោលការចោទប្រកាន់ដែលលើកឡើងថា Like របស់លោកបានមកពីការទិញ។ លោកចោទសួរថា “តើខ្ញុំទិញពីណា? តើកន្លែងទិញវានៅឯណា?”។
ទោះជាយ៉ាងណា នៅតាមគេហទំព័រនានាដូចជា Social King របស់ប្រទេសឥណ្ឌាជាដើម អ្នកទិញអាចទទួលយកសេវាផ្ដល់ជូនរបស់គេហទំព័រនេះបានដូចជា “ទទួលបានការចាប់អារម្មណ៍ (Get Attraction) ទទួលបានអាជីវកម្ម (Get Business) ទទួលបានភាពល្បីល្បាញ (Get Fame)” តាមរយៈការទិញ Like ក្នុងហ្វេសប៊ុកពី៥០០Like ទៅ១លាន Like ពី “អ្នកប្រើប្រាស់ហ្វេសប៊ុកពិតប្រាកដ១០០ភាគរយ” ក្នុងអត្រាតម្លៃចាប់ពី១១,៩៩ដុល្លាឡើងទៅ។
លោក សោម សឿន រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រីដែលទទួលបន្ទុកគ្រប់គ្រងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានមានប្រសាសន៍ថា លោកមិនដឹងសោះទាក់ទិនកំណើនអ្នកគាំទ្រថ្មីៗយ៉ាងគំហុកនេះ។
លោកបានលើកឡើងកាលពីម្សិលមិញថា ”វាជាការងារបច្ចេកទេសពាក់ព័ន្ធការ Like ហើយខ្ញុំមិនមែនជាអ្នកជំនាញផ្នែកនេះទេ។ ខ្ញុំគ្រាន់តែដឹងចំនួន Like សរុបប៉ុណ្ណោះ។ ពេលលោកសួរខ្ញុំអំពីប្រទេសហ្វីលីពីន និងឥណ្ឌូណេស៊ី ខ្ញុំមិនដឹងពីប្រភព Like ទាំងនេះទេ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកក៏មិនអាចបកស្រាយពីបញ្ហានេះបានដែរ។ លោកគូសបញ្ជាក់ថា “យកល្អ លោកគួរតែសួរក្រុមហ៊ុន ហ្គូហ្គល ឬហ្វេសប៊ុកទៅ”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី មានប្រសាសន៍ថា មូលហេតុនៃការកើនឡើង Like យ៉ាងគំហុកនេះគឺច្បាស់លាស់។ ដោយគូសបញ្ជាក់ជាថ្មីអំពីការចោទប្រកាន់មួយដែលបានធ្វើឲ្យលោករងបណ្តឹងពីសំណាក់លោក សោម សឿន កាលពីខែមីនា លោកបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”ជាក់ស្តែងគ្មានការបកស្រាយផ្សេងឡើយសម្រាប់កំណើនយ៉ាងគំហុក និងគួរឱ្យកត់សម្គាល់នេះក្រៅតែពីក្រុមការងារហ្វេសប៊ុករបស់លោក ហ៊ុន សែន ជាអ្នកទិញ Like ឱ្យគាត់”។
លោក សម រង្ស៊ី គូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអាចនឹងអស់អ្នកគាំទ្រក្នុងស្រុក ហើយចាំបាច់ត្រូវងាកទៅរកបរទេសដើម្បីតាមឱ្យទាន់កំណើន Like យ៉ាងច្រើនរបស់លោក។ លោកបានបន្តថា “ពេលនេះ វាក៏ចំពេលល្អដែរសម្រាប់គាត់ធ្វើរឿងនេះព្រោះប្រជាប្រិយភាពរបស់គាត់កំពុងតែធ្លាក់ចុះខ្លាំងពាក់ព័ន្ធព្រឹត្តិការណ៍ថ្មីៗនេះ ហើយគាត់គ្រាន់តែចង់បង្ហាញផ្ទុយពីនេះ”។
លោកស្រី ឡូរ៉េល ភែបវ៉ស (Laurel Papworth) អ្នកប្រឹក្សាយោបល់ផ្នែកបណ្តាញទំនាក់ទំនងសង្គមអូស្ត្រាលី បានលើកឡើងថា អ្នកគាំទ្ររបស់លោក ហ៊ុន សែន ហាក់ធ្វើការទំនាក់ទំនងជាមួយទំព័ររបស់លោក ប៉ុន្តែកំណើនអ្នកប្រើប្រាស់ថ្មីៗហាក់ខុសប្រក្រតី ដោយលើកឡើងពីការបោសសម្អាតគណនីក្លែងក្លាយ។
លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ទំព័រហ្វេសប៊ុកនេះបង្ហាញពី “កំណើន Page Like ៥,៨ភាគរយ(អ្នកទិញសេវា) ប៉ុន្តែភ្លាមៗបានបាត់ទៅវិញពាក់កណ្ដាល (វាមិនបង្ហាញចំនួនសរុបទេ នៅពេលកំណើនពិតប្រាកដមានត្រឹមតែ២,៤ភាគរយ) ដែលបង្ហាញថាវាជារឿងចម្លែក។ វាស្មើនឹង៥,៨ភាគរយដែលចុច Like ទំព័រនេះ បន្ទាប់មកពាក់កណ្ដាលក្នុងចំណោមនោះបានចុច Unlike វាវិញភ្លាមៗ។ ពួកគេមិនចាំបាច់ធ្វើបែបនោះទេ ដូច្នេះវាប្រហែលជាប្រព័ន្ធបោសសម្អាតរបស់ហ្វេសប៊ុក”៕ សុខុម (រាយការណ៍បន្ថែមដោយ គុច ណារ៉េន)