34 C
Phnom Penh

រដ្ឋាភិបាល​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីរយៈពេលប្រាំបីឆ្នាំក្នុងការរៀបចំចងក្រង កាលពីម្សិលមិញ ក្រសួងកសិកម្មបានផ្សព្វផ្សាយច្បាប់ជាលើកដំបូងរបស់ប្រទេសកម្ពុជាស្តីពីការគ្រប់គ្រងគុណភាពនៃផលិតផលសាច់ក្នុងស្រុកនិងនាំចូល ហើយនិងបសុសត្វ។

cam-photo-airport-cow-800x533ច្បាប់ ដែលត្រូវបានឡាយព្រះហស្តលេខាដាក់ឲ្យប្រើប្រាស់ដោយព្រះមហាក្សត្រ នរោត្តម សីហមុនី កាលពីខែមករា នឹងប្រើជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងការនាំចូលនិងនាំចេញសត្វចិញ្ចឹមនិងសាច់សត្វ ការព្យាបាលសត្វ ដើម្បីធានាដល់សុខភាពសត្វ ការអនុវត្តស្តង់ដារអនាម័យនៅតាមទីសត្តឃាត និងការគ្រប់គ្រងសារធាតុគីមីចំពោះផលិតផល សាច់។

លោក Alexangdre Huynh តំណាងអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសរសើរច្បាប់នេះថាជា “ជំហានដំបូងនិងសំខាន់បំផុត” ដែលធ្វើឲ្យប្រសើរដល់គុណភាពនៃសត្វចិញ្ចឹម និងផលិតផលសាច់ក្នុងប្រទេសកម្ពុជា។

លោកបាននិយាយកាលពីម្សិលមិញថា “សម្រាប់ប្រទេសនេះនិងសម្រាប់កសិកម្ម ខ្ញុំគិតថា ច្បាប់នេះពិតជាសំខាន់ណាស់។ វានឹងបើកទ្វារទទួលការវិនិយោគដ៏សំខាន់ និងសមត្ថភាពប្រកួតប្រជែងក្នុងស្រុកជាមួយនឹងការនាំចូល ដើម្បីផ្តល់ផលិតផលនេះដល់អ្នកបរិភោគ និងក៏ធានាគុណភាពដែរ”។

ក្នុងពិធីផ្សព្វផ្សាយជាសាធារណៈនៅសណ្ឋាគារអាំងទែកុងទីណង់តាល់ ក្នុងក្រុងភ្នំពេញកាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បានបង្ហាញចំណុចសំខាន់ៗនៃច្បាប់នេះដល់មន្ត្រីខេត្ត និងមន្ត្រីផ្សេងទៀត ក្នុងនោះមានទាំងការគ្រប់គ្រងសារធាតុរក្សាគុណភាពសាច់ផងដែរ។

លោក សាខុន បានមានប្រសាសន៍ថា “រហូតមកដល់ពេលេនះ យើងមិនទាន់បានគ្រប់គ្រងឱ្យបានត្រឹមត្រូវនូវគុណភាពនៃសាច់សត្វនាំចូលទេ ជាពិសេសទាក់ទិននឹងការនាំចូលប្រហិត” ដែលជាញឹកញាប់មានសារធាតុគីមីដែលរក្សាសាច់ឱ្យមើលឃើញនៅស្រស់ បើទោះជាវាខូចគុណភាពទៅហើយក្ដី។ លោកមានប្រសាសន៍ថា “ក្រសួងកសិកម្មបានស្នើសុំឲ្យរដ្ឋាភិបាលលៃទុកថវិកាដើម្បីឱ្យយើងអាចបង្កើតកន្លែងពិសោធន៍នៅតាមច្រក [ព្រំដែន] សំខាន់ៗ ដើម្បីគ្រប់គ្រងនិងបញ្ឈប់ការនាំចូលសាច់ខូចគុណភាព”។

លោក សាខុន បានមានប្រសាសន៍ថា បន្ថែមលើនេះ ក្រុមមន្ត្រីមកពីនាយកដ្ឋានសុខភាពនិងផលិតកម្មសត្វរបស់ក្រសួង ដែលបានស្នើច្បាប់េនះលើកដំបូងនៅឆ្នាំ២០០៧ នឹងពិនិត្យទីផ្សារនៅទូទាំងប្រទេស ដើម្បីធ្វើតេស្តរកសារធាតុគីមីមានគ្រោះថ្នាក់ ដែលអាចធ្វើឱ្យកើតមានជំងឺមហារីក ជំងឺបេះដូង និងការពុលអាហារជាដើម។

លោកមានប្រសាសន៍ថា ”សារធាតុគីមីទាំងនេះប៉ះពាល់ដល់សុខភាពសាធារណៈ”។

លោក Huynh បានមានប្រសាសន៍ថា ការណែនាំច្បាប់បន្ថែមគឺចាំបាច់ដើម្បីធានាថា ការអនុវត្តច្បាប់នេះស្របតាមនិយាមអន្តរជាតិ។ លោកមានប្រសាសន៍ថា ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ការណែនាំជាក់លាក់អំពីបញ្ហានានាដូចជា អនាម័យ សុវត្ថិភាពចំណីអាហារ និងការព្យាបាលសត្វ នឹងត្រូវបង្កើតឡើង។

យោងតាមលោក ខែម វុទ្ធី ធ្វើការឱ្យក្រុមហ៊ុនដែលជំនាញខាងព្យាបាលជ្រូក បសុបក្សី និងសត្វពាហនៈ ការព្យាបាលតែមួយមុខនឹងជួយបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។

លោក វុទ្ធី អ្នកគ្រប់គ្រងបច្ចេកទេសព្យាបាលសត្វនៅក្រុមហ៊ុន ខេមវ៉េតហ្វាម បានមានប្រសាសន៍ថា អ្នកដែលបរិភោគសាច់សត្វកើតរោគអាចមានជំងឺជាច្រើន ”ដូចជាជំងឺផ្ដាសាយបក្សី ឬមេរោគចង្រៃ” ប្រសិនបើសត្វមិនទទួលបានការព្យាបាលទេនោះ។

“ដូច្នេះ ការព្យាបាលសត្វគឺសំខាន់ដើម្បីគ្រប់គ្រងសាច់មុនពេលលក់ចេញ”៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស