34 C
Phnom Penh

លោក ហ៊ុន សែន ប្តឹង​លោក​ សម រង្ស៊ី និង​សមាជិកព្រឹទ្ធសភាម្នាក់​​​ជុំ​​​វិញ​​​ការ​អះ​អាង​ពី​ករណី​​​ធ្វើឃាត​លោក កែម ឡី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី  ហ៊ុនសែន បានប្តឹងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា គណបក្សប្រឆាំងម្នាក់ពីបទចោទប្រកាន់លោកថា បានបញ្ជាឲ្យបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពកាលពីខែមុនជាករណីថ្មីបំផុតនៅក្នុងវិធានការច្បាប់ដែលរដ្ឋាភិបាលកំពុងបន្តចាត់ការទៅលើគណបក្សប្រឆាំង។

មេធាវី គី តិច និយាយជាមួយអ្នកយកព័ត៌មាន បន្ទាប់ពីដាក់ពាក្យបណ្តឹងក្នុងនាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងនឹងសមាជិកសភាបក្សប្រឆាំងអ្នកស្រី ថាក់ ឡានី និងមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី នៅឯតុលាការក្រុងភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សំណុំរឿងតុលាការកាលពីពេលថ្មីៗនេះបានធ្វើឱ្យតំណាងរាស្ត្រពីររូបឲ្យជាប់ពន្ធនាគារ រួចហើយ គឺលោក សម រង្ស៊ី បាននិរទេសខ្លួនដោយខ្លួនឯង និងធ្វើឱ្យលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងសម្ងំលាក់ខ្លួននៅក្នុងទីស្នាក់ការកណ្តាលគណបក្ស។ ពាក្យបណ្តឹងថ្មីបំផុតប្តឹងលោក សម រង្ស៊ី  បន្ថែមពីលើពាក្យបណ្តឹងមួយដែលកាលពីថ្ងៃអាទិត្យលោក ហ៊ុន សែន បានសន្យា ប្តឹងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង។

លោក គី តិច មេធាវីតំណាងលោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “យើងបានដាក់ពាក្យបណ្តឹងចំនួនពីរ”។

លោកបានបន្តថា “ពាក្យបណ្តឹងទី១ប្តឹងលោកជំទាវ ថាក់ ឡានី ដែលបាននិយាយនៅវេទិកាសាធារណៈមួយក្នុងខេត្តរតនគិរីថា លោកនាយករដ្ឋមន្ត្រីបានសម្លាប់លោក កែម ឡី ។ ពាក្យបណ្តឹងទី២ប្តឹងលោក សម រង្ស៊ី ពីព្រោះឯកឧត្តម សម រង្ស៊ី បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុកដែលមានខ្លឹមសារថា ការស្លាប់របស់លោក កែម ឡី គឺជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច”។

កាលពីថ្ងៃអាទិត្យអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូបបានចោទប្រកាន់លោកស្រី ថាក់ ឡានី ពីបទបរិហារកេរ្តិ៍។ លោក គី តិច នឹងមិនចេញឈ្មោះបទល្មើសនោះទេកាលពីម្សិលមិញ ប៉ុន្តែ បានលើកឡើងថា លោកនាយករដ្ឋមន្ត្រីបានទាមទារសំណងតែ១០០រៀលប៉ុណ្ណោះ។

ប៉ុន្តែ ខ្លឹមសារពាក្យបណ្តឹងដែលបានប្តឹងកាលពីម្សិលមិញ បានលើកឡើងពីការលទ្ធភាពនៃការចោទប្រកាន់ធ្ងន់ធ្ងរពីបទញុះញង់ដោយអះអាងថា ការបង្ហោះរបស់លោក សម រង្ស៊ី អាច “ធ្វើឲ្យប្រជាពលរដ្ឋមានកំហឹង និងអាចបង្កឱ្យមានចលាចលសង្គម”។

លោក គី តិច បានមានប្រសាសន៍ថា “បញ្ហាសំខាន់គឺថា សម្តេច ហ៊ុន សែន ចង់ឲ្យជម្រះការបន្ទោសទេ។ បញ្ហាទី២គឺកិត្តិយស។ លោកជំទាវ ថាក់ ឡានី និងលោក សម រង្ស៊ី បានមួលបង្កាច់ការពិត ហើយថា វាប៉ះពាល់ដល់កិត្តិយសសម្តេច ហ៊ុន សែន និងកិត្តិយសរដ្ឋាភិបាល”។

លោកនាយករដ្ឋមន្ត្រីមិនទទួលខុសត្រូវចំពោះការសម្លាប់លោក កែម ឡី ទេ ប៉ុន្តែ ការបដិសេធរបស់លោកទំនងជាអាចកែប្រែបានតិចតួចណាស់ចំពោះមតិសាធារណជនដែលជាទូទៅយលល់ថា រដ្ឋាភិបាលនៅពីក្រោយរឿងនេះ។

អ្នកអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងស្តារមា៉ាតមួយក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា។ បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនចំពោះការបាញ់សម្លាប់នោះអះអាងថា ខ្លួនបានសងសឹកចំពោះការដែលលោក កែម ឡី ជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង ប៉ុន្តែ មជ្ឈដ្ឋានជាច្រើនទំនងជាជឿថា ការរិះគន់ជាញឹកញាប់របស់លោកទៅលើរដ្ឋាភិបាលជាមូលហេតុធ្វើឲ្យលោកស្លាប់។

ថ្ងៃនៃការបាញ់សម្លាប់នោះ លោក សម រង្ស៊ី បានបង្ហោះសារតាមទំព័រហ្វេសប៊ុកដោយហៅថា ជា “អំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច” ។ លោកបានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកម្តងទៀតកាលពីម្សិលមិញតបតនឹងការចោទប្រកាន់នេះ។

លោកបានសរសេរថា “ខ្ញុំ ជឿថារដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតករដែលបានបាញ់សម្លាប់លោក កែម ឡី ដូចក្នុងករណីការគប់គ្រាប់បែកឆ្នាំ១៩៩៧ដែលបានបណ្តាលឱ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់ និងដូចក្នុងករណីឃាតកម្មលើលោក ជា វិជ្ជា ក្នុងឆ្នាំ២០០៤ និងករណីឃាតកម្មលើលោក ឈុត វុទ្ធី ក្នុងឆ្នាំ២០១២អ៊ីចឹងដែរ។ ទាំងអស់នេះជាអំពើភេរវកម្មរៀបចំដោយរដ្ឋអំណាច”។

លោក សម រង្ស៊ី បានឆ្លើយតបទៅនឹងសំណើសុំអត្ថាធិប្បាយកាលពីម្សិលមិញ ហើយអ្នកនាំពាក្យគណបក្សប្រឆាំងមិនអាចទាក់ទងបានទេ។

ពាក្យបណ្តឹងប្តឹងលោកស្រី ថាក់ ឡានី កើតចេញពីការលើកឡើងរបស់លោកស្រីទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងក្នុងខេត្តរតនគិរីដែលជាខេត្តកំណើតរបស់លោកស្រី កាលពីថ្ងៃសុក្រ។

នៅក្នុងវីដេអូឃ្លីបស្តីពីហេតុការណ៍ដែលត្រូវបានបង្ហោះតាមប្រព័ន្ធអីុនធឺណិតនៅថ្ងៃបន្ទាប់ដោយគេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល គេឮសមាជិកព្រឹទ្ធសភារូបនេះនិយាយថា លោក ហ៊ុនសែន “បានសម្លាប់លោក កែម ឡី” ចំពោះការនិយាយទាក់ទិនការចោទប្រកាន់ពីបទពុករលួយប្រឆាំងក្រុមគ្រួសារលោក។ លោកស្រី ថាក់ ឡានី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

ប៉ុន្តែ កាលពីថ្ងៃអាទិត្យលោកស្រីបដិសេធថា មិនបានចោទប្រកាន់លោក ហ៊ុន សែន ថាបានបញ្ជាឡើយ ហើយបានអះអាងថា ខ្សែអាត់សំឡេងនេះត្រូវបានគេកែកាត់តដើម្បីធ្វើឲ្យសំឡេងនោះដូចជាសំឡេងរបស់លោកស្រី ។

សមាជិកព្រឹទ្ធសភារូបនេះបានមានប្រសាសន៍ថា លោកស្រីនឹងផ្ញើខ្សែអាត់សំឡេងពេញទៅអ្នកយកព័ត៌មានដើម្បីបង្ហាញការអះអាងរបស់លោកស្រី ប៉ុន្តែ មិនទាន់បានធ្វើនៅឡើយទេ។ លោកស្រីបានអះអាងថា ខ្សែអាត់សំឡេងពេញត្រូវបានបង្ហោះនៅលើទំព័រហេ្វសប៊ុករបស់លោកស្រី ប៉ុន្តែ គិតត្រឹមយប់មិញវាទំនងជាមិននៅទីនោះទេ។

ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី គឺជាករណីបរិហារកេរ្តិ៍លើកទី៣លើមេដឹកនាំបក្សប្រឆាំងរូបនេះក្នុងឆ្នាំមុន។

កាលពីខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោក សម រង្ស៊ី ជុំវិញការកាត់ឲ្យជាប់ទោសច្រើនឆ្នាំពីបទបរិហារកេរ្តិ៍លោក ហោ ណាំហុង ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងឆ្នាំ២០០៨ដោយបណ្តាលឲ្យលោកសម្រេចមិនត្រឡប់ពីការធ្វើដំណើរនៅក្រៅប្រទេសដែលលោកកំពុងធ្វើនៅពេលនោះ។ ហើយកាលពីសប្តាហ៍មុនសាលាដំបូងរាជធានីបានកាត់លោក សម រង្ស៊ី ឱ្យជាប់ទោសពីបទបរិហារកេរ្តិ៍លោក ហេង សំរិន ប្រធានរដ្ឋសភាដោយអះអាងមិនត្រឹមត្រូវថា រដ្ឋាភិបាលកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ១៩៨០ដែលលោក ហេង សំរិន បានដឹកនាំនោះ បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស