40.6 C
Phnom Penh

ក្រុម​​​អ្នក​នយោបាយ​ចាម​ ឡើង​​​​តុលាការ​ទាក់ទិន​នឹង​ជម្លោះ​ធ្វើ​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជម្លោះរវាងអ្នកនយោបាយចាមពីររូបដ៏ល្បីឈ្មោះបំផុតនៅប្រទេសកម្ពុជា បានឈានដល់កម្រិតដែលត្រូវដោះស្រាយកាលពីម្សិលមិញ នៅពេលដែលសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការរឿងបរិហារកេរ្តិ៍ដែលប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ដោយលោក អូស្មាន់ ហាស្សាន់ ដែលទាំងពីរនាក់សុទ្ធតែជារដ្ឋលេខាធិការរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច។

លោក ហាស្សាន់ រដ្ឋលេខាធិការនៅក្រសួងការងារ បានប្តឹងលោក អះម៉ាត់ យ៉ះយ៉ា ដែលធ្វើការនៅក្រសួងសង្គមកិច្ច ពីបទចោទថាបានបរិហារកេរ្តិ៍លោកក្នុងបទសម្ភាសមួយជាមួយអង្គភាពព័ត៌មានក្នុងស្រុកកាលពីខែមេសា។ លោកទារសំណងជំងឺចិត្តមួយលានដុល្លារ។

cam-photo-front-channa-1ក្នុងបទសម្ភាសនោះ លោក យ៉ះយ៉ា បានអះអាងថា លោក ហាស្សាន់ បានធ្វើជាមេគំនិតលើផ្លូវថ្មីដ៏ចម្រូងចម្រាសមួយ ដែលរដ្ឋាភិបាលចង់ធ្វើកាត់ដីដែលនៅជាប់ព្រះវិហារ អាល សឺកាល ( Al-Serkal) នៅតំបន់បឹងកក់ក្នុងក្រុងភ្នំពេញ ដែលជាព្រះវិហារអីុស្លាមធំបំផុតនិងស្តុកស្តម្ភបំផុតនៅប្រទេសកម្ពុជា។ លោកបានបន្តថ្លែងថា លោក ហាស្សាន់ មានបំណងចង់ពុះដីព្រះវិហារជាពីរ និង “ទទួលបានប្រយោជន៍” ដោយធ្វើជាដៃគូជាមួយក្រុមហ៊ុនសំណង់មួយ ដើម្បីអភិវឌ្ឍដីនោះ។

ដីដែលព្រះវិហារអីុស្លាមស្ថិតនៅនោះ មានសមាគមសហគមន៍មូស្លីមពីរជាម្ចាស់រួមគ្នា ក្នុងនោះមានសមាគមមួយដែលដឹកនាំដោយលោក ហាស្សាន់។

ក្នុងសវនាការកាលពីម្សិលមិញ លោក កុយ គន្ធី មេធាវីរបស់លោក ហាស្សាន់ បាននិយាយថា សាលាក្រុងបានសុំការអនុញ្ញាតពីសមាគមទាំងពីរ ដើម្បីធ្វើផ្លូវ។

លោកបាននិយាយថា “អ្នកដែលស្នើសុំ គឺសាលាក្រុង គឺមិនមែនកូនក្តីរបស់ខ្ញុំទេ។ នេះមិនមែនជារឿងថ្មីទេ ហើយឯកឧត្តម អះម៉ាត់ យ៉ះយ៉ា បានបំផ្លើស”។

លោក យ៉ះយ៉ា បានស្នើសុំចៅក្រមជំនុំជម្រះ លោក ឡុង កេសភិរម្យ លើកបណ្តឹងនេះចោល ដោយបានហៅជម្លោះនេះជា “ជម្លោះគ្រួសារ” ដែលនឹងធ្វើឲ្យគណបក្សប្រជាជនខាតសន្លឹកឆ្នោត ប្រសិនបើបណ្តោយឲ្យវាអូសបន្លាយពេលតទៅទៀត។

លោកបានមានប្រសាសន៍ថា “កុំឲ្យវាក្លាយទៅជារឿងធំ។ ផលប្រយោជន៍នយោបាយ និងសន្លឹកឆ្នោត នឹងបាត់បង់”។

ទោះជាយ៉ាងនេះក្តីរឿងនេះមិនបានទប់ស្កាត់លោកមិនឲ្យបង្ហាញភ័ស្តុតាងគាំទ្ររឿងក្តីនេះទេ ដោយបានលើកឡើងអំពីការប្រជុំនៅខែមីនាឆ្នាំ២០១៣នៅឯសាលាក្រុង ដែលក្នុងពេលនោះលោក ហាស្សាន់ បានបង្ហាញផែនការធ្វើផ្លូវថ្នល់ និងបានបញ្ចេញសាក្សីម្នាក់ដែលបានផ្តល់សក្ខីកម្មថា គាត់បានស្តាប់ឮលោក ហាស្សាន់ និយាយអំពីផែនការសាងសង់សណ្ឋាគារមួយកន្លែង និងភោជនីយដ្ឋានលើដីរបស់ព្រះវិហារនោះ។

លោក យ៉ះយ៉ា បានសន្និដ្ឋានថា “ខ្ញុំទទួលស្គាល់ថាកំហុសរបស់ខ្ញុំគឺថា ខ្ញុំបាននិយាយការពិត”។

ចៅក្រម កេសភិរម្យ បានមានប្រសាសន៍ថា សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី១៥ ខែសីហា៕­និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស