កាលពីចុងឆ្នាំមុន តាមរយៈសារបង្ករឿងមួយដែលលោក សម រង្ស៊ី បានបង្ហោះតាមហ្វេសប៊ុកពីបរទេស ប្រធានគណបក្សប្រឆាំងរូបនេះបានចោទប្រកាន់មិនពិតថា របបដឹកនាំរបស់លោក ហេង សំរិន នាទសវត្សរ៍ឆ្នាំ១៩៨០បានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រ នរោត្តម សីហនុ។
បន្ទាប់ពីលោក ហេង សំរិន ដែលបច្ចុប្បន្នជាប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជាបានប្ដឹងលោកភ្លាមៗពីបទបរិហារកេរ្តិ៍ លោក សម រង្ស៊ី មិនព្រមកែប្រែទស្សនៈរបស់លោកឡើយ។ ជំនួសឱ្យការបដិសេធការអះអាងនេះលោកបានលើកឡើងអំពីរឿងនេះដដែលជាច្រើនសា ដោយទាញទឡ្ហីករណ៍ថា ទោះបីជារបបនេះមិនបានកាត់ទោសប្រហារជីវិតព្រះមហាក្សត្រក្ដី ក៏របបនេះបានសម្លាប់ព្រះអង្គ “ផ្នែកសីលធម៌ និងនយោបាយ” តាមរយៈការបង្កើតសាធារណរដ្ឋជំនួសឱ្យរបបរាជានិយមនៅឆ្នាំ១៩៧៩។
វាជាលទ្ធផលចុងក្រោយនៅក្នុងការបញ្ជូនសារដែលបង្ហាញឱ្យឃើញអ្វីមួយដែលមិនចាំបាច់ ស្របពេលគណបក្សកាន់អំណាចមានអភិបាលកិច្ចទន់ខ្សោយ ដែលនាំឱ្យគណបក្សប្រឆាំងចាប់ចំណុចខ្សោយពិតរបស់គណបក្សប្រជាជនកម្ពុជាបានយ៉ាងងាយស្រួល។
លោក ឆាំ ប៊ុនថេត ជាសមាជិកស្ថាបនិកមួយរូបនៃក្រុមតស៊ូមតិ “ខ្មែរដើម្បីខ្មែរ” របស់លោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវគេធ្វើឃាត និងជាមន្ត្រីមួយរូបនៅគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានប្រសាសន៍ថា “ខ្ញុំគិតថា គាត់ពិតជាមិនយល់ពីការទទួលខុសត្រូវរបស់គាត់ទេក្នុងនាមជាប្រធានគណបក្សប្រឆាំង។ គាត់គួរតែធ្វើការដោយម៉ឺងម៉ាត់លើការបង្កើតគោលនយោបាយមានប្រសិទ្ធភាពដើម្បីទាមទារឱ្យមានការផ្លាស់ប្ដូរ ប៉ុន្តែគាត់មិនធ្វើដូច្នេះទេ។ គាត់មិនដែលប្រាប់យើងឱ្យបានច្បាស់អំពីគោលនយោបាយអ្វីដែលគាត់នឹងផ្ដល់អាទិភាព និងវិធីដែលត្រូវអនុវត្តគោលនយោបាយទាំងនោះបែបណាឡើយ”។
ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋដែលមានក្ដីរំពឹងកាន់តែច្រើន បានសម្ដែងការក្ដៅក្រហាយដោយបើកចំហកាន់តែខ្លាំងឡើងចំពោះប្រព័ន្ធថែទាំសុខភាពដ៏អន់របស់ប្រទេស កង្វះជម្រើសអប់រំ និងអំពើពុករលួយដ៏រ៉ាំរ៉ៃ ខណៈយុវជនរាប់ម៉ឺនសែននាក់បានចេញទៅបរទេសដើម្បីស្វែងរកការងារធ្វើ។
ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិបានចំណាយពេលតិចតួចណាស់ ប្រសិនបើមាន នៅក្នុងការជំរុញសំណើនានាដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ ហើយស្ទើរតែមិនបានប្រើប្រាស់សោះនូវអ្វីដែលខ្លួនបាននិយាយកាលពី២ឆ្នាំមុនថា ជាអំណាចធំធេងរបស់ខ្លួនក្នុងឋានៈជាគណបក្សប្រឆាំងក្នុងរដ្ឋសភា ដែលជាថ្មីម្ដងទៀតខ្លួនកំពុងធ្វើពហិការនៅពេលនេះ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានមានប្រសាសន៍ថា “ពាក់ព័ន្ធការបង្កើតគោលនយោបាយជាជម្រើស ពួកគេពិតជាអាចធ្វើវាបាននៅខាងក្រៅរដ្ឋសភា ប្រសិនបើពួកគេចង់” ហើយលោកក៏បានគូសបញ្ជាក់ដែរថា លោក សម រង្ស៊ី បានសន្យាធ្វើឱ្យគណបក្សប្រឆាំងមានវិជ្ជាជីវៈនៅក្នុងសភា។
បន្ទាប់ពីបញ្ចប់ការធ្វើពហិការមិនចូលសភារបស់គណបក្សសង្គ្រោះជាតិនៅខែកក្កដា ឆ្នាំ២០១៤ លោក សម រង្ស៊ី បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិនឹងដំណើរការដូច “គណបក្សប្រឆាំងរបស់ម្ចាស់ក្សត្រិយានី” នៅចក្រភពអង់គ្លេស ដោយបង្កើតគណៈរដ្ឋមន្ត្រីស្រមោលដែលមានតំណាងរាស្ត្រច្បាស់លាស់ទទួលបានការចាត់តាំងឱ្យទទួលខុសត្រូវកិច្ចការគោលនយោបាយ។
បន្ទាប់ពីលោក ហ៊ុន សែន បានច្រានចោលគំនិតនោះទាំងស្រុង គណបក្សសង្គ្រោះជាតិមិនបានបន្តគំនិតនេះទៀតទេ។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា យ៉ាងហោចណាស់គណបក្សសង្គ្រោះជាតិគួរតែចាត់តាំងឱ្យមានការទទួលខុសត្រូវចំពោះវិស័យគោលនយោបាយខុសៗគ្នា ហើយជ្រើសរើសអ្នកនាំពាក្យម្នាក់សម្រាប់កិច្ចការគោលនយោបាយនីមួយៗ ជំនួសឱ្យថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួនដែលធ្វើសេចក្ដីសម្រេចទាំងប្រញាប់ប្រញាល់។
លោកលើកឡើងទៀតថា ”ពួកគេអាចបង្កើតគណៈរដ្ឋមន្ត្រីស្រមោលបានប្រសិនបើពួកគេចង់ ទោះបីជាពួកគេមិនចង់ហៅវាថា ជាគណៈរដ្ឋមន្ត្រីស្រមោលក៏ដោយ។ ពួកគេចាំបាច់ត្រូវចាត់តាំងមនុស្សឱ្យសិក្សាអំពីវិស័យគោលនយោបាយជាក់លាក់ និងធ្វើសំណើផ្សេងៗ។ បើគ្មានរចនាសម្ព័ន្ធដើម្បីផ្ដោតលើគោលនយោបាយនានា ពួកគេនឹងមិនទទួលបានផលច្រើនទេ។ ពួកគេនិយាយថា ខ្លួនចង់ធ្វើរឿងនេះ ប៉ុន្តែពួកគេមិនបានពិចារណាល្អិតល្អន់ទេ។ ពួកគេចាំបាច់ត្រូវតែរក្សាភាពស្ងប់ស្ងាត់ ជាពិសេសលោក សម រង្ស៊ី”។
គណបក្សសង្គ្រោះជាតិបានចូលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ជាមួយនឹងកម្មវិធីនយោបាយដែលមានគោលនយោបាយសំខាន់ៗប្រាំពីរចំណុច ក្នុងនោះរួមមានទាំងសេវាថែទាំសុខភាពឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងការដំឡើងប្រាក់ខែគោលសម្រាប់កម្មករកាត់ដេរ និងមន្ត្រីរាជការស៊ីវិលដែលសុទ្ធតែត្រូវបានអនុម័តដោយគណបក្សប្រជាជនកម្ពុជាចាប់តាំងពីពេលនោះ។
ចាប់តាំងពីពេលនោះមក លោក សម រង្ស៊ី បានស្នើគោលនយោបាយសំខាន់ៗតែពីរប៉ុណ្ណោះ ១គឺកម្មវិធីគ្រប់គ្រងការជួលផ្ទះដែលពេលនេះលែងដំណើរការ ដែលលោកបានខិតខំធ្វើជាមួយគណបក្សប្រជាជនកម្ពុជា និង១ទៀតគឺសំណើសុំឱ្យមានការបែងចែកដីធ្លីឡើងវិញដោយតុលាការដែលដោះស្រាយករណីចាប់យកដីធ្លីក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ប្រធានអនុគណៈកម្មការកិច្ចការបរទេសនៃគណបក្សសង្គ្រោះជាតិបានមានបន្ទូលថា តាមពិតគណបក្សប្រឆាំងបានបែងចែកកិច្ចការមួយចំនួនរួចហើយ ដោយអនុគណៈកម្មការចំនួន១០នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សត្រូវបានចាត់តាំងឱ្យទទួលបន្ទុកលើវិស័យខុសៗគ្នាសម្រាប់ការបង្កើតគោលនយោបាយ។
ព្រះអង្គបានបន្តថា “ខ្ញុំយល់ស្របថា គណបក្សសង្គ្រោះជាតិគួរតែបានផ្ដោតលើគោលនយោបាយច្បាស់លាស់ ហើយក្នុងរយៈពេលពីរបីខែចុងក្រោយនេះ យើងបានធ្វើកំណែទម្រង់ស្ថាប័ននានារបស់គណបក្សសង្គ្រោះជាតិដើម្បីធ្វើកិច្ចការនោះ” ហើយព្រះអង្គសង្ឃឹមថា គោលនយោបាយលម្អិតរបស់បក្សនឹងត្រូវបញ្ចេញក្នុងពេលឆាប់ៗនេះ។
ព្រះអង្គបន្ថែមទៀតថា “ខ្ញុំជឿថា សម័យប្រជុំបន្ទាប់នៃរដ្ឋសភា យើងគួរតែលើកឡើងពីបញ្ហានេះនៅក្នុងបក្ស។ ប៉ុន្តែពេលនេះយើងកំពុងស្ថិតក្នុងស្មារតីធ្វើពហិការ”។
តាមរយៈសារអេឡិចត្រូនិកមួយ លោក សម រង្ស៊ី បានស្ដីបន្ទោសចំពោះសំណួរដែលសួរថា ហេតុអ្វីគណបក្សសង្គ្រោះជាតិមិនបានបង្កើត និងជំរុញគោលនយោបាយលម្អិតយ៉ាងសកម្ម ដែលស្ដីពីវិធីខ្លួនត្រូវដោះស្រាយបញ្ហាសេវាថែទាំសុខភាព វិស័យអប់រំ ឬអំពើពុករលួយ។
លោកបានលើកឡើងថា “ក្នុងនាមជាអ្នកកាសែត លោកគួរតែអាន ឬយ៉ាងហោចណាស់សាកសួរអំពីកម្មវិធីគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិសិន មុននឹងសួរសំណួរលម្អៀងទៅម្ខាងស្ដីពីគោលនយោបាយនានាដែលយើងមានបំណងអនុវត្តសម្រាប់ប្រទេសជាតិរបស់យើង។ លោកក៏គួរតែអានដោយយកចិត្តទុកដាក់ដែរ នូវសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់យើង និងចម្លើយមុនៗដែលខ្ញុំបានឆ្លើយសំណួររបស់លោក ជំនួសឱ្យការមិនអើពើ ឬបកស្រាយវាខុស”។
នៅពេលសាកសួរអំពីគោលនយោបាយទាំងនេះ លោកបានបដិសេធមិននិយាយលម្អិតទេ ហើយបានបង្វែរសំណួរទៅតំណាងរាស្ត្រនៅក្នុងគណបក្សនេះ។ ទោះជាយ៉ាងណា តំណាងរាស្ត្រជាន់ខ្ពស់មួយចំនួនរបស់គណបក្សសង្គ្រោះជាតិដែលពាក់ព័ន្ធនឹងកិច្ចការគោលនយោបាយ ដូចជាលោក សុន ឆ័យ លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សនេះជាដើម មិនអាចទាក់ទងបានទេ។
លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយពាក់ព័ន្ធគោលនយោបាយរបស់បក្ស។
លោកស្រី មូរ សុខហួរ ប្រធានគណៈកម្មការកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិគ្រាន់តែមានប្រសាសន៍ថា គណបក្សកំពុងតែអភិវឌ្ឍគោលនយោបាយរបស់ខ្លួន។ លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “យើងកំពុងធ្វើការវាយតម្លៃឡើងវិញ ធ្វើបច្ចុប្បន្នភាព និងធ្វើការកែប្រែកម្មវិធីនយោបាយឆ្នាំ២០១៣។ យើងនឹងបញ្ចេញកំណែចុងក្រោយនៅមុនការបោះឆ្នោត”។
ក្រោយមក លោក សម រង្ស៊ី បានផ្ញើមួយផ្នែកនៃគោលនយោបាយការបរទេសរបស់គណបក្សសង្គ្រោះជាតិ ដែលលើកឡើងថា ខ្លួននឹងច្រានចោលការចងសម្ពន្ធភាពអន្តរជាតិដើម្បីស្វែងរកអព្យាក្រឹតភាពតឹងរ៉ឹង ហើយបន្តគោលនយោបាយពាណិជ្ជកម្មគាំពារនិយមនៅក្នុងតំបន់មួយចំនួនដើម្បី “ការពារទប់ទល់ផលប៉ះពាល់បង្កឡើងដោយទីផ្សារសេរី ដែលគ្មានការគ្រប់គ្រងត្រឹមត្រូវ”។
ទោះជាយ៉ាងណា លោក សម រង្ស៊ី បានមានប្រសាសន៍ថា ដោយសារតែលោកស្ថិតនៅឯបរទេសភ្លាមៗលោករកមិនបានទេនូវគោលនយោបាយផ្សេងទៀតស្ដីពីបញ្ហាបន្ទាន់នានា ដូចជាសេវាថែទាំសុខភាព វិស័យអប់រំ អំពើពុករលួយ និងយុវជនគ្មានការងារធ្វើក្នុងចំនួនយ៉ាងច្រើន។
ជាការពិតណាស់ វាមិនអាចជួយអ្វីបានឡើយដល់គណបក្សសង្គ្រោះជាតិដែលលោក សម រង្ស៊ី បន្តរស់នៅក្នុងអាផាតមិនរបស់លោកក្នុងទីក្រុងប៉ារីសចាប់តាំងពីខែវិច្ឆិកាមក ជាពេលដែលលោកក្បត់ពាក្យសន្យាដែលលោកបានធ្វើជាសាធារណៈថា លោកនឹងវិលត្រឡប់ពីបរទេសវិញ ហើយដាក់សម្ពាធលើការគំរាមកំហែងរបស់គណបក្សប្រជាជនកម្ពុជាថានឹងចាប់ខ្លួនលោកដាក់ពន្ធនាគាររយៈពេល២ឆ្នាំ នៅពេលលោកវិលត្រឡប់មកកម្ពុជាវិញ។
លោក ឆាំ ប៊ុនថេត បានមានប្រសាសន៍ថា ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាបែបនេះ លោក សម រង្ស៊ី បានរស់នៅដោយនិរទេសខ្លួនអស់រយៈពេលប្រហែលកន្លះទសវត្សរ៍ ដើម្បីគេចពីការគំរាមចាប់ខ្លួន ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់គណបក្សសង្គ្រោះជាតិយល់ថា ខ្លួនពិបាកនឹងជឿទុកចិត្តខ្លាំងលើគណបក្សប្រឆាំងមួយនេះ។
លោកបានគូសបញ្ជាក់ថា “ចូរចាំថា បើអ្នកដឹកនាំប្រជាពលរដ្ឋដោយក្បាល ប្រជាពលរដ្ឋនឹងប្រើក្បាលរបស់ពួកគាត់ដើម្បីដើរតាមអ្នក។ បើអ្នកដឹកនាំប្រជាពលរដ្ឋដោយបេះដូង ប្រជាពលរដ្ឋនឹងប្រើបេះដូងរបស់ពួកគាត់ដើរតាមអ្នក។ បើអ្នកដឹកនាំប្រជាពលរដ្ឋដោយជីវិតរបស់អ្នក ប្រជាពលរដ្ឋនឹងប្រើជីវិតរបស់ខ្លួនដើម្បីដើរតាមអ្នក។ ប្រសិនបើអ្នកបន្តរត់គេច នៅពេលអ្នកប្រឈមនឹងភាពអយុត្តិធម៌ ប្រជាពលរដ្ឋក៏នឹងរត់គេចដែរ នៅពេលពួកគាត់ប្រឈមនឹងភាពអយុត្តិធម៌”។
លោក អ៊ូ វីរៈ បានមានប្រសាសន៍ថា នៅក្នុងករណីណាក៏ដោយ គណបក្សសង្គ្រោះជាតិត្រូវតែព្យាយាមបណ្ដុះវប្បធម៌ និងមុខមាត់របស់ខ្លួនក្នុងនាមជាគណបក្សមួយប្រកបដោយវិជ្ជាជីវៈ ដែលសង្ឃឹមបានកាន់អំណាចក្នុងពេលឆាប់ៗ ប្រសិនបើខ្លួនមានបំណងចង់គ្រប់គ្រងប្រទេស។
លោកបានលើកឡើងទៀតថា “ប្រសិនបើពួកគេរក្សាភាពស្ងាត់ស្ងៀមជាងនេះ ក្នុងនាមជាគណបក្សប្រឆាំង ពួកគេប្រហែលជាមានឱកាសជោគជ័យគ្រប់គ្រងរដ្ឋាភិបាល។ ខ្ញុំយល់ពីការក្រពុលមុខរបស់ពួកគេជាមួយលោក ហ៊ុន សែន ប៉ុន្តែអ្នកមិនអាចត្រឹមតែទន្ទ្រាំជើង ហើយស្រែកឡាំប៉ានោះទេ”៕ សុខុម