26 C
Phnom Penh

លោក សម រង្ស៊ី ​ការ​​​ពារ​​​​ការ​អះ​អាង​អំពីការ​សម្លាប់​​​លោក កែម ឡី ​​​​ក្រោយរង​​​​​​បណ្តឹង​​​នាយក​​​រដ្ឋ​​​មន្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាន់តាមការអះអាងរបស់លោកដែលថា រដ្ឋាភិបាលជាអ្នកនៅពីក្រោយឃាតករបាញ់សម្លាប់ លោក កែម ឡី អ្នកវិភាគនយោបាយ សូម្បីបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ពាក្យបណ្តឹងកាលពីថ្ងៃច័ន្ទចោទប្រកាន់លោក សម រង្ស៊ី ពីបទញុះញង់ និងបទបរិហារកេរ្តិ៍ជុំវិញការចោទប្រកាន់នេះក្តី។

Tens of thousands of people attend a funeral procession to carry the body of Kem Ley, an anti-government figure and the head of a grassroots advocacy group, "Khmer for Khmer" who was shot dead on July 10, to his hometown, in Phnom Penhមេដឹកនាំគណបក្សប្រឆាំងរូបនេះដែលបាននិរទេសខ្លួនដោយខ្លួនឯងដើម្បីគេចពីការផ្តន្ទាទោសដាក់ពន្ធនាគារដែលកើតចេញពីករណីបរិហារកេរ្តិ៍ និងការញុះញង់មុនៗនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកចោទប្រកាន់រដ្ឋាភិបាលថា បានរៀបចំការធ្វើឃាតលោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា និងអ្នកផ្សេងៗទៀតដូចក្នុងពេលកន្លងមក។

លោកបានលើកឡើងតាមអីុម៉េលថា “ខ្ញុំប្រកាន់តាមការលើកឡើងខាងលើ ពីព្រោះមិនមានការពន្យល់ផ្សេងទៀតចំពោះការធ្វើឃាតមានលក្ខណៈបែបនយោបាយជាបន្តបន្ទាប់នេះឡើយ។ជំនឿរបស់ខ្ញុំផ្អែកលើគោលដៅ និងលំអាននៃភាពស្រដៀងគ្នាដែលបានកំណត់លក្ខណៈការធ្វើឃាតទាំងនេះ និងលើការពិតថា មានតែរដ្ឋាភិបាលប៉ុណ្ណោះទើបមានមធ្យោបាយ និងសមត្ថភាពធ្វើការវាយប្រហារដោយឥតអៀនខ្មាសបែបនេះដើម្បីរៀបចំការបិទបាំងរបស់ខ្លួននិងធានានិទណ្ឌភាពទាំងស្រុងសម្រាប់ជនដៃដល់ និងអ្នកជាមេគំនិត”។

មជ្ឈដ្ឋានជាច្រើនបានប្រៀបធៀបការបាញ់សម្លាប់លោក កែម ឡី ទៅនឹងការធ្វើឃាតលោក ជា វិជ្ជា ប្រធានសហជីពសេរីកម្មករកាលពីឆ្នាំ២០០៤ ដែលមិនទាន់ត្រូវបានដោះស្រាយនៅឡើយ និងការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានកាលពីឆ្នាំ២០១២ដែលការបាញ់សម្លាប់លោកត្រូវបានគេទម្លាក់កំហុសទៅលើមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលត្រូវបានមន្ត្រីម្នាក់ទៀតបាញ់សម្លាប់ដោយចេតនា។

ជនដៃដល់នៃការវាយប្រហារដោយគ្រាប់បែកក្នុងឆ្នាំ១៩៩៧ទៅលើការជួបជុំគ្នារបស់គណបក្សប្រឆាំងដែលបានសម្លាប់មនុស្សយ៉ាងតិច១៦នាក់ក្នុងរាជធានីភ្នំពេញនោះ មិនដែលចាប់បានឡើយ។

លោក សម រង្ស៊ី បានលើកឡើងកាលពីម្សិលមិញថា “អ្នកទាំងអស់ដែលត្រូវបានបាញ់សម្លាប់ ឬជាគោលដៅក្នុងករណីវាយប្រហារដោយគ្រាប់បែកឆ្នាំ១៩៩៧ ស្ថិតក្នុង ចំណោមអ្នករិះគន់រដ្ឋាភិបាលដោយបង្ហាញពីពេលវេលាខុសៗគ្នា ជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតសម្រាប់រដ្ឋាភិបាល និងគណបក្សកាន់អំណាច”។

លោកបានបន្ថែមថា “ប្រសិនបើរដ្ឋាភិបាលចង់បដិសេធ ឬក៏ចង់បង្វែរការចាប់អារម្មណ៍ពីការចោទប្រកាន់របស់ខ្ញុំ ហេតុអ្វីបានជាពួកគេមិនទទួលយកការសើុបអង្កេតឯករាជ្យ និងគួរឲ្យជឿទុកចិត្តដែលមានការចូលរួមពីអន្តរជាតិពីការធ្វើឃាតដ៏គួរឲ្យតក់ស្លុតទាំងនេះ”។

លោក ហ៊ុន សែន បានបដិសេធជាសាធារណៈថា លោកមិនជាប់ពាក់ព័ន្ធក្នុងការសម្លាប់ លោក កែម ឡី ទេ ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើននៅតែជឿជាក់ថា អ្នកអត្ថាធិប្បាយនយោបាយដ៏មានប្រជាប្រិយភាពរូបនេះត្រូវបានផ្តោតគោលដៅដោយសារលោករិះគន់ទៅលើរដ្ឋាភិបាល និងឥស្សរជនក្នុងគណបក្សកាន់អំណាច។

បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនចំពោះការបាញ់សម្លាប់នោះអះអាងថា គេបានសម្លាប់លោក កែម ឡី ដោយខឹងនឹងការដែលអ្នកវិភាគរូបនេះជំពាក់លុយខ្លួន៣.០០០ដុល្លារមិនព្រមសង។ ប៉ុន្តែ ក្រុមគ្រួសារបុរសទាំងពីរនិយាយថា ពួកគាត់មិនដឹងថា អ្នកទាំងពីរធ្លាប់ស្គាល់គ្នាទេ ហើយក៏មិនដឹងថា មានការជំពាក់លុយរវាងពួកគេដែរ។

លោក សម រង្ស៊ី ត្រូវបានប្តឹងជាមួយលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលបានចោទប្រកាន់លោក ហ៊ុន សែន ថា ជាមេគំនិតក្នុងហេតុការណ៍នេះអំឡុងការលើកឡើងរបស់លោកស្រីទៅកាន់សកម្មជនគណបក្សប្រឆាំងក្នុងខេត្តរតនគិរីជាខេត្តកំណើតរបស់លោកស្រីកាលពីថ្ងៃសុក្រ។

កាលពីម្សិលមិញ អំឡុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិថ្មីមួយខ្សែក្នុងខេត្តកំពង់ស្ពឺ លោក ហ៊ុន សែន បានលើកឡើងថា “សមាជិកព្រឹទ្ធសភារូបនេះបានព្យាយាមចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ តាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ។

លោកបានមានប្រសាសន៍ថា “តាមដឹងប្រុងឆ្លងតាមច្រកប៉ោយប៉ែត។សុំកុំឆ្លងក្រែងលោគេចាប់   កុំឱ្យសោះ ប្រយ័ត្ន ត្រូវតទល់គ្នា”។

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា “ហ៊ានស៊ី ហ៊ានសង ហា៊នផ្លោះរបង ហ៊ានជាប់គុក។ ឥឡូវនេះករណីនេះស្ថិតក្នុងដៃតុលាការ”។លោក ហ៊ុន សែន មិនបានពន្យល់ថា អ្វីដែលបានរារាំងសមាជិកព្រឹទ្ធសភារូបនេះមិនឲ្យឆ្លងចូលប្រទេសថៃឡើយ ហើយលោកស្រី ថាក់ ឡានី មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

លោក ទាវ វ៉ាន់ណុល ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនបានទទួលព័ត៌មានពីលោកស្រី ថាក់ ឡានី ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកទេ ហើយលោកមិនអាចទាក់ទងលោកស្រីបានឡើយ។

លោកបានថ្លែងថា “ដូច្នេះហើយ ខ្ញុំមិនដឹងថា គាត់នៅឯណាទេ។ ខ្ញុំមិនដឹងអំពីរឿងនេះទេ ដូច្នេះខ្ញុំមិនអាចនិយាយថា គាត់កំពុងលាក់ខ្លួនឬអត់ឡើយ”។

កាលពីថ្ងៃអាទិត្យ លោកស្រី ថាក់ ឡានី បានអះអាងថា លោកស្រីមិនបានចោទប្រកាន់ លោក ហ៊ុន សែន ថា បានឲ្យគេសម្លាប់លោកកែម ឡី ទេ ហើយថា សំឡេងដែលគេឮនៅក្នុងឃ្លីបវីដេអូថា លោកស្រីនិយាយ បានបង្ហោះតាមប្រព័ន្ធអីុនធឺណិតដោយគេហទំព័រព័ត៌មាន Fresh News ដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជានោះ ត្រូវបានគេកាត់តទេ។

លោក សុក សំអឿន មេធាវីសិទ្ធិមនុស្សដ៏ឆ្លើមមួយរូបបានមានប្រសាសន៍ថា លោកមិនឃើញមានមូលដ្ឋានច្បាប់ក្នុងការចាប់ខ្លួនសមាជិកព្រឹទ្ធសភារូបេនះដែលព្យាយាមចាកចេញពីប្រទេសកម្ពុជានៅដំណាក់កាលនេះទេ។

លោកបានមានប្រសាសន៍ថា បទល្មើសទាក់ទងការបរិហារកេរ្តិ៍មានទោសត្រឹមតែជាការពិន័យជាប្រាក់ប៉ុណ្ណោះ ហើយមិនអាចត្រូវគេប្រើដើម្បីចាប់លោកស្រីដាក់គុកឡើយ។ លោកបានបន្ថែមថា បើទោះជាការញុះញង់អាចមានទោសជាប់ពន្ធនាគារក៏ដោយ ក៏អាជ្ញាធរមិនអាចចាប់ខ្លួនលោកស្រីបានដែរ “ទាល់តែមានការដកអភ័យឯកសិទ្ធិសិនពីព្រោះបើមិនអ៊ីចឹងទេ តើអ្វីទៅជាអភ័យឯកសិទ្ធិនោះ?”។

ក្នុងនាមជាសមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី មានអភ័យឯកសិទ្ធិស្របច្បាប់ ប៉ុន្តែរដ្ឋាភិបាលបានប្រើប្រាស់ការលើកលែងដ៏ចម្រូងចម្រាសចំពោះនរណាម្នាក់ដែលចាប់ក្នុង “បទល្មើសជាក់ស្តែង” ឬក៏កំពុងប្រព្រឹត្តបទល្មើស ដើម្បីចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបកាលពីឆ្នាំមុន៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស