តុលាការក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទបានបន្តសាកសួរលោក ស៊ុត ឌីណា អតីតឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង ទោះបីជាថ្ងៃឡើងសវនាការរបស់អ្នកការទូតធ្លាក់យសនេះមិនទាន់កំណត់ក៏ដោយ។
លោក ឌីណា ដែលបានធ្វើជាឯកអគ្គរដ្ឋទូតកាលពីឆ្នាំ២០១៤ត្រូវបានចាប់ខ្លួនកាលពីមេសា ហើយបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាចបីថ្ងៃក្រោយមក។
កាលពីថ្ងៃច័ន្ទលោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងបាននិយាយថា លោក ឌីណាត្រូវបាននាំមកសាកសួរបន្ថែមដោយលោក លាង សំណាត់ ចៅក្រមស៊ើបអង្កេត ប៉ុន្តែលោកបានបដិសេធមិនបកស្រាយពិស្តារទេ។
ចៅក្រម សំណាត់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ លោក អាង ឧត្តម មេធាវីរបស់លោក ឌីណា បាននិយាយថា ចៅក្រមបានសួរកូនក្តីរបស់លោកប្រហែលជា២ម៉ោងកន្លះ “ដើម្បីបញ្ជាក់ព័ត៌មានដែលមានស្រាប់” ប៉ុន្តែក៏មិនបានរៀបរាប់ឲ្យពិស្តារដែរ។
លោក ឧត្តម មិនបាននិយាយថាតើលោក ឌីណា បានទទួលស្គាល់ការចោទប្រកាន់នោះឬយ៉ាងណាទេ ប៉ុន្តែអតីតឯកអគ្គរដ្ឋទូតនេះបានហៅករណីប្រឆាំងលោកថា “អយុត្តិធម៌”។
បទចោទប្រកាន់លោក ឌីណា រួមមានការអះអាងថាកេងប្រវ័ញ្ចប្រាក់សងជំងឺចិត្តរបស់ពលករចំណាកស្រុកដែលបានស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង ទារប្រាក់សគុណក្នុងការផ្ញើប្រាក់ពីពលករចំណាកស្រុកមកប្រទេសកម្ពុជា ហើយបានយកលុយថ្លៃទិដ្ឋាការដាក់ចូលហោប៉ៅខ្លួន៕ មាំ វិបុល