31 C
Phnom Penh

លោក ហង់ ជួន ណារ៉ុន ​​​ការ​ពារ​​មន្ត្រី​​ជាន់​ខ្ពស់​ក្រសួង​អប់រំ​​​ថា មិន​​​​​បាន​ប្រព្រឹត្ត​​អំពើ​ចាប់​រំលោភ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបាននិយាយការពារការសម្រេចមិនបណ្ដេញមន្ត្រីជាន់ខ្ពស់មួយរូបចេញពីក្រសួង បន្ទាប់ពីមន្ត្រីរូបនោះត្រូវបានចាប់ខ្លួនពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីរបស់ខ្លួនអំឡុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីខែឧសភា ដោយលើកឡើងថា បទល្មើសនេះមិនធ្ងន់ធ្ងរ ពោលគឺ “មិនមែនជាការចាប់រំលោភ”។

លោកបានមានប្រសាសន៍ថា ក្រសួងរក្សាភាពស្ងប់ស្ងាត់ទាក់ទិនការចាប់ខ្លួនលោក គ្រី ស៊ាងឡុង ដែលពេលនោះមានតំណែងជាប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈនៃក្រសួងអប់រំ ដើម្បីចៀសវាងការរងពាក្យបណ្ដឹងពីបទធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់មន្ត្រីរូបនេះ។

cam-photo-kry-seang-long-WEB-ONLYលោកលើកឡើងអំឡុងបទសម្ភាសន៍នៅការិយាល័យរបស់លោកថា ”គាត់បានប្រព្រឹត្តទង្វើមួយដូចការបៀតបៀន ប៉ុន្តែមិនមែនជាការចាប់រំលោភ មិនមែនជាឧក្រិដ្ឋជនទេ វាជាបទល្មើសរដ្ឋប្បវេណី។ ប្រសិនបើគាត់ប្រព្រឹត្តអំពើចាប់រំលោភ ឬអ្វីមួយដែលធ្ងន់ធ្ងរខ្លាំងយោងទៅតាមតុលាការ ពេលនោះយើងនឹងបណ្ដេញគាត់ចេញ” ហើយថា លោក គ្រី សៀងឡុង បានសុំច្បាប់ឈប់សម្រាក ហើយនឹងទទួលបានមុខតំណែងថ្មីនៅក្រសួងនេះ។ លោកគូសបញ្ជាក់ថា “គាត់បន្តការងារជាមន្ត្រីធម្មតា ប៉ុន្តែមិនមែនជាប្រធាននាយកដ្ឋានទៀតទេ”។

ទោះជាយ៉ាងណា នគរបាលកូរ៉េខាងត្បូងបានលើកឡើងកាលពីខែមិថុនាថា លោកគ្រី ស៊ាងឡុង ត្រូវបានចាប់ខ្លួននៅក្រុងសេអ៊ូល កាលពីចុងខែឧសភាពីបទបៀតបៀនកេរ្តិ៍ភេទអ្នកបកប្រែស្រីកូរ៉េរបស់ខ្លួន បន្ទាប់ពីតំណាងឱ្យកម្ពុជាចូលរួមក្នុងវេទិកាស្ដីពីការអភិវឌ្ឍន៍ធនធានមនុស្សអាស៊ានបូកបី ឆ្នាំ២០១៦ (2016 Asean+3 HRD Forum)។

ពេលនោះ ក្រសួងអប់រំបានបង់ប្រាក់ពិន័យ និងប្រាក់ប្រដាប់ក្ដីជាង១២.០០០ដុល្លារ ដើម្បីធានាដោះលែងលោកចេញពីមណ្ឌលឃុំឃាំងក្នុងក្រុងសេអ៊ូលកាលពីថ្ងៃទី៨ ខែមិថុនា នេះបើយោងតាមលិខិតមួយច្បាប់ដែលលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូងបានផ្ញើមកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។

ប៉ុន្តែក្រសួងអប់រំមិនបានទទួលស្គាល់ករណីនេះជាសាធារណៈទេ រហូតដល់ថ្ងៃទី២៣ ខែមិថុនា ជាថ្ងៃដែលអត្ថបទមួយស្ដីពីការចាប់ខ្លួននេះត្រូវបានចុះផ្សាយក្នុងកាសែតខេមបូឌា ដេលី ដែលអះអាងថា លោក គ្រី ស៊ាងឡុង ត្រូវបានបង្ខំឱ្យសងប្រាក់នោះវិញ និងដកតំណែងជាប្រធាននាយកដ្ឋាន។

លោក ហង់ ជួន ណារ៉ុន បានថ្លែងកាលពីម្សិលមិញថា ការស្ងាត់ស្ងៀមរបស់ក្រសួងគឺជាការចាំបាច់ដើម្បីការពារខ្លួនឯង។ លោកបន្តថា “បើខ្ញុំប្រកាសថា ‘លោក គ្រី ស៊ាងឡុង ជាប់ពាក់ព័ន្ធការបៀតបៀនផ្លូវភេទ’ ហើយអ្នកស៊ើបអង្កេត ‘រកមិនឃើញភ័ស្តុតាង’ ពេលនោះ លោក គ្រី ស៊ាងឡុង អាចប្ដឹងក្រសួងបានពីបទធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គាត់”។

លោកបានមានប្រសាសន៍ទៀតថា ដោយសារតែនគរបាល និងមន្ត្រីតុលាការកូរ៉េខាងត្បូងមិនបានទាក់ទងមកក្រសួងទាក់ទិនករណីនេះ ក្រសួងមិនប្រាកដថា លោក គ្រី ស៊ាងឡុង មានទោសឡើយ។ លោកបានបន្តថា ការស៊ើបអង្កេតបន្ថែមទៀតលើករណីនេះគឺជាការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌ ពីព្រោះក្រសួងអប់រំបានអនុវត្តតាមវិធានផ្ទៃក្នុងរួចហើយតាមរយៈការទម្លាក់តំណែងមន្ត្រីរូបនេះ។

ទោះជាយ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងសុំការបំភ្លឺបានទេកាលពីម្សិលមិញ។

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងអំឡុងសន្និសីទកាសែតនៅក្រសួងអប់រំ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងអំឡុងសន្និសីទកាសែតនៅក្រសួងអប់រំ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលម្សិលមិញ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅក្នុងពេលដ៏ខ្លីខាងមុខ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

មន្ត្រីគណបក្សប្រឆាំង និងក្រុមតស៊ូមតិដើម្បីការពារសិទ្ធិរបស់ស្ត្រីបានលើកឡើងផ្ទុយពីការអះអាងរបស់លោក ហង់ ជួន ណារ៉ុន ថា ករណីរបស់លោក គ្រី ស៊ាងឡុង គឺធ្ងន់ធ្ងរណាស់ ហើយដោះស្រាយមិនបានល្អនោះទេ។

ជុំវិញការឆ្លើយតបរបស់លោក ហង់ ជួន ណារ៉ុន ទៅនឹងករណីនេះ និងករណីផ្សេងៗទៀតដូចនេះ លោកស្រី ធីតា ឃឹះ ប្រធានអង្គការសិទ្ធិស្ត្រីសីលកា មានប្រសាសន៍ថា “ខ្ញុំយល់ថា វាពិតជាអាក្រក់ណាស់ ព្រោះនេះជាទង្វើធ្ងន់ធ្ងរ។ ក្រសួងជាអ្នកទទួលខុសត្រូវចំពោះវិធានការទាំងអស់នេះបទល្មើសទាំងអស់នេះ ហើយបើក្រសួងមិនយកចិត្តទុកដាក់ទេ មន្ត្រីរបស់ខ្លួនអាចបន្តធ្វើរឿងនេះទៀត”។

លោកស្រី សារ៉ា នីបស៍ (Sarah Knibbs) អនុតំណាងអង្គការ UN Women ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ប្រសិនបើករណីបៀតបៀនកេរ្តិ៍ភេទគ្មានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវ “វាអាចបញ្ជូនសារថា ការបៀតបៀនកេរ្តិ៍ភេទមិនត្រូវបានយកចិត្តទុកដាក់ ដែលផ្ទុយពីការគាំពារដោយច្បាប់របស់កម្ពុជា”។

លោកស្រីបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា “ការអត់ឱនអំពើហិង្សាក្នុងសង្គមទោះក្នុងកម្រិតណាក៏ដោយ គឺមិនអាចទទួលយកបានឡើយ។ ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយនៅកម្ពុជាបញ្ជាក់ច្បាស់ណាស់អំពីរឿងនេះ”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំង ដែលខ្លួនលោកផ្ទាល់ជាអតីតអ្នកអប់រំមួយរូបដែរ បានមានប្រសាសន៍ថា ការបណ្ដេញលោក គ្រី ស៊ាងឡុង គឺជា “កាតព្វកិច្ចផ្នែកសីលធម៌” នៃថ្នាក់លើរបស់មន្ត្រីរូបនេះ។

លោកបានគូសបញ្ជាក់ថា “បុគ្គលនេះកំពុងធ្វើការនៅក្រសួងអប់រំ។ គាត់បានបង្កើតគំរូដ៏អាក្រក់សម្រាប់ប្រព័ន្ធអប់រំទាំងមូល។ ពួកគេកំពុងទទួលយកអាកប្បកិរិយារបស់គាត់ ហើយវានឹងបង្កើតគំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស