យោងតាមនគរបាលជាតិបានឲ្យដឹងកាលពីម្សិលមិញថា បុរសជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរាជធានីភ្នំពេញក្នុងសប្តាហ៍នេះជាមួយនឹងថ្នាំមេតំហ្វេតាមីន និងហេរ៉ូអីុន២០គីឡូក្រាមដែលជួញដូរពីប្រទេសឡាវ ជាប្រភពជួញដូរថ្នាំញៀនជាប្រចាំ ហើយអ្នកជួញដូរថ្នាំញៀនមួយចំនួនត្រូវបានចាប់ខ្លួនក្នុងប្រទេសកម្ពុជាក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។
ឆាយពង់ ភីសាយផន ជនជាតិថៃអាយុ៥២ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទដោយក្រុមមន្ត្រីមកពីកងកម្លាំងនគរបាលជាតិ និងក្រុមមន្ត្រីមកពីនាយកដ្ឋានប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនៅក្នុងភូមិត្រពាំង ឈូក ខណ្ឌសែនសុខ ជាតំបន់ថ្នាំញៀនដ៏មានឈ្មោះអសោច ។
យោងតាមលោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងថា ជនជាតិថៃរូបនេះត្រូវបានសើុបអង្កេតតាមដានអស់រយៈពេលជាង១ខែ មកហើយ។
ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានមានប្រសាសន៍ កាលពីម្សិលមិញថា “យើងបានចាប់ខ្លួនជននេះជាមួយថ្នាំមេតំហ្វេតាមីនចំនួន៣គីឡូក្រាម ខណៈជននេះកំពុងព្យាយាមចរាចរថ្នាំញៀន”។ លោកបានបន្ថែមថានគរបាលបានរកឃើញថ្នាំញៀន១៧គីឡូក្រាមបន្ថែមទៀតពេលពួកគេឆ្មក់ចូលផ្ទះជននេះកាលពីថ្ងៃអង្គារ។
លោកបានមានប្រសាសន៍ថា “នគរបាលបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន៣កញ្ចប់ ម៉ាទឹកកក៩កញ្ចប់ មេតំហ្វេតាមីនគ្រាប់ចំនួន៥.៤០០គ្រាប់និងយានយន្តមួយ ចំនួន។ ជននេះបានសារភាពថា បានទិញថ្នាំញៀនទាំងនេះមកពីខេត្តចម្ប៉ាសាក់ប្រទេសឡាវ។ជននេះមិនបានសារភាពចំពោះអ្វីៗផ្សេងទៀតឡើយ”។
ការចាប់ខ្លួនលោក ឆាយពង់ ភីសាយផន ធ្វើឡើងក្រោយពេលមានការបើកសវនាការជំនុំជម្រះក្តីរបស់ជនសង្ស័យ៤នាក់ដែលត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងថ្នាំមេតំហ្វេតាមីន និងហេរ៉ូអីុនទម្ងន់៥៥គីឡូក្រាម ដែលរឹបអូសបាននៅក្នុងរាជធានីភ្នំពេញកាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានរត់ពន្ធពីតំបន់ត្រីកោណមាស ហើយនេះជាការបង្ក្រាបថ្នាំញៀនមេតំហ្វេតាមីនទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានឡើយនៅកម្ពុជា។
មេខ្លោងដែលជាជនសង្ស័យនៅក្នុងប្រតិបត្តិការនោះបានភៀសខ្លួនទៅប្រទេសឡាវពេលមួយ បន្ទាប់ពីការបង្ក្រាប នេះបើយោងតាមនគរបាលដែលបដិសេធមិនប្រាប់ពីអត្តសញ្ញាណរបស់ជននេះ។ សាលក្រមនៅក្នុងសំណុំរឿងនេះនឹងត្រូវប្រកាសនៅខែនេះ។
កាលពីខែឧសភាជនជួញដូរគ្រឿងញៀន៣នាក់ដាច់ដោយឡែកផ្សេងទៀតត្រូវបានចាប់ខ្លួនពីបទជួញដូរម៉ាទឹកកកពីប្រទេសឡាវចូលមកប្រទេសកម្ពុជាក្នុងរយៈពេលតែ១សប្តាហ៍ប៉ុណ្ណោះ។
កាលពីខែមុនចៅធិការវត្តមួយនៅក្នុងខេត្តស្ទឹងត្រែងត្រូវបានចាប់ខ្លួន ហើយផ្សឹកបន្ទាប់ពីត្រូវបានចាប់ខ្លួនជាមួយថ្នាំមេតំហ្វេតាមីនជិត១គីឡូក្រាមដែលនគរបាលបានលើកឡើងថា គាត់បានជួញដូរពីប្រទេសឡាវមក។២ថ្ងៃក្រោយមកមេភូមិអាយុ៦៧ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនជាមួយថ្នាំម៉ាទឹកកកទម្ងន់២៥០ក្រាមនៅក្នុងខេត្តជាប់ព្រំដែនដដែលនេះ។
លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា លោក ឆាយពង់ ភីសាយផន បានសារភាពចំពោះការជួញដូរគ្រឿងញៀនដោយផ្ទាល់ឆ្លងកាត់ព្រំដែនប្រទេសឡាវ និងចំពោះការទទួលចែកចាយនៅក្នុងរាជធានីភ្នំពេញ។
ដោយពន្យល់ថា ខ្លួនបានឃើញតែមដែលស៊ីគ្នានៅក្នុងលខិតឆ្លងដែនរបស់ជនសង្ស័យនោះ ឧត្តមសេនីយ៍ មាស វីរិទ្ធ បានមានប្រសាសន៍ថា”ជននេះតែងតែចេញចូលប្រទេសឡាវ ថៃ និងកម្ពុជា”។
ពេលសួរថា តើមន្ត្រីរបស់លោកមានការវិវឌ្ឍណាមួយដែរ ឬទេក្នុងការកំណត់អត្តសញ្ញាណជននៅពីក្រោយអ្វីដែលទំនងជាប្រតិបត្តិការជួញដូរថ្នាំញៀនទ្រង់ទ្រាយធំដែលមានមូលដ្ឋាននៅប្រទេសឡាវនោះឧត្តមសេនីយ៍រូបនេះបានលើកឡើងថា ពួកគេកំពុងតែព្យាយាមហើយ ប៉ុន្តែ ព័ត៌មានដែលផ្តល់ដោយជនសង្ស័យជួញដូរគ្រឿងញៀន ជារឿយៗគឺមិនគួរឲ្យជឿទុកចិត្តបានទេ៕ស៊ុយឈាង