28 C
Phnom Penh

តុលាការ​កោះ​ហៅ​​លោក សម រង្ស៊ី និង​សមាជិក​ព្រឹទ្ធសភា​ម្នាក់​មក​សាក​សួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូងរាជធាានីភ្នំពេញបានកោះហៅលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាមកសាកសួរជុំវិញបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចោទប្រកាន់ពួកគាត់ទាំងពីរថាបានបរិហារកេរ្តិ៍ និងញុះញង់ ដោយភ្ជាប់រូបលោកទៅនឹងការបាញ់សម្លាប់លោក កែម ឡី អ្នកវិភាគនយោបាយកាលពីខែមុន។

rainsy-in-parliament-800x533លោក សម រង្ស៊ី ដែលនិរទេសខ្លួនឯងដើម្បីគេចពីការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ដែលកើតចេញពីករណីបរិហារកេរ្តិ៍ និងញុះញង់កន្លងមកនោះ បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោកចោទប្រកាន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថាបានរៀបចំឱ្យមានការបាញ់សម្លាប់ លោក កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា។

លោកស្រី ថាក់ ឡានី តាមការអះអាងថា បានបន្ទោសលោក ហ៊ុន សែន អំឡុងការលើកឡើងរបស់លោកស្រីទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងកាលពីសប្ដាហ៍មុន ប៉ុន្តែលោកស្រីអះអាងថា សំឡេងនៅក្នុងវីដេអូឃ្លីបដែលគេប្រើដើម្បីប្ដឹងលោកស្រីនោះ ត្រូវបានគេកាត់ត។

លោក ហ៊ុន សែន បដិសេធថា លោកមិនជាប់ពាក់ព័ន្ធក្នុងអំពើឃាតកម្មនោះទេ។ លោក គី តិច មេធាវីរបស់លោកបានដាក់ពាក្យបណ្ដឹងប្ដឹងពួកគាត់ទាំងពីរកាលពីថ្ងៃច័ន្ទ។

កាលពីម្សិលមិញ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីបានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកបានចេញដីកាកោះនៅថ្ងៃដែលមានការដាក់ពាក្យបណ្ដឹង ដោយកោះហៅមេធាវី និងចុងចោទទាំងពីរមកសាកសួរ។

លោកបានមានប្រសាសន៍ថា “យើងកំពុងបន្តស៊ើបអង្កេតករណីទាំងពីរនេះដោយការនិយាយជាមួយសាក្សី និងការពិនិត្យមើលពាក្យបណ្ដឹង និងភ័ស្តុតាង ព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗ”។

ព្រះរាជអាជ្ញារូបេនះបានមានប្រសាសន៍ថា លោកបានកោះហៅមេធាវីរបស់លោក ហ៊ុន សែន ឱ្យមកបង្ហាញខ្លួននៅថ្ងៃសុក្រ លោកស្រី ថាក់ ឡានី នៅថ្ងៃច័ន្ទ និងលោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែសីហា។

លោក សម រង្ស៊ី មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយអំពីដីកាកោះនេះទេ។ ប៉ុន្តែប្រធានគណបក្សសង្គ្រោះជាតិរូបនេះដែលកំពុងប្រឈមបណ្ដឹងជាច្រើន ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថាជារឿងនយោបាយនោះ ស្ថិតនៅក្រៅប្រទេសចាប់តាំងពីខែវិច្ឆិកាមក ហើយមិនបានប្រាប់ថានឹងវិលត្រឡប់មកវិញនៅពេលណាឡើយ។

លោកស្រី ថាក់ ឡានី មិនអាចទាក់ទងបានទេចាប់តាំងពីថ្ងៃច័ន្ទមក។ កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានអះអាងថា សមាជិកព្រឹទ្ធសភារូបនេះបានព្យាយាមរត់គេចទៅប្រទេសថៃតាមច្រកព្រំដែនក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ហើយបានព្រមានថា លោកស្រីនឹងត្រូវចាប់ខ្លួន ប្រសិនបើគាត់ព្យាយាមម្តងទៀត។ លោកមិនបានពន្យល់ទេថាតើមូលដ្ឋានច្បាប់អ្វីដែលអាជ្ញាធរនឹងចាប់ខ្លួនសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី រូបនេះដែលមិនមានការចោទប្រកាន់ និងមានអភ័យឯកសិទ្ធិផ្លូវច្បាប់នោះ។

លោក ទាវ វ៉ាន់ណុល ប្រធានស្ដីទីគណបក្សសម រង្ស៊ី នេះបានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនបានទទួលព័ត៌មាន ឬអាចទាក់ទងលោកស្រី ថាក់ ឡានី បានទេចាប់តាំងពីមានការដាក់ពាក្យបណ្ដឹងមក។

លោកបានមានប្រសាសន៍ថា “ប្រសិនបើយើងជួប ខ្ញុំនឹងជំរុញឱ្យលោកស្រីមកឆ្លើយបំភ្លឺនៅតុលាការ ដើម្បីបង្ហាញថា សំឡេងរបស់លោកស្រីត្រូវបានគេកាត់តមែនឬមិនមែន”៕ សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស