ស្ត្រីបម្រើការងារផ្ទះប្រាំមួយនាក់ត្រូវបានបញ្ជូនមកកាន់កម្ពុជាវិញកាលពីម្សិលមិញបន្ទាប់ពីត្រូវបានចាប់ឃុំខ្លួនក្នុងប្រទេសម៉ាឡេស៊ី ដែលតាមសេចក្ដីរាយការណ៍ថា ថៅកែបំពានស្ត្រីបម្រើការងារតាមផ្ទះរបស់ខ្លួន ជាហេតុនាំឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បម្រាមមិនឱ្យបញ្ជូនស្ត្រីបម្រើការងារតាមផ្ទះទៅប្រទេសនេះកាលពីឆ្នាំ២០១១។
ក្រសួងការបរទេសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ប្រជាពលរដ្ឋកម្ពុជាប្រាំនាក់បានវិលត្រឡប់មកវិញកាលពីម្សិលមិញ ដោយមានជំនួយពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ហើយថា ១៣នាក់ទៀតនឹងវិលត្រឡប់មកតាមក្រោយក្នុងពេលឆាប់ៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ទោះជាយ៉ាងណា លោក ប្រេត ឌីកសុន (Brett Dickson) មន្ត្រីកម្មវិធីនៅអង្គការទេសន្តរប្រវេសន៍ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា អង្គការនេះបាននាំស្ត្រីបម្រើការងារតាមផ្ទះប្រាំមួយនាក់ត្រឡប់មកវិញកាលពីម្សិលមិញ ហើយថា រដ្ឋាភិបាលមិនបានស្នើឱ្យខ្លួនជួយបញ្ជូនអ្នកផ្សេងទៀតត្រឡប់មកវិញនោះទេ។ លោកបានបដិសេធមិនលើកឡើងពីស្ថានភាពរបស់ស្ត្រីបម្រើការងារតាមផ្ទះដែលនឹងវិលត្រឡប់មកវិញនោះទេ។
នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ត្រីបម្រើការងារតាមផ្ទះទាំងនេះត្រឡប់មកដល់កាលពីរសៀលម្សិលមិញ ស្ត្រីឈ្មោះ ហ៊ីម សារផស្ស និយាយថា គាត់បានចេញទៅម៉ាឡេស៊ីប្រហែល៦ខែមុន ដើម្បីធ្វើការជាអ្នកបោសសម្អាត ហើយគាត់មិនដឹងថា ហេតុអ្វីបានជាគេចាប់ខ្លួនគាត់បញ្ជូនត្រឡប់មកវិញទេ។ ម្ដាយរបស់ស្ត្រីរូបនេះនិយាយថា លិខិតឆ្លងដែនរបស់កូនស្រីគាត់បានផុតកំណត់។
ប្រទេសម៉ាឡេស៊ី និងកម្ពុជាបានព្រមព្រៀងបន្តបញ្ជូន និងទទួលយកស្ត្រីបម្រើការងារតាមផ្ទះកាលពីខែធ្នូ ទោះបីជាក្រសួងការងារនិយាយថា ត្រូវគិតគូរដោយប្រុងប្រយ័ត្នចំពោះសេចក្ដីលម្អិតសិនមុននឹងប្រជាពលរដ្ឋកម្ពុជាអាចបន្តទៅធ្វើការងារតាមផ្ទះដោយស្របច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។
បណ្ដាក្រុមហ៊ុនជ្រើសរើសពលករនិយាយថា ត្រូវការពេលវេលាដើម្បីបណ្ដុះបណ្ដាលស្ត្រីបម្រើការងារតាមផ្ទះ ដែលមានន័យថា ការចំណាកស្រុកស្របច្បាប់ប្រហែលជាមិនបន្តរហូតដល់ឆ្នាំ២០១៧៕ សុខុម