30 C
Phnom Penh

រថយន្តដឹក​​​កម្មករ​​​​​​កាត់​​​ដេរ​​​ឆ្ពោះ​​​ទៅ​​​រោងចក្រ​​​ក្រឡាប​​​់ក្នុង​​ខេត្ត​​​កំពង់​​​ស្ពឺ​​​បណ្តាល​​​ឲ្យ​​​របួស​​​៣៩​​​នាក់​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមក្រុមមន្ត្រីបានឲ្យដឹងថា រថយន្តដឹកកម្មករមួយគ្រឿងដែលធ្វើដំណើរទៅរោងចក្រក្នុងខេត្តកំពង់ស្ពឺបានក្រឡាប់កាលពីម្សិលមិញ ពេលព្យាយាមគេចរថយន្តមួយគ្រឿងទៀតដែលបើកឆ្លងផ្លូវដោយបណ្តាលឲ្យស្ត្រី៣៩នាក់រងរបួសក្នុងនោះមានជាង១០បានបាក់ដៃ និងបាក់ជើង។

រថយន្តនេះដែលដឹកកម្មករឈរនៅខាងក្រោយនោះ បានបើកក្នុងល្បឿនយ៉ាងលឿនពេលបត់ដើម្បីគេចចេញពីរថយន្តមួយគ្រឿងទៀត ហើយបានក្រឡាប់នៅម៉ោងប្រហែល៦និង៤០នាទីព្រឹកនៅលើផ្លូវតូចមួយក្បែរផ្លូវជាតិលេខ៤ក្នុងស្រុកឧដុង្គ នេះបើយោងតាមលោក អធិការស្រុក ឃឹម សាម៉ុន។

លោក ឃឹម សាម៉ុន បានលើកឡើងថា អ្នកបើកបររថយន្តទាំងពីរគ្រឿងេនះសុទ្ធតែបានរត់គេចខ្លួនពីកន្លែងកើតហេតុ ហើយឥឡូវនៅមិនទាន់ចាប់បាននៅឡើយទេ។

អធិការស្រុករូបនេះបានថ្លែងថា “យើងកំពុងតែតាមស្វែងរកពួកគេ”។

លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តនេះបានលើកឡើងថា កម្មករកាត់ដេរយ៉ាងតិច១២នាក់បានរងរបួសធ្ងន់ ប៉ុន្តែ ថា តួលេខអាចលើសពីនេះ ព្រោះមានអ្នកខ្លះបានចាកចេញពីកន្លែងកើតហេតុ ដោយមិនទៅរកកន្លែងព្យាបាល។

លោកបានមានប្រសាសន៍ថា”មានមនុស្សសរុប៣៣នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់នេះដោយក្នុងនោះមាន១២នាក់បានរងរបួសធ្ងន់បាក់ដៃជើង”។ លោកបានបន្ថែមថា មនុស្ស៦នាក់ក្នុងចំណោមអ្នករងរបួសធ្ងន់១២នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯ៦នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្តនេះ។

ប្រធានមន្ទីររូបនេះបានមានប្រសាសន៍បន្ថែមទៀតថា “តួលេខពិតប្រាកដនៃចំនួនមនុស្សដែលជិះរថយន្តនេះគេនៅមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែ យោងតាមការប៉ាន់ប្រមាណគឺថា មានជាង៥០នាក់។អ្នកដែលរងរបួសទាំងអស់សុទ្ធតែជាស្ត្រី”។

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបាត់បង់ជីវិតពាក់ព័ន្ធកម្មករកាត់ដេរដែលជិះយ៉ាងណែនតាន់តាប់នៅខាងក្រោយរថយន្ត ហើយជារឿយៗតែងតែឈរ ដែលជាមធ្យោបាយធ្វើដំណើរមួយថោកបំផុតសម្រាប់កម្មករភាគច្រើននោះ គឺកើតមានយ៉ាងញឹកញាប់ ហើយច្បាប់ចរាចរណ៍ថ្មីដែលចូលជាធរមាននៅក្នុងឆ្នាំនេះ គឺត្រូវបានបង្កើតឡើងជាមធ្យោបាយដើម្បីបញ្ចប់ការការអនុវត្តបែបនេះ តាមរយៈការហាមឃាត់មិនឲ្យមានការដឹកជញ្ជូនបែបនេះតទៅមុខទៀត ។

លោក ឃឹម សាម៉ុន បានមានប្រសាសន៍ថា “យើងបានហាមឃាត់មិនឲ្យឈរនៅផ្នែកខាងក្រោយរថយន្តទេ គឺថារថយន្តចាំបាច់ត្រូវមានកៅអីអង្គុយ”។

ទើបតែជាង១ខែកន្លងមកប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី៣០ខែមិថុនា រថយន្តដឹកកម្មកររោងចក្រចំនួន២៨នាក់ដែលបើកយ៉ាងលឿនបានក្រឡាប់ក្នុងខេត្តកំពង់ស្ពឺ ពេលកង់ក្រោយដែលចាស់ទ្រុឌទ្រោមបានផ្ទុះដោយបណ្តាលឲ្យកម្មករជាង១០នាក់រងរបួស៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស