28 C
Phnom Penh

ក្រុម​អ្នក​ភូមិ​សម្រុក​​​ចូល​​​បរិវេណ​កង​រាជ​អាវុធ​ហត្ថ​​​ទាម​​​ទារ​​​យក​​​រថយន្ត​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកសិទ្ធិមនុស្សម្នាក់បានអះអាងថា ក្រុមមនុស្សដែលមានកំហឹងបានសម្រុកចូលបរិវេណកងរាជអាវុធហត្ថក្នុងខេត្តក្រចេះកាលពីម្សិលមិញដើម្បីទាមទារយករថយន្តធុនធំពីរគ្រឿងដឹកឈើពេញដែលត្រូវបានរឹបអូសចំពោះការមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយអ្នកភូមិពីរនាក់បានរងរបួសធ្ងន់។

ប៉ុន្តែ លោក សាន ប៊ុនថន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបដិសេធថា មិនមានការប៉ះទង្គិចគ្នាទេ។

នៅក្នុងវីដេអូឃ្លីបដែលបានបង្ហោះក្នុងគេហទំព័រព័ត៌មាន Fresh News កាលពីម្សិល មិញ គេឃើញអ្នកភូមិប្រហែល៥០នាក់អូសរថយន្តធុនធំពីរគ្រឿង និងរថយន្តកងរាជអាវុធហត្ថពីរគ្រឿងចេញពីបរិវេណនេះនៅក្នុងឃុំសោប ស្រុកព្រែកប្រសព្វ។

លោកស្រី ហ៊ាន ជៀវគុណ អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានមានប្រសាសន៍ថា ជម្លោះមួយបានផ្ទុះឡើងជាមួយកងរាជអាវុធហត្ថនៅបរិវេណនេះមិនយូរប៉ុន្មានមុនពេលហេតុការណ៍ត្រូវគេថតបាន។

លោកស្រី ជៀវគុណ បានថ្លែងថា “ខ្ញុំទទួល បានព័ត៌មានថា មនុស្សពីរនាក់រងរបួសធ្ងន់ និងបីនាក់ទៀតរងរបួសស្រាលអំឡុងការប៉ះទង្គិចគ្នាជាមួយកងរាជអាវុធហត្ថនៅពេលព្រឹក”។ លោកស្រីបានបន្ថែមថា អ្នកទាំងពីរបានធូរ ស្រាលហើយនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ លោកស្រីបានថ្លែងថា ក្រុមអ្នកភូមិក្នុងមូលដ្ឋានបានដឹកឈើយកទៅធ្វើជន្លង់ម្រេចច្រើនឆ្នាំមកហើយ ហើយមិនជឿថា ឈើក្នុងបរិមាណប៉ុណ្ណេះតម្រូវឱ្យមានអាជ្ញាប័ណ្ណឡើយ។

លោក សាន ប៊ុនថន បានអះអាងថា អ្នកភូមិដែលចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានរងរបួសកាលពីយប់មិញ នៅពេលដែលរថយន្តធុនធំមួយគ្រឿងបុកជាមួយរថយន្តមួយគ្រឿងទៀតអំឡុងការចុះពិនិត្យជាប្រចាំដើម្បីរកអាជ្ញាប័ណ្ណដឹកឈើ។

លោកបានថ្លែងថា “កងរាជអាវុធហត្ថបានឃាត់រថយន្តមួយគ្រឿងដឹកឈើជន្លង់ម្រេច ហើយរថយន្តមួយគ្រឿងទៀតបានបុក ពីខាងក្រោយ បណ្តាលឱ្យបែកកញ្ចក់មុខ”។ លោកបានបន្ថែមថា រថយន្តទាំងពីរត្រូវបានរឹបអូស ពីព្រោះអ្នកបើកបរមិនអាចផ្តល់អាជ្ញាប័ណ្ណដឹកឈើដែលតម្រូវឲ្យមាន។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា រថយន្តទាំងពីរគ្រឿងត្រូវបានប្រគល់ឱ្យវិញនៅថ្ងៃបន្ទាប់ជាមួយនឹងឈើ បន្ទាប់ពីជនល្មើសបានចុះហត្ថលេខាសន្យាថា នឹងឈប់ប្រព្រឹត្តបទល្មើសដដែលនេះទៀតហើយនៅពេលអនាគត។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ។

លោក គាង ហុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តក្រចេះបានមានប្រសាសន៍ថា បុរសពីរនាក់បានចូលសម្រាកព្យាបាលប្រហែលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារបន្ទាប់ពីមានគ្រោះថ្នាក់រថយន្ត ប៉ុន្តែ មិនមានព័ត៌មានលម្អិតបន្ថែមទេ។ លោកមិនដឹងថា មានអ្នកជំងឺចូលសម្រាកព្យាបាលបន្ទាប់ពីការប៉ះទង្គិចជាមួយកងរាជអាវុធហត្ថទេ៕សារុន (រាយការណ៍បន្ថែមដោយ អ៊ូច សូនី)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស