តាមមូលនិធិមនុស្សធម៌ Gold West ដែលបណ្តុះបណ្តាលអ្នកមុជទឹក សមាជិកនៃអង្គភាពមុជទឹកស្រង់របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានស្រង់គ្រាប់បែកប្រភេទ MK-82 ធ្វើនៅអាមេរិកដែលទម្លាក់ពីយន្តហោះ ចេញពីការដ្ឋានយកថ្មលិចទឹកមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ។
លោក ម៉ៃឃ៍ នីស៊ី ប្រធាននៃប្រតិបត្តិការក្នុងទឹករបស់ Golden West បាននិយាយថា កម្មករនៅការដ្ឋានយកថ្មបានទាក់ទងស៊ីម៉ាក់ជូនដំណឹងអំពីគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទម្ងន់២៤១គីឡូក្រាមនេះជាច្រើនថ្ងៃកន្លងមកហើយ។ លោកបាននិយាយថា អង្គភាពមុជទឹកបានស្រង់គ្រាប់បែកនេះពីក្នុងទឹកជម្រៅ១០ម៉ែត្រ។
“យើងបានទាញវាដោយដៃមកចំណោតច្រាំង និងមានអេស្កាវ៉ាទ័រមួយគ្រឿងពីការដ្ឋានសំណង់ ចងខ្សែពួរពីអេស្កាវ៉ាទ័រទៅនឹងគ្រាប់បែក ហើយប្រើអេស្កាវ៉ាទ័រនោះលើកវាមកខាងលើ”។
ការខំប្រឹងប្រែងស្រង់លើកទីបីរបស់អង្គភាពមុជទឹកបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការមួយស្រដៀងគ្នាកាលពីខែមីនា ដែលនៅពេលនោះអ្នកមុជទឹក១១នាក់បានទាញគ្រាប់កាំភ្លើងផ្លោង១០៥មីលីម៉ែត្រចំនួនបួនគ្រាប់ និងគ្រាប់បែក MK-82 មួយគ្រាប់ពីបាតទន្លេសាប នៅជាយជ្រុងភ្នំពេញ។
មូលនិធិ Golden West ប្រមាណថា ស្រឡាងប្រហែល៣០០គ្រឿងបានលិចដោយសារការបាញ់ពីខ្មែរក្រហម នៅពេលដែលកំពុងដឹកគ្រឿងផ្គត់ផ្គង់របស់អាមេរិកពីប្រទេសវៀតណាមខាងត្បូងមកក្រុងភ្នំពេញ នៅអំឡុងពេលសង្គ្រាមឥណ្ឌូចិនលើកទី២៕និត