នគរបាលបាននិយាយកាលពីម្សិលមិញថា បុរសកសិករដាំដំឡូងមីវ័យ២៨ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងខេត្តក្រចេះកាលពីព្រឹកម្សិលមិញពីបទចាប់រំលោភក្មេងស្រីក្បែរខាងអាយុ៦ឆ្នាំកាលពីដើមសប្ដាហ៍នេះ។
ជនសង្ស័យឈ្មោះ សាន់ ទីន បានស្រែកហៅក្មេងស្រីរងគ្រោះ ខណៈពេលនាងកំពុងកាត់ស្លឹកគ្រៃក្បែរផ្ទះរបស់ជនសង្ស័យនៅក្នុងឃុំអូរគ្រៀង ស្រុកសំបូរ នៅម៉ោងប្រហែល៩ព្រឹកថ្ងៃអង្គារ ដោយឱ្យប្រាក់នាង១.០០០រៀល ហើយល្បួងនាងឱ្យឡើងទៅលើផ្ទះ នេះបើយោងតាមការលើកឡើងរបស់លោក ទូច ស៊ីថា នាយរងប៉ុស្តិ៍ឃុំ។
លោកបានមានប្រសាសន៍ថា ពេលនោះឈ្មោះ សាន់ ទីន ក៏បានចាប់រំលោភក្មេងស្រីរងគ្រោះ ដែលបានត្រឡប់មកផ្ទះវិញជាមួយនឹងប្រាក់១.០០០រៀល។ “នៅពេលឪពុកសង្កេតឃើញក្មេងស្រីរងគ្រោះមានការភ័យខ្លាច ជនរងគ្រោះបានប្រាប់ឪពុករបស់នាងអំពីបទល្មើសនេះ”។
លោកលើកឡើងថា ឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅនគរបាលឃុំកាលពីយប់ថ្ងៃពុធ រហូតឈានទៅដល់ការចាប់ខ្លួនឈ្មោះ សាន់ ទីន នៅពេលព្រឹកឡើង។
លោក ណយ ស៊ីថាច អធិការរងស្រុកសំបូរ មានប្រសាសន៍ថា នគរបាលនឹងសួរចម្លើយឈ្មោះ សាន់ ទីន នៅអធិការដ្ឋានថ្ងៃនេះ។
លោកបានមានប្រសាសន៍កាលពីរសៀលម្សិលមិញថា “ខ្ញុំកំពុងដឹកជនសង្ស័យពីប៉ុស្តិ៍នគរបាលឃុំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួរចម្លើយ”៕ សុខុម