36 C
Phnom Penh

ពេល​​​នេះ​​​ បទបញ្ជាដ៏​​​​​​តឹង​​​រឹុង​​​​ស្តីពីសម្លៀកបំពាក់ចូលទស្សនាតំបន់អង្គរ​វត្ត​​​ចូលជាធរមាន​​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅម៉ោង៨ព្រឹកម្សិលមិញ លិន សំផូ បានទៅទទួលភ្ញៀវទេសចរជនជាតិអូស្ត្រាលីម្នាក់ពី សណ្ឋាគារមួយក្នុងក្រុងសៀមរាបដើម្បីនាំគាត់ទៅកាន់ឧទ្យានបុរាណអង្គរសម្រាប់ការដើរទស្សនាប្រាសាទបុរាណនានា នៅក្នុងតំបន់នេះអំឡុងពេលព្រឹក។

cam-photo-angkor-wat-reuters-800x533ប្រធានក្រុមហ៊ុនទេសចរណ៍ Private Siem Reap Tour Guide រូបនេះ បានសម្លឹងមើលអ្នកដំណើររបស់ខ្លួន គឺស្ត្រីម្នាក់មានអាយុខ្ទង់៣០ឆ្នាំ ហើយបានសុំឲ្យគាត់ប្តូរសម្លៀកបំពាក់។

លោក លិន សំផូ បានលើកឡើងថា “គាត់បានចេញមកក្នុងសម្លៀកបំពាក់អាវវាលក្លៀកនិងខោខ្លី ហើយបន្ទាប់មកខ្ញុំបានជម្រាប គាត់ថា ‘អ្នកត្រូវតែយកអាវធំមកផង’។ ខ្ញុំបាននិយាយថា ’អ្នកត្រូវតែស្លៀកពាក់សមរម្យពេលទៅដើរមើលប្រាសាទ”។

លោកបានបន្ថែមថា ”គាត់មានការភ្ញាក់ផ្អើលដោយនិយាយថា អូ អ៊ីចឹងមែនឬ? ពាក់អាវវាលក្លៀកគេមិនអនុញ្ញាតឲ្យចូលមើលប្រាសាទមែនទេ?”។

ជាច្រើនឆ្នាំមកហើយ បទបញ្ជាស្តីពីសម្លៀក បំពាក់ចូលទស្សនាតំបន់ឧទ្យានបុរាណអង្គរមានការអនុវត្តយ៉ាងធូររលុង។  ប៉ុន្តែ ស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យាននេះបានប្រកាសកាលពីខែមុនថា បទបញ្ជានេះនឹងត្រូវអនុវត្តឲ្យបានតឹងរុឹងដោយចាប់ផ្តើមកាលពីម្សិលមិញ។

យោងតាមក្រមប្រតិបត្តិអង្គររបស់អាជ្ញាធរ អប្សរា សម្លៀកបំពាក់ដែលបញ្ចេញជង្គង់ ឬស្មា “ត្រូវបានហាមឃាត់នៅកន្លែងស័ក្ដិសិទ្ធិ” ក្នុងឧទ្យាននេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរនេះបានលើកឡើងថាការអនុវត្តតឹងរឹុងគឺជាការចាំបាច់ ព្រោះភ្ញៀវទេសចរភាគច្រើនមិនយកចិត្តទុកដាក់ចំពោះបទបញ្ជាស្តីពីសម្លៀកបំពាក់ទេ។

លោកបានលើកឡើងទៀតថា ការអនុវត្ត ចំណុចផ្សេងៗទៀតនៃក្រមនេះ ដូចជាការហាមឃាត់មិនឲ្យជក់បារី ចោលសំរាមប៉ះ ពាល់រូបចម្លាក់ និងនិយាយឮៗ ក៏ត្រូវអនុវត្តឲ្យបានតឹងរឹុងដែរ។

លោកបានលើកឡើងបន្តទៀតថា អាជ្ញាធរអប្សរាបានធ្វើការជាមួយការិយាល័យលក់សំបុត្ររបស់ឧទ្យាននេះដើម្បីអនុវត្តបទបញ្ជាស្តីពីសម្លៀកបំពាក់របស់ភ្ញៀវទេសចរ ហើយសញ្ញារៀបរាប់លម្អិតពីបទបញ្ជានានាត្រូវបានបិទនៅតាមទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងអាកាសយានដ្ឋានក្រុងសៀមរាប។

លោក ឡុង កុសល បានថ្លែងថា “ប្រសិនបើយើងឃើញពួកគាត់ស្លៀកពាក់មិនសមរម្យនៅបញ្ជរលក់សំបុត្រ យើងនឹងសុំឲ្យពួកគាត់ប្តូរសម្លៀកបំពាក់ ឬក៏ទិញអ្វីមកបាំងរាងកាយរបស់ពួកគាត់”។

អង្គរវត្តដែលជាប្រាសាទធំបំផុតនៅឧទ្យាននេះ គឺត្រូវបានដាក់ចំណាត់ថ្នាក់ជាប្រចាំក្នុងចំណោមតំបន់ទេសចរណ៍កំពូលៗលើលោក។នៅក្នុងករណីបីដាច់ដោយឡែកពីគ្នាកាលពីឆ្នាំមុន ភ្ញៀវទេសចរប៉ុន្មានក្រុមត្រូវបាននិរទេសចេញពីប្រទេសកម្ពុជាដោយសារថតរូបអាក្រាតនៅតាមប្រាសាទនានា។

លោក ឡុង កុសល បានមានប្រសាសន៍ថា “តំបន់អង្គរគឺជាកន្លែងស័ក្តិសិទ្ធិ។ ដូច្នេះមិនគួរមានសកម្មភាពដូចជាការស្លៀកពាក់មិនសមរម្យដែលប៉ះពាល់ដល់តម្លៃនៃកន្លែងនេះឡើយ”។ លោក លិន សំផូ ដែលក៏ជាមគ្គុទ្ទេសក៏ទេសចរណ៍ដែរនោះបានលើកឡើងថា “ការណែនាំនេះនឹងជួួយរក្សាតម្លៃវប្បធម៌” នៅតំបន់នេះ ដែលភ្ញៀវទេសចរជារឿយៗមិនសូវជាផ្តោតលើសុភាវធម៌ និងភាពស្ងប់ស្ងាត់នោះ។

Izzy Trompetas ភ្ញៀវទេសចរអាយុ២១ឆ្នាំ មកពីក្រុងឡុងដ៍បានលើកឡើងថា គេបានសុំឲ្យនាងយកកន្សែងបង់កមកគ្របពីលើអាវចំហផ្នែកខាងលើ ពេលដើរមើលប្រាសាទបាពួនកាលពីថ្ងៃអាទិត្យ។ នាងបាននិយាយថា នាងមិនទើសទាល់នឹងការស្នើ បែបនេះទេ ព្រោះវាឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌របស់ម្ចាស់ស្រុក។

Holly Turner-Flymn អ្នករួមដំណើរជាមួយនាងដែលក៏មានអាយុ២១ឆ្នាំដែរនោះបានលើកឡើងថា ឲ្យតែអាជ្ញាធរធានាថា ភ្ញៀវទេសចរដឹងអំពីបទបញ្ជានេះ “វាមិនអីទេ ទោះបីជាវាបែកញើសបន្តិចក៏ដោយ”៕ស៊ុយឈាង

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស