37.6 C
Phnom Penh

នៅឃ្លាំ​​​មើល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគវ័យក្មេងមួយក្រុមមានបំណងចាប់យកពីត្រង់កន្លែងដែល កែម ឡី បានបន្សល់ទុក

ចំពោះភ័ស្តុតាងថា វាគ្រោះថ្នាក់យ៉ាងណាក្នុងការធ្វើជាអ្នកវិភាគនយោបាយនិយាយឥតសំចៃនៅកម្ពុជានោះ លោក ហង្ស វិទូ មិនចាំបាច់សម្លឹងមើលឆ្ងាយទេ។ គ្រូរបស់លោកគឺ កែម ឡី ត្រូវឃាតករបាញ់ស្លាប់នៅក្នុងហាងស្តាម៉ាតស្ថានីយចាក់សាំងមួយក្នុងក្រុងភ្នំពេញនៅដើមខែនេះទាក់ទងនឹងអ្វីដែលមជ្ឈដ្ឋានភាគច្រើនជឿថាគឺជាការរិះគន់ត្រង់ៗរបស់លោកទៅលើរដ្ឋាភិបាល។

ណេង ពៅ និយាយជាមួយសមាជិកក្រុមអ្នកវិភាគវ័យក្មេងនៅឯហាងកាហ្វេមួយ ក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ។ រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ណេង ពៅ និយាយជាមួយសមាជិកក្រុមអ្នកវិភាគវ័យក្មេងនៅឯហាងកាហ្វេមួយ ក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ។ រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក វិទូ វ័យ២៦ឆ្នាំ បាននិយាយថា “គាត់ធ្លាប់និយាយ។គាត់បាននិយាយថា ‘ពេលខ្ញុំនិយាយការពិត ខ្ញុំមិនដែលគិតថា ខ្ញុំនៅរស់ទេ’”។

ប៉ុន្តែទោះបីជាលោកមើលឃើញការងារបែបនេះប្រថុយប្រថានក៏ដោយ ក៏លោក វិទូ ជាសិស្សប្តូរផ្តាច់បំផុតម្នាក់ក្នុងបណ្តាសិស្សប្តូរផ្តាច់បំផុតរបស់ កែម ឡី ឥឡូវនេះជាអ្នកវិភាគនយោបាយកំពុងប្រាថ្នា និងជាស្ថាបនិកក្លឹបដែលមានឈ្មោះថា ក្រុមអ្នកវិភាគវ័យក្មេង ដែលមានបំណងជំរុញទឹកចិត្ត និងបណ្តុះបណ្តាលអ្នកអត្ថាធិប្បាយជំនាន់ថ្មី។

មុននឹងលោកត្រូវឃាតករបាញ់សម្លាប់ សំឡេងរបស់ កែម ឡី តែងតែឮតាមរលកធាតុអាកាស ដោយពិភាក្សាអំពីបញ្ហានយោបាយនិងសង្គមសព្វថ្ងៃ ហើយទស្សនរបស់លោកបានបោះពុម្ពផ្សាយជាទៀងទាត់តាមកាសែត ដោយផ្តល់នូវការរិះគន់ដោយមានតុល្យភាពលើភាគីទាំងពីរនៃទិដ្ឋភាពនយោបាយ។ ប៉ុន្តែ មនុស្សមួយចំនួនបានដឹងថា លោកក៏បណ្តុះបណ្តាលសិស្សឲ្យពង្រីកការគិតដោយហ្មត់ចត់ដោយមានទស្សនៈពង្រឹងវិស័យអ្នកវិភាគនយោបាយឯករាជ្យដែលនៅក្មេងខ្ចីនៅឡើយ។

លោក វិទូ បាននិយាយថា ដំបូងលោកបានជួប កែម ឡី នៅឯសកលវិទ្យាល័យ ឆូឡាឡុងកន ក្រុងបាងកក ក្នុងឆ្នាំ២០១៣ ក្នុងខណៈអ្នកទាំងពីរសិក្សានិងស្រាវជ្រាវនៅទីនោះ។

បន្ទាប់ពីការពិភាក្សាអំពីនយោបាយកម្ពុជានាពេលរសៀលមួយ អ្នកទាំងពីរបានប្តេជ្ញាទាក់ទងគ្នា ហើយក៏ណាត់ជួបគ្នានៅពេលអ្នកទាំងពីរត្រឡប់មកមាតុភូមិវិញ។ នៅពេលអ្នកទាំងពីរបានជួបគ្នាម្តងទៀតនៅក្រុងភ្នំពេញកាលពីឆ្នាំមុន អ្នកទាំងពីរបានសម្រេចចិត្តបើកក្រុមអ្នកវិភាគវ័យក្មេង។

ម៉េង ហេង អង្គុយជាមួយសមាជិកក្រុមអ្នកវិភាគវ័យក្មេងកាលពីថ្ងៃពុធ។  រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ម៉េង ហេង អង្គុយជាមួយសមាជិកក្រុមអ្នកវិភាគវ័យក្មេងកាលពីថ្ងៃពុធ។  រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ជួបគ្នារាល់ថ្ងៃអាទិត្យ នៅតាមទីកន្លែងផ្សេងៗក្នុងក្រុងភ្នំពេញ ក្រុមនេះដែលមានសមាជិកប្រហែល៥០នាក់ ទោះបីជាលោក វិទូ ទទួលស្គាល់ថា មានសមាជិកប្រហែល១៥នាក់ប៉ុណ្ណោះដែលសកម្មពេញលេញ និងពិភាក្សាអំពីវិធីនៃការជំរុញឲ្យមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យនៅកម្ពុជា ចំណែកឯ កែម ឡី នឹងជួយពួកគេពង្រីកជំនាញវិភាគរបស់គេ។

លោក វិទូ បាននិយាយថា “យន្តការនៃរបៀបស្រាវជ្រាវនិងវិភាគមានភាពស្មុគស្មាញណាស់”។

យុវជនរូបនេះបាននិយាយថា “ចំពោះមនុស្សដែលគ្រាន់តែបញ្ចេញមតិ យើងមិនអាចហៅថា វិភាគបានទេ។ ការវិភាគត្រូវមានយន្តការខ្លះៗ និងត្រូវមានវឌ្ឍនភាពខ្លះ។ វាមិនគ្រាន់តែមើលឃើញហើយនិយាយនោះទេ”។

លោក វិទូ បាននិយាយថា “នៅទីនេះ គាត់បានបង្រៀនយើងអំពីដំណើរការ គឺរបៀបប្រមូលទិន្នន័យ របៀបកត់ត្រា របៀបសម្ភាស ហើយបន្ទាប់មកអំពីរបៀបបញ្ចូលឯកសារទាំងអស់ឲ្យទៅតែមួយ ហើយបន្ទាប់មកយើងអាចរាយការណ៍ ហើយជួនកាលយើងអាចផ្សព្វផ្សាយទស្សនៈរបស់យើងតាមហ្វេសប៊ុក ឬផ្តល់របាយការណ៍ដល់អ្នកកាសែត”។

សមាជិកក្រុមអ្នកវិភាគវ័យក្មេងក៏នឹងដើរតាម កែម ឡី ទៅតាមបណ្តាខេត្តនានាដើម្បីស្ទាបស្ទង់មតិទាក់ទងនឹងប្រធានបទផ្សេងៗ រួមទាំងអំពើពុករលួយនិងជម្លោះព្រំដែនជាមួយវៀតណាម។

ណេង ពៅ វ័យ២២ឆ្នាំ ជានិស្សិតព័ត៌មានវិទ្យា និងជាសមាជិកសកម្មរបស់ក្រុមបាននិយាយថា ទោះបី កែម ឡី ជាញឹកញប់រិះគន់ការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលក៏ដោយ ក៏លោកតែងតែបញ្ជាក់ឲ្យឃើញនូវសារៈសំខាន់នៃអព្យាក្រឹតភាពនយោបាយដែរ។

លោក ពៅ បាននិយាយថា “បណ្ឌិត កែម ឡី មិនបង្រៀនយើងអំពីប្រធានបទជាក់លាក់ណាមួយទេ ប៉ុន្តែ បង្រៀនយើងអំពីរបៀបវិភាគទិន្នន័យទាំងស្រុង ហើយគាត់និយាយថា យើងត្រូវនៅឯករាជ្យ ហើយប្រយ័ត្នប្រយែងចំពោះការប្រើពាក្យពេចន៍របស់យើង”។

លោក ពៅ បាននិយាយថា “ជាអ្នកវិភាគ គឺត្រូវក្រឡេកមើលចំណុចអវិជ្ជមាននិងវិជ្ជមាន ដើម្បីរកឲ្យឃើញដំណោះស្រាយ។ ប្រសិនបើយើងកាន់ជើងខាងណា គេមិនហៅយើងថា អ្នកវិភាគឯករាជ្យបានទេ ហើយយើងនឹងមិនអាចស្វែងរកដំណោះស្រាយបានឡើយ”។

ទោះជាមានការខិតខំប្រឹងប្រែងដើម្បីត្រាប់តាមគ្រូរបស់លោកក៏ដោយ ក៏ការប៉ុនប៉ងរបស់លោក វិទូ ដើម្បីរក្សាឯករាជ្យភាពទំនងជាងាករេទៅក្នុងស្ថានភាពស្មុគស្មាញ នៅពេលដែលពិភាក្សាអំពីសកម្មភាពមូលដ្ឋានដែលគ្រោងទុករបស់ក្រុមលោក មុននឹងការបោះឆ្នោតជាតិនាឆ្នាំ២០១៨។

លោកបាននិយាយថា “ដំបូង យើងចង់រកការពិតទាក់ទងនឹងបញ្ហាព្រំដែន ពីព្រោះឥឡូវនេះកម្ពុជានិងវៀតណាមមានជម្លោះទៅលើព្រំដែន។ យូរៗទៅ កម្ពុជាកំពុងត្រូវបានលុកលុយដោយវៀតណាម អ៊ីចឹងយើងគ្រាន់តែចង់បញ្ជាក់ថា យើងមានភ័ស្តុតាងទាំងអស់”។

លោកបាននិយាយថា “បន្ទាប់មកយើងបង្ហាញរឿងនេះឲ្យរដ្ឋាភិបាល ប៉ុន្តែ រដ្ឋាភិបាលមិនដែលទទួលយកការស្រាវជ្រាវរបស់យើងទេ គឺគេនិយាយថា ឆ្កួតៗ”។

លោក វិទូ បានទាត់ចោលការផ្តល់យោបល់ថា កិច្ចការរបស់លោកអាចគេមើលឃើញថា ជាសកម្មជនភាពគណបក្សប្រឆាំង ដោយអះអាងថា ការទន្ទ្រានចូលរបស់វៀតណាម និងអភិបាលកិច្ចទន់ខ្សោយរបស់គណបក្សប្រជាជនកម្ពុជាត្រូវតែមានការពិនិត្យពិច័យ។

សមាជិកក្រុមអ្នកវិភាគវ័យក្មេង។  រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សមាជិកក្រុមអ្នកវិភាគវ័យក្មេង។  រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកនិយាយថា “យើងធ្វើការដើម្បីឯករាជ្យរបស់យើងពីវៀតណាម ព្រោះប្រទេសនេះតែងតែទន្ទ្រានចូលទឹកដីកម្ពុជា។ គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សកាន់អំណាច ហើយមានកំហុសច្រើនណាស់…. ហេតុអីក៏រិះគន់មិនបាន?”

លោក វិទូ បាននិយាយថា កែម ឡី បានដឹងអំពីគ្រោះថ្នាក់នៃការនិយាយរិះគន់រដ្ឋាភិបាល។

លោកនិយាយថា “គាត់បានដឹងច្បាស់ថា គាត់នឹងស្លាប់ថ្ងៃណាមួយ យើងត្រូវពន្យល់ថា ហេតុអ្វី [រដ្ឋាភិបាល] មិនចង់ឲ្យយើងពន្យល់។ គេមិនចង់ឲ្យនរណាម្នាក់ពន្យល់អ្វីមួយអំពីប្រជាធិបតេយ្យទេ”។

លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយដ៏លេចធ្លោ និងជាស្ថាបនិកវេទិកាអនាគត បាននិយាយថា ការវិភាគនយោបាយគឺជាបាតុភូតថ្មីនៅកម្ពុជា។

លោកបាននិយាយថា “នេះជារឿងថ្មី។ ប្រភេទសរីរាង្គពិតប្រាកដនៃសង្គមស៊ីវិលដែលទើបតែងើបឡើងជាអ្វីដែលត្រឹមតែចាប់ផ្តើមចេញជារូបរាងក្នុងរយៈពេលបីឬបួនឆ្នាំកន្លងមកប៉ុណ្ណោះ ជាពិសេសក្រោយពីការបោះឆ្នោតឆ្នាំ២០១៣”។

លោក វីរៈ បាននិយាយថា “មានសកម្មជននយោបាយច្រើន ប៉ុន្តែ មិនមានអ្នកវិភាគនយោបាយច្រើនទេ។ ប៉ុន្តែ ខ្ញុំគិតថា កាលពីបីឆ្នាំមុន ខ្ញុំគិតថា វាបានផ្លាស់ប្តូរ ហើយមានមនុស្សកាន់តែច្រើនចាប់ផ្តើមអង្គុយនិងពន្យល់ ហើយវាស់ទស្សនៈនៃដំណើរវិវត្តផ្នែកនយោបាយ”។

លោក វីរៈ បាននិយាយថា លោកសង្ឃឹមអំពីសក្តានុពលសម្រាប់អ្នកវិភាគជំនាន់ថ្មី ប៉ុន្តែ បានចង្អុលបង្ហាញថា ពាក្យពេចន៍នេះនៅទូលំទូលាយពេក។

សមាជិកក្រុមអ្នកវិភាគវ័យក្មេងជជែកគ្នានៅឯហាងកាហ្វេក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ។ រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
សមាជិកក្រុមអ្នកវិភាគវ័យក្មេងជជែកគ្នានៅឯហាងកាហ្វេក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធ។ រូបថតដោយ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោកបាននិយាយដោយសើចក្អឹកៗថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាគេហៅខ្ញុំថា ជាអ្នកវិភាគនយោបាយទេ”។

ផេង ស្រីល័ក្ខ អាយុ២៤ឆ្នាំ ជានារីមួយរូបក្នុងចំណោមនារីបីរូបក្នុងក្រុមអ្នកវិភាគវ័យក្មេង បាននិយាយថា សមាជិកសង្ឃឹមថា នឹងបញ្ចេញទស្សនៈរបស់ខ្លួន និងការរកឃើញនានានៅតាមវិទ្យុ ដូចជាគ្រូរបស់ពួកគេដែរ។

កញ្ញា ស្រីល័ក្ខ បាននិយាយថា “គាត់ធ្វើឲ្យពលរដ្ឋកម្ពុជារៀនតាមរយៈការស្តាប់វិទ្យុ”។

កញ្ញាបាននិយាយថា “យើងនឹងបន្តធ្វើបែបនេះ…. អ្នកខ្លះនឹងធ្វើខាងនយោបាយ អ្នកដទៃទៀតនឹងធ្វើខាងបរិស្ថាន និងសេដ្ឋកិច្ច”។ កញ្ញាបាននិយាយបន្ថែមថា សមាជិកបានទទួលការពេញចិត្តពីវិទ្យុសំបុកឃ្មុំ និងកម្មវិធីិវិទ្យុរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា”។

ទោះបីជាការស្លាប់របស់លោក កែម ឡី ក៏ដោយ ក៏អ្នកវិភាគវ័យក្មេងទាំងអស់ដែលសម្ភាសកាលពីសប្តាហ៍មុន បាននិយាយថា ពួកគេប្តេជ្ញាចិត្តបន្តអត្ថាធិប្បាយជាសាធារណៈទៅលើបញ្ហាដែលកំពុងកើតឡើង។

ម៉េង ហេង វ័យ២៦ឆ្នាំ បាននិយាយថា ប្រវត្តិសាស្ត្រកម្ពុជាពោរពេញទៅដោយគំរូនៃមនុស្សដែលត្រូវគេសម្លាប់ ដោយគ្រាន់តែពួកគេជាអ្នកចេះដឹង។ លោកបាននិយាយថា លោកសង្ឃឹមថា ជំនាន់របស់លោកដែលលោកហៅថា “ជំនាន់ក្មេងដោយមានចំណេះដឹង” នឹងទប់ទល់នឹងនិន្នាការនេះ។

យុវជនរូបនេះបាននិយាយថា “យើងនិយាយមិនចេញ ប៉ុន្តែ យើងនឹងបន្តនិយាយ យើងមិនអាចដកថយបានទេ។ ពីដំបូង យើងបានរៀនពីបណ្ឌិត កែម ឡី គឺមិនត្រូវភ័យខ្លាចទេ”៕រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស