35 C
Phnom Penh

អ្នក​​​​​​បង្កើត​​​​​​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាមបំផ្លាញពិភព ជា វណ្ណាត បន្ទាប់មក តាមរយៈជំនឿ អ្នកស្រីកំណត់អនាគតជាថ្មី

ដូចជាជនជាតិខ្មែរជាច្រើនដែលរស់នៅឆ្លងកាត់ទសវត្សរ៍សោកនាដកម្មបំផុតនៃសតវត្សរ៍ទី២០ ជា វណ្ណាតងើបឡើងចេញពីទសវត្សរ៍ឆ្នាំ១៩៧០និងឆ្នាំ១៩៨០ ដែលអ្នកស្រីមិនដែលគិតស្រមៃដល់។

ពីស្ត្រីវ័យក្មេង អៀនប្រៀននិងស្រគត់ស្រគំទៅជាមេដឹកនាំនិងអ្នកការទូតដែលមិនរារែកក្នុងការធ្វើសកម្មភាព។

អ្នកស្រី ជា វណ្ណាត និយាយតាមវិទ្យុវីអូអេនៅក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០១១។ រូបថតៈ ហេង រស្មី
អ្នកស្រី ជា វណ្ណាត និយាយតាមវិទ្យុវីអូអេនៅក្រុងភ្នំពេញ កាលពីខែមករា ឆ្នាំ២០១១។ រូបថតៈ ហេង រស្មី

ក្នុងពេលដែលអ្នកស្រី វណ្ណាត ពន្យល់នៅក្នុងស្វ័យជីវប្រវត្តិរបស់អ្នកស្រីថា “ដំណើរជីវិត”ដែលចេញផ្សាយជាភាសាអង់គ្លេសនិងខ្មែរក្នុងក្រុងភ្នំពេញកាលពីថ្ងៃពុធការវិវត្តរូបកាយរបស់អ្នកស្រីបានចាប់ផ្តើមនៅពេលដែលអ្នកស្រីចូលរួមក្នុងកម្លាំងពិសេសនៅឯមជ្ឈមណ្ឌលជនភៀសខ្លួនសហប្រជាជាតិ នៅប្រទេសហ្វីលីពីន ដែលនៅទីនោះ អ្នកស្រីនិងជនជាតិខ្មែររាប់រយនាក់ផ្សេងទៀតកំពុងរង់ចាំការផ្លាស់ទីលំនៅថ្មីក្នុងឆ្នាំ១៩៨០។

ជនភៀសខ្លួនទាំងអស់បានរស់រានមានជីវិតពីសង្គ្រាមស៊ីវិលនាទសវត្សរ៍ដើមឆ្នាំ១៩៧០ ហើយទទួលរងការធ្វើការដោយបង្ខិតបង្ខំក្រោមរបបខ្មែរក្រហមក្នុងអំឡុងពេលពាក់កណ្តាលទី២នៃទសវត្សរ៍នោះ។ បន្ទាប់មក ពួកគេបានភៀសខ្លួនកាត់តាមសមរភូមិជួរមុខតាមព្រំដែនថៃ បន្ទាប់ពីការទទួលបរាជ័យនៃរបបនេះ។

អ្នកស្រីបាននិយាយកាលពីថ្ងៃច័ន្ទ ក្នុងកិច្ចសម្ភាសមួយថា “ខ្ញុំបានឃើញការឈឺចាប់ ទុក្ខវេទនា ខ្លោចផ្សារបស់ជនភៀសខ្លួនខ្មែរផ្សេងទៀត ហើយខ្ញុំក៏ជួយពួកគេដែរ។ ខ្ញុំបានផ្លាស់ប្តូរខ្លួនខ្ញុំពីស្ត្រីមានចរិតរម្យទម មិនខ្វល់ខ្វាយទៅជាមនុស្សសកម្ម ចេះជួយយកអាសាអ្នកដទៃ… ហាក់ដូចជាដឹកដឿដែលបំលែងខ្លួនទៅជាមេអំបៅអ៊ីចឹង”។

អ្នកស្រីបាននិយាយរំឭកថា “ខ្ញុំនៅតែមានសារជាតិស្រគត់ស្រគំជាស្ត្រីខ្មែរ មិននិយាយច្រើនទេ។ អ៊ីចឹង ខ្ញុំត្រូវបង្ខំនិយាយចេញមក ក្រោកឈរក្នុងនាមអ្នកដទៃ ពីព្រោះខ្ញុំគិតថា ខ្ញុំមានសមត្ថភាពធ្វើបាន ចំណែកឯអ្នកដទៃទទួលរងខ្លោចផ្សាជាងខ្ញុំ។ គេគ្មានអ្វីទាល់តែសោះ”។

នៅពេលដែលអ្នកស្រីវិលត្រឡប់មកមាតុភូមិវិញ ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ អ្នកស្រី វណ្ណាត បានទទួលយកការងារស្រដៀងគ្នាមួយ គឺដឹកនាំអង្គការមួយដែលនាំគូបដិបក្ខនយោបាយឲ្យមកទល់មុខគ្នាក្នុងជំនួបសាធារណៈ។ មជ្ឈមណ្ឌលអភិវឌ្ឍសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០០០។ ជាអ្នកការទូតមានបទពិសោធន៍ជ្រៅជ្រះ អ្នកស្រី វណ្ណាត តែងតែដកស្រង់សម្តីដោយសារព័ត៌មានជាអ្នកសង្កេតការណ៍នយោបាយគួរឲ្យគោរពម្នាក់។

វណ្ណាត ជាក្មេងជំទង់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
វណ្ណាត ជាក្មេងជំទង់ក្នុងទសវត្សរ៍ឆ្នាំ១៩៥០។ រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

នៅក្នុងសៀវភៅរបស់អ្នកស្រី ដែលអ្នកស្រីបានសរសេរខ្លីដើម្បីឲ្យអ្នកអានអាចទទួលយកបាន ពោលគឺ១៧០ទំព័រជាភាសាអង់គ្លេស និង២១៤ទំព័រជាភាសាខ្មែរ អ្នកស្រីរៀបរាប់រយៈពេលធ្វើការងារលត់ដំក្នុងរបបខ្មែរក្រហម និងភាពលំបាកលំបិនដែលអ្នកស្រីប្រឈមមុខជាជនភៀសខ្លួន។ អ្នកស្រីផ្តោតលើហេតុការណ៍ពិតជាជាងការប្រើមនោសញ្ចេតនា។

អ្នកស្រីបាននិយាយថា “រឿងខ្ញុំមិនអាក្រក់ពេកទេ។ បើប្រៀបធៀបនឹងអ្វីដែលពលរដ្ឋកម្ពុជាខ្លះបានឆ្លងកាត់ក្នុងរបប ប៉ុល ពត និងក្រោយមកទៀត បទពិសោធន៍របស់អ្នកស្រីគឺគ្មានអ្វីទាំងអស់”។

ផ្ទុយទៅវិញ អ្នកស្រី វណ្ណាត បានជ្រើសរើសពន្យល់អំពីទសវត្សរ៍មានវិបត្តិទាំងនោះគូសវាសចរិតរបស់អ្នកស្រីយ៉ាងដូចម្តេច។ អ្នកស្រីបាននិយាយថា នៅក្នុងបញ្ហាសំខាន់គឺជំនឿរបស់អ្នកស្រី។ ព្រះពុទ្ធសាសនាជួយឲ្យអ្នកស្រីមានជីវិតរស់នៅ។

អ្នកស្រីបានមានប្រសាសន៍ថា “គ្មានអ្វីនៅក្នុងលោក រួមទាំងមនុស្សលោក និងអមនុស្សផង គឺអមតទេ។ ដែកគឺមិនមែនដែក ពោលគឺវាជាបណ្តុំនៃម៉ូលេគុលតូចៗដែលបន្តប្រែប្រួល ជាហេតុដែលបង្កឲ្យកើតច្រែះ។ វាដូចគ្នានឹងមនុស្សលោកដែរ។ អ្នកកើត អ្នកធំឡើង អ្នកឈឺ អ្នកស្លាប់។ នោះជាច្បាប់ធម្មជាតិ។ តើអ្នកចង់ប្រឆាំងនឹងរឿងហ្នឹង ឬដោះស្រាយបញ្ហាហ្នឹងឬ?”

អ្នកស្រីបាននិយាយបន្តថា “ដូច្នេះ ធម្មជាតិរបស់ខ្ញុំគឺដោះស្រាយ។ ខ្ញុំមានជំនឿ ហើយខ្ញុំប្រកាន់នូវជំនឿនោះ”។

អ្នកស្រី វណ្ណាត នៅក្នុងពិធីទទួលសញ្ញាប័ត្រក្នុងឆ្នាំ១៩៩១។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
អ្នកស្រី វណ្ណាត នៅក្នុងពិធីទទួលសញ្ញាប័ត្រក្នុងឆ្នាំ១៩៩១។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

កើតក្នុងឆ្នាំ១៩៤៣ ជាកូនអ្នកធ្វើគ្រឿងអលង្ការនៅខេត្តពោធិ៍សាត់ អ្នកស្រី វណ្ណាត ជាស្ត្រីវ័យក្មេង សម្លឹងទៅរកអនាគតភ្លឺស្វាង។ អ្នកស្រីបានរៀបការជាមួយវេជ្ជបណ្ឌិតឈ្មោះ គី ប៊ុនយៀប ហើយបានទទួលសញ្ញាបត្រផ្នែកហិរញ្ញវត្ថុសាធារណៈពីសាលាភូមិន្ទរដ្ឋបាលដែលនៅក្នុងសម័យមួយទៀត បានធ្វើឲ្យអ្នកស្រីមានការងារលេចធ្លោជាមន្ត្រីរាជការសាធារណៈ។

ប៉ុន្តែ នៅក្នុងប្រទេសកម្ពុជា អ្នកស្រីត្រូវធ្លាក់ខ្លួនចូលក្នុងសង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ឆ្នាំ១៩៧០ ហើយក៏ធ្លាក់ខ្លួនទៅធ្វើជាកម្មករក្នុងជំរំពលកម្មខ្មែរក្រហមក្នុងរបប ប៉ុល ពត ដែរ។

អ្នកស្រីបានសរសេរថា “នៅឯវាលស្រែ ខែណាដែលក្តៅជាងគេ យើងតែងតែខ្វះទឹកផឹកជានិច្ច។ ដោយស្រេកទឹកខ្លាំងពេក ជួនកាលខ្ញុំទ្រាំផឹកទឹកកខ្វក់ដុះស្លែដែលគេបង្ហូរចេញពីមន្ទីរពេទ្យ។ ខ្ញុំគ្រាន់តែយកក្រមាច្រោះយកស្លែចេញ មុននឹងផឹកទឹកនោះ”។

អ្នកស្រី វណ្ណាត ជាមួយប្តីអ្នកស្រីគឺលោក គី ប៊ុនយៀប និងកូនប្រុសឈ្មោះ គី វណ្ណឫទ្ធិ ពីរបីខែបន្ទាប់ពីការមកដល់សហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ១៩៨១។ រូបថតៈ  Marv Bondarowicz
អ្នកស្រី វណ្ណាត ជាមួយប្តីអ្នកស្រីគឺលោក គី ប៊ុនយៀប និងកូនប្រុសឈ្មោះ គី វណ្ណឫទ្ធិ ពីរបីខែបន្ទាប់ពីការមកដល់សហរដ្ឋអាមេរិកក្នុងខែធ្នូ ឆ្នាំ១៩៨១។ រូបថតៈ  Marv Bondarowicz

ពីព្រលឹមទល់ព្រលប់ ស្ទើរតែគ្មានអាហារចូលក្រពះបន្តិច មនុស្សដកស្ទូងយ៉ាងខ្លាំង។ អ្នកស្រីបានសរសេរថា “យើងត្រូវការឲ្យមានអ្វីៗច្រើនជាងថាមពលទៅទៀត ប៉ុន្តែពួកយើងគ្មានអ្វីទាល់តែសោះ។ រស់នៅក្នុងភាពភិតភ័យ ការបង្ខំឲ្យធ្វើការហួសកម្លាំង លាយឡំនឹង ការមិនបានដេកពួនផង បានធ្វើឲ្យម្នាក់ៗរស់នៅដូចស្លាប់”។

បន្ទាប់មក នៅក្នុងខែមករា ឆ្នាំ១៩៧៩ កងទ័ពវៀតណាមដែលជួយគាំទ្រដោយកម្លាំងផ្តាច់ខ្លួនកម្ពុជា បានយកជ័យជម្នះលើខ្មែរក្រហម។ អ្នកស្រី វណ្ណាត និងគ្រួសាររបស់អ្នកស្រីបានដើរត្រឡប់មកកាន់ក្រុងភ្នំពេញវិញ ហើយដូចជាពលរដ្ឋដទៃទៀតដែរ ដែលនៅកកស្ទះតាមផ្លូវនានា អំពើឃោរឃៅ និងមនុស្សស្លាប់ដែលពួកគេបានឃើញផ្ទាល់នឹងភ្នែកបានដិតជាប់នឹងទឹកមុខនឿយហត់របស់គេ។

អ្នកស្រីសរសេរថា “ស្ថានភាពទូទៅមានលក្ខណៈដូចជាព្រលឹងខ្មោចរាប់រយពាន់… កំពុងស្វះស្វែងរកទីជម្រក”។

អ្នកស្រី វណ្ណាត ឈរថត ក្នុងពេលដែលទាហានអង្គការសហប្រជាជាតិកំពុងផ្លាស់កងរថយន្តនៅក្នុងតំបន់ខ្មែរក្រហមភាគពាយ័ព្យប្រទេសកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
អ្នកស្រី វណ្ណាត ឈរថត ក្នុងពេលដែលទាហានអង្គការសហប្រជាជាតិកំពុងផ្លាស់កងរថយន្តនៅក្នុងតំបន់ខ្មែរក្រហមភាគពាយ័ព្យប្រទេសកម្ពុជា ក្នុងខែមេសា ឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

មួយឆ្នាំក្រោយមក ការកាប់សម្លាប់សងសឹក និងការសម្លាប់ចោះៗគឺនៅតែកើតឡើងនៅក្រុងភ្នំពេញ។ នៅពេលដែលមនុស្សប្រដាប់អាវុធបានមកចាប់ប្តីរបស់អ្នកស្រី វណ្ណាត ព្រោះគាត់ជាប់សង្ស័យថា គាំទ្រកងកម្លាំងដែលប្រឆាំងនឹងរបបគាំទ្រដោយវៀតណាម នោះប្តីប្រពន្ធមួយគូនេះបានសម្រេចចិត្តភៀសខ្លួនទៅប្រទេសថៃ។ បន្ទាប់ពីការធ្វើដំណើរដ៏យូរ នៅពេលនោះពួកគេបានគេចចេញពីទាហានវៀតណាម ចោរខ្មួយ និងកម្លាំងខ្មែរក្រហម ពួកគេក៏បានទៅដល់ជំរំជនភៀសខ្លួនខាវអុីដាង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។

ពីបីខែក្រោយមក ប្តីប្រពន្ធមួយគូនេះនិងកូនប្រុសអាយុ១៣ឆ្នាំរបស់ពួកគេឈ្មោះ គី វណ្ណឫទ្ធិ បានធ្វើដំណើរតាមយន្តហោះទៅកាន់មជ្ឈមណ្ឌលដំណើរការជនភៀសខ្លួនសហប្រជាជាតិនៅប្រទេសហ្វីលីពីន។ ជាអ្នកតំណាងជាប់ឆ្នោតសម្រាប់ជំរំ ជាស្ត្រីតែម្នាក់គត់ដែលគេជ្រើសរើសសម្រាប់តួនាទីនេះនៅក្នុងគណៈកម្មាធិការ អ្នកស្រី វណ្ណាត បានសម្រុះសម្រួលជម្លោះដែលទាក់ទងនឹងមន្ត្រីផ្គត់ផ្គង់កម្ពុជាមួយរូបដែលគេចោទថា ប្រព្រឹត្តអំពើពុករលួយ។ អ្នកស្រីសរសេរថា “សូម្បីតែខ្ញុំខ្លួនឯងក៏ភ្ញាក់ផ្អើលដែរ”។

បន្ទាប់មក នៅក្នុងសហរដ្ឋអាមេរិក ដែលនៅទីនោះគ្រួសាររបស់អ្នកស្រីបានតាំងទីលំនៅថ្មីក្បែរក្រុងផតឡែន រដ្ឋអូរេហ្គិន ក្នុងខែឧសភា ឆ្នាំ១៩៨១ អ្នកស្រីមិនមានពេលសោកស្តាយចំពោះខ្លួនឯងទេ។

អ្នកស្រីបាននិយាយថា “ខ្ញុំមានជីវិតរស់នៅ ជាអ្នករស់រានមានជីវិត ខ្ញុំមិនមានពេលរំពឹងគិត ឬសោកសង្រែង ឬសោកស្តាយចំពោះអ្វីមួយទេ។ ខ្ញុំមិនបណ្តោយឲ្យខ្លួនខ្ញុំបរាជ័យទេ ខ្ញុំត្រូវតែរឹងមាំ”។

ពេលទៅរស់នៅក្នុងរដ្ឋអូរេហ្គិនបានពីរខែ អ្នកស្រីបានរកបានការងារជាលេខានៅឯមជ្ឈមណ្ឌលពហុវប្បធម៌ ហើយចុះឈ្មោះចូលរៀនក្រៅម៉ោងក្នុងសាលាសហគមន៍ផតឡែន សិក្សាជំនាញហិរញ្ញវត្ថុនិងគណនេយ្យ។

អ្នកស្រីបាននិយាយថា ការចងចាំដ៏រស់រវើកបំផុតរបស់អ្នកស្រីនៅពេលនោះ គឺបើកបរពេញល្បឿនតាមមហាវិថីមួយ “នៅក្នុងប្រទេសដ៏មានឥទ្ធិពលបំផុតលើពិភពលោក”។

អ្នកស្រីបាននិយាយថា អ្នកស្រីមានបទពិសោធន៍ថ្មីៗជាច្រើន។ ជនភៀសខ្លួនខ្លះថែមទាំងនិយាយថា ការភៀសខ្លួនរបស់គេពីរបបខ្មែរក្រហម និងការតាំងទីលំនៅថ្មី បានធ្វើឲ្យមនុស្សធម្មតាមានឱកាសធ្វើដំណើរ និងទទួលបានដំណើរជីវិតដែលជនកម្ពុជាជាអ្នកមានទ្រព្យសម្បត្តិប៉ុណ្ណោះអាចធ្វើបានកាលពីមុន។

ជា វណ្ណាត (ទី២ពីស្តាំ) អង្គុយរង់ចាំឧទ្ធម្ភាគចក្រអង្គការសហប្រជាជាតិនៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងខែមេសា ឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
ជា វណ្ណាត (ទី២ពីស្តាំ) អង្គុយរង់ចាំឧទ្ធម្ភាគចក្រអង្គការសហប្រជាជាតិនៅឯព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ក្នុងខែមេសា ឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

នៅក្នុងឆ្នាំ១៩៨០ អ្នកស្រី វណ្ណាត បម្រើការក្នុងក្រុមប្រឹក្សាជាតិកម្ពុជា ជាអង្គការសហរដ្ឋអាមេរិក ដែលមានគោលបំណងរក្សាវប្បធម៌ខ្មែរឲ្យគង់វង្ស ទន្ទឹមនឹងធ្វើការពេញម៉ោង ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៅសកលវិទ្យាល័យរដ្ឋផតឡែន។

ក្នុងឆ្នាំ១៩៩២ អ្នកស្រីបានមកលេងជំរំជនភៀសខ្លួនខ្មែរនានានៅប្រទេសថៃ។ ក្រោយមក អ្នកស្រីបានមកតាំងទីលំនៅនៅស្រុកខ្មែរធ្វើជាអ្នកបកប្រែឲ្យអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ដែលគ្រប់គ្រងប្រទេស ហើយរៀបចំការបោះឆ្នោតជាតិ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស ដែលបញ្ចប់ជាផ្លូវការនូវសង្គ្រាមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១។

អ្នកស្រី វណ្ណាត បានចូលរួមកិច្ចប្រជុំ ដែលធ្វើឡើងដោយប្រធានអ៊ុនតាក់ គឺលោក យ៉ាសូ៊ស៊ី អាកាស៊ី។ អ្នកស្រីបាននិយាយក្នុងកិច្ចសម្ភាសមួយថា “យើងធ្លាប់ប្រើពាក្យអ្នកបកប្រែផ្ទាល់មាត់ អ្នកបកប្រែ ប៉ុន្តែ យើងធ្វើការច្រើនជាងហ្នឹង។ នៅពេលដែលមិនមានពាក្យខ្មែរផ្តល់អត្ថន័យសុក្រិត យើងត្រូវពន្យល់គំនិត”។

អ្នកស្រី ជា វណ្ណាត អង្គុយលើថ្មនៅឯប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
អ្នកស្រី ជា វណ្ណាត អង្គុយលើថ្មនៅឯប្រាសាទព្រះវិហារក្នុងឆ្នាំ១៩៩៣។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

អ្នកស្រីបានសរសេរនៅក្នុងសៀវភៅរបស់អ្នកស្រីថា “នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ទោះបីជាមានការខិតខំលើកកម្ពស់វប្បធម៌សន្តិភាព និងអហិង្សាយ៉ាងណាក៏ដោយ ក៏សំណល់នៃអំពើហិង្សាក្រោយសង្គ្រាមនៅតែមានក្នុងទិដ្ឋភាពនៃជីវិតប្រចាំថ្ងៃក្នុងសហគមន៍។ ស្ទើរតែរាល់យប់ ខ្ញុំឮស្នូរកាំភ្លើងពីគ្រប់ទិសទី… ពេលខ្ញុំទៅភោជនីយដ្ឋាន ខ្ញុំតែងតែឃើញអ្នកខ្លះបញ្ចេញបុណ្យសក្តិ អំណាច ដោយដាក់បង្ហាញកាំភ្លើងតូចធំ ឬដាក់គ្រាប់បែកដៃនៅលើតុ”។

ទោះជាយ៉ាងនេះក្តី អ្នកស្រី វណ្ណាត បានសម្រេចចិត្តរស់នៅក្នុងប្រទេសកម្ពុជា ហើយទទួលតំណែងនៅឯមូលនិធិអាស៊ី ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិក្នុងឆ្នាំ១៩៩៤។ បន្ទាប់មកក្នុងឆ្នាំ១៩៩៦ អ្នកស្រីបានចូលរួមក្នុងមជ្ឈមណ្ឌលអភិវឌ្ឍសង្គម ក្រោយមកបានក្លាយជាប្រធាន។តាមរយៈកិច្ចការ អ្នកស្រី វណ្ណាតបានរៀបចំវេទិកាសាធារណៈ និងចាត់ចែងឲ្យសត្រូវផ្នែកនយោបាយ និងសូម្បីតែអតីតខ្មែរក្រហមនិងជនរងគ្រោះបានជួបប្រាស្រ័យនឹងគ្នាដែរ។

អ្នកស្រីសរសេរនៅពេលនោះថា “ក្នុងសារជាតិជាសកម្មជនផងនិងជាអ្នកប្រតិបត្តិតាមច្បាប់ធម្មជាតិផង ខ្ញុំត្រូវមានជំហរមួយយ៉ាងគត់មត់ ពោលគឺខ្ញុំមិនត្រូវទោរទន់ទៅខាងណាមួយជាដាច់ខាត។ បងប្អូននិងមិត្តភក្តិខ្ញុំខ្លះដែលជិតស្និទ្ធនឹងគណបក្សដឹកនាំប្រទេសមិនហ៊ានមករាប់អានខ្ញុំទេ។ ទោះជាយ៉ាងនេះក៏ដោយ យើងនៅតែបន្តប្រកាន់ជំហររឹងមាំតាមឧត្តមគតិ”។

ក្នុងខែមករា ឆ្នាំ២០០៦ អ្នកស្រី វណ្ណាត ដែលនៅពេលនោះមានអាយុ៦២ឆ្នាំ បានសម្រេចចិត្តចូលនិវត្តន៍។ ជាអកុសល មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមមិនមានជីវិតរស់នៅទេ ក្រោយពីការចាកចេញរបស់អ្នកស្រី។ អ្នកទទួលតំណែងពីអ្នកស្រីគឺ ធារី សេង បានជំពាក់វាក់វិនក្នុងជម្លោះជាមួយក្រុមប្រឹក្សាភិបាលអង្គការដែលបណ្តាលឲ្យមជ្ឈមណ្ឌលនេះដួលរលំ បន្ទាប់មកក៏បានបិទទ្វារតែម្តង។

អ្នកស្រី ជា វណ្ណាត បង្ហាញឯកសារព្រឹត្តិប័ត្រ និងគំនូរត្លុកប្រឆាំងនឹងអំពើពុករលួយថ្វាយសម្តេចតា នរោត្តម សីហនុ និងសម្តេចម៉ែ នរោត្តម មុនីនាថ នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០០១។ រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
អ្នកស្រី ជា វណ្ណាត បង្ហាញឯកសារព្រឹត្តិប័ត្រ និងគំនូរត្លុកប្រឆាំងនឹងអំពើពុករលួយថ្វាយសម្តេចតា នរោត្តម សីហនុ និងសម្តេចម៉ែ នរោត្តម មុនីនាថ នៅក្នុងទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០០១។ រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

ក្នុងរយៈពេល១០ឆ្នាំចាប់តាំងពីពេលនោះមក អ្នកស្រី វណ្ណាត បានផ្តោតលើព្រះពុទ្ធសាសនា ដោយធ្វើសមាធិវិបស្សនា។ អ្នកស្រីបាននិយាយថា “នៅពេលអ្នកធ្វើវិបស្សនា អ្នកមើលអ្វីៗទៅតាមការពិតជាក់ស្តែង គឺមិនមែនអ្នកគិតថា វត្ថុនោះយ៉ាងនេះបានទេ ឬអ្នកចង់ឲ្យវត្ថុនោះក្លាយជាយ៉ាងនេះបានឡើយ គឺវាជាការពិតនៃធម្មជាតិ”។

ប្តីរបស់អ្នកស្រីបានទទួលមរណភាពក្នុងឆ្នាំ២០០៨ ហើយកូនប្រុសរបស់អ្នកស្រីរស់នៅសហរដ្ឋអាមេរិកជាមួយគ្រួសាររបស់គាត់ ចំណែកឯអ្នកស្រីបន្តរស់នៅក្នុងទីក្រុងភ្នំពេញ។

ទោះជាយ៉ាងនេះក្តី អ្នកស្រីនៅតែតាមដានចរន្តឆាកនយោបាយនៅកម្ពុជា ហើយប្រព័ន្ធផ្សព្វផ្សាយតែងតែសម្ភាសអ្នកស្រីជាអ្នកអត្ថាធិប្បាយ។ នៅក្នុងសៀវភៅអ្នកស្រី និងក្នុងកិច្ចសម្ភាស អ្នកស្រីគូសបញ្ជាក់ដោយមិនខ្លាចញញើតឲ្យឃើញនូវបញ្ហាដែលប្រទេសជាតិកំពុងប្រឈមមុខ។

អ្នកស្រីសរសេរថា “ការគោរពច្បាប់នៅមិនទាន់បានគ្រប់គ្រាន់និងការគ្រប់គ្រងសង្គមផ្តុំតែក្នុងដៃមនុស្សមួយក្រុម នាំឲ្យស្ថាប័នជាតិមិនរឹងមាំ កើតអំពើពុករលួយពាសវាលពាសកាល។ ការណ៍នេះបង្ហាញថា ប្រជាធិបតេយ្យ នៅកម្ពុជាមិនទាន់មានលក្ខណៈចាស់ទុំ ពេញលេញនៅឡើយទេ។  ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងប្រទេសគួរ ប្រឹងប្រែង កាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ គម្លាតរវាងអ្នកទីក្រុងនិងអ្នកជនបទតំបន់ដាច់ស្រយាល”។

អ្នកស្រី វណ្ណាត (កណ្តាល) ជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម អៀង សារី (ទី២ ពីស្តាំ) ក្នុងខេត្តប៉ៃលិន ក្នុងឆ្នាំ១៩៩៩។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត
អ្នកស្រី វណ្ណាត (កណ្តាល) ជួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម អៀង សារី (ទី២ ពីស្តាំ) ក្នុងខេត្តប៉ៃលិន ក្នុងឆ្នាំ១៩៩៩។  រូបថតៈ បណ្តុំរូបថត ជា វណ្ណាត

តើឃាតកម្មលើអ្នកវិភាគនយោបាយនិងអ្នករិះគន់រដ្ឋាភិបាលគឺលោក កែម ឡី នៅក្នុងហាងស្តាម៉ាតមួយកាលពីថ្ងៃទី១០ ខែកក្កដា ធ្វើឲ្យអ្នកស្រីប្រុងប្រយ័ត្នក្នុងការធ្វើអត្ថាធិប្បាយទាក់ទងនឹងស្ថានការណ៍នៅក្នុងប្រទេសឬទេ?

អ្នកស្រីបាននិយាយថា “កែម ឡី គឺពិតជាដឹងថា អ្វីអាចកើតឡើងចំពោះគាត់ ប៉ុន្តែ គាត់មិនអាចបញ្ឈប់បេះដូងរបស់គាត់បានទេ។ គាត់គ្រាន់តែនិយាយបែបកំប្លែងថា គាត់នឹងត្រូវដេកពេទ្យ ឬក៏នៅក្នុងឈាបនដ្ឋាន”។

អ្នកស្រី វណ្ណាត បាននិយាយថា “នៅពេលវាចេញពីបេះដូង អ្នកមិនអាចបញ្ឈប់វាបានទេ ពេលណាវាចេញពីបេះដូង គ្មានហេតុផលណាដែលត្រូវឈប់ទេ… មិនថាឡើយត្រូវប្រថុយប្រថានយ៉ាងណាក៏ដោយ”។

“ដំណើរជីវិត” បានបោះពុម្ពផ្សាយដោយវេទិកាសេវាសន្តិភាពស៊ីវិល  (forumZFD)  អាល្លឺ ម៉ង៕វណ្ណ រើន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស