33.3 C
Phnom Penh

មន្ត្រីគយចាប់បាន​ភ្លុកដំរី​ដ៏ច្រើន​នៅ​ក្រុងព្រះសីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ មន្ត្រីគយនៅក្រុងព្រះសីហនុចាប់បានភ្លុកដំរី១២៨ភ្លុកដែលមានទម្ងន់ជាង៦០០គីឡូក្រាមពីកុងតឺន័រមួយដែលទុកចោលនៅកំពង់ផែក្រុងនេះអស់រយៈពេលជាង២ឆ្នាំ។

លោក គិន លី ប្រធានសាខាគយ និងរដ្ឋាករប្រចាំកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបាននិយាយថា ភ្លុក៦១៣គីឡូក្រាមនេះត្រូវបានរកឃើញលាក់ក្នុងបាវពោត នៅពេលដែលកុងតឺន័រនោះ បានបើកនាម៉ោងប្រហែល៨និង៣០នាទីព្រឹក។

FullSizeRender-shrunk-800x594លោក គិន លី បាននិយាយថា “មានភ្លុកកាត់៤៨ដុំ និងភ្លុក៨៧។ វាត្រូវបានគេបង្កប់ក្នុងពោតមកពីទ្វីបអាហ្វ្រិក”។

យោងតាមលោក គិន លី កុងតឺន័រនោះត្រូវបានបញ្ជូនមកក្រុមហ៊ុនពាណិជ្ជ និងសំណង់ BTM ដែលមានទីតាំង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ហើយបានមកដល់កំពង់ផែនេះនៅខែមករាឆ្នាំ២០១៤ បន្ទាប់ពីត្រូវបានដឹកជញ្ជូនពីទ្វីបអាហ្វ្រិកមកនៅខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ប៉ុន្តែ លោកមិនបានដឹងថា មកពីប្រទេសណាទេ។

តំណាងក្រុមហ៊ុនមិនអាចទាក់ទងសំុការពន្យល់បានឡើយ។

លោក គិន លី បាននិយាយថា ក្រុមមន្ត្រីបានទុកកុងតឺន័រនោះមិនបើករយៈពេលជាង២ឆ្នាំមកហើយ ពីព្រោះពួកគេរង់ចាំម្ចាស់មកយក។ ទោះជាយ៉ាងនេះក្តី បន្ទាប់ពីមានការអញ្ជើញជាច្រើនលើកឲ្យក្រុមហ៊ុនមកយកកុងតឺន័រដោយគ្មានការឆ្លើយតបមក សេចក្តីសម្រេចបានធ្វើឡើងដើម្បីបើកវានៅចំពោះមុខមន្ត្រីគយ និងព្រះរាជអាជ្ញាខេត្តលោក លឹម ប៊ុនហេង ។

លោកបាននិយាយថា “ទំនិញបានមកដល់ យើងបានចេញការអញ្ជើញជាច្រើនលើក និងបានប្រកាសឲ្យដឹង ប៉ុន្តែ គ្មាននរណាមកដើម្បីបំពេញបែបបទគយទេ។ ដូច្នេះហើយនៅថ្ងៃនេះយើងបានសហការជាមួយព្រះរាជអាជ្ញាធ្វើការលើរឿងនេះ”។

ការរកឃើញនេះកើតមានឡើង បន្ទាប់ពីភ្លុកទម្ងន់ជាង៣តោនដែលជាការចាប់បានភ្លុកដំរីច្រើនបំផុតមិនធ្លាប់មាននៅកម្ពុជា ត្រូវបានរកឃើញលាក់នៅក្នុងកុងតឺន័រពីរផ្ទុកគ្រាប់សណ្តែកនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីស្គែន ដោយមន្ត្រីគយនៅខែឧសភា ឆ្នាំ២០១៤។នៅខែកុម្ភៈ សាលាដំបូងខេត្តបានចោទប្រកាន់ជាបណ្តោះអាសន្ន លើនាយកក្រុមហ៊ុន រ៉េហ៊ូ បុត្រ ចំពោះការពាក់ព័ន្ធរបស់គាត់ដែលគេសង្ស័យក្នុងការជួញដូរភ្លុកដំរីនោះ ដែលត្រូវ ឃាត់ទុកនៅកំពង់ផែនៅឡើយ។

នៅពេលសួរថា ហេតុអ្វីកុងតឺន័ររបស់ក្រុមហ៊ុនពាណិជ្ជ និងសំណង់ BTM មិនត្រូវគេស្គែន លោក គិន លី ជាថ្មីម្តងទៀតបានអះអាងថា លោកកំពុងរង់ចាំម្ចាស់មក ដែលលោកជឿថា ម្ចាស់នោះខ្លាច បន្ទាប់ពីមានការចាប់បានដ៏ច្រើនកាលពីខែឧសភា ឆ្នាំ២០១៤។

លោកបាននិយាយថា “បន្ទាប់ពីយើងចាប់បាននៅឆ្នាំ ២០១៤ ម្ចាស់កុងតឺន័រមួយនេះខ្លាចមិនហ៊ានមក ហើយទុកវាចោលនៅកំពង់ផែតាំងពីពេលនោះមក”។

លោក គិន លី បាននិយាយថា លោកប្រាកដថា ប្រទេសកម្ពុជាមិនមែនជាគោលដៅចុងក្រោយនៃភ្លុកដំរីទេ ក៏ប៉ុន្តែ លោកមិនច្បាស់ថា ពួកអ្នកជួញដូរសំដៅទៅទីផ្សារណាទេ។

លោក គិន លី បាននិយយាថា ” ដូចលោកដឹងហើយ មិនមានទីផ្សារនៅកម្ពុជាទេ។ សូម្បីតែអ្នកមាននៅកម្ពុជាក៏មិនប្រើវាដែរ”។

លោក ហួត វិចិត្រ អ្នកនាំពាក្យតុលាការខេត្តបាននិយាយថា ករណីនេះស្ថិតក្នុងដៃចៅក្រមសើុបសួរ ដែលមិនទាន់សម្រេចថា ត្រូវបន្តនីតិវិធីដោយរបៀបណានៅឡើយទេ។

កាលពីឆ្នាំ២០១៤ ក្រុមមន្ត្រីគយបានអះអាងថា ពួកជួញដូរកំពុងសម្លឹងមកប្រទេសកម្ពុជាកាន់តែខ្លាំងថា ជាច្រកមួយសម្រាប់ដឹកជញ្ជូនភ្លុកដំរីពីទ្វីបអាហ្វ្រិកទៅប្រទេសចិន និងប្រទេសវៀតណាម ព្រោះការសន្យានៅឆ្នាំ២០១៣របស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃពេលនោះថានឹងបង្ក្រាបការជួញដូរភ្លុកដំរីខុសច្បាប់នេះ។

តម្រូវការភ្លុកដំរីនៅអាស៊ីកំពុងធ្វើឲ្យមានការប្រមាញ់ភ្លុកដំរីខុសច្បាប់កាន់តែខ្លាំងឡើងនៅទ្វីបអាហ្វ្រិក ហើយសត្វដំរីរាប់មឺុនក្បាលត្រូវគេសម្លាប់នៅទ្វីបនេះរាល់ឆ្នាំ៕និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស