27 C
Phnom Penh

រដ្ឋាភិបាល​​​គ្រោង​​​ដំឡើង​​​ថ្លៃសំបុត្រ​ចូលទស្សនាប្រាសាទអង្គរ​វត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា លោកមិនជឿថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនៅពេលខាងមុខសម្រាប់ជនបរទេស នឹងបណ្ដាលឱ្យភ្ញៀវទេសចរដែលចូលមកប្រទេសកម្ពុជាធ្លាក់ចុះនោះទេ ដោយតាមការស្ទាប់ស្ទង់មតិបង្ហាញថា ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាប្រទេសកម្ពុជាត្រៀមខ្លួនក្នុងការបង់ប្រាក់បន្ថែម។

cam-photo-angkor-watកាលពីខែវិច្ឆិកា រដ្ឋាភិបាលបានដកយកការលក់សំបុត្រចូលទស្សនាឧទ្យានបុរាណអង្គរពីក្រុមហ៊ុន សូគីម៉ិច របស់លោក សុខ គង់ មកកាន់កាប់វិញ។ស្ថាប័នដែលបានបង្កើតឡើងដើម្បីគ្រប់គ្រងការលក់សំបុត្រ គឺគ្រឹះស្ថានអង្គរបានប្រកាសអំពីតម្លៃថ្មីសម្រាប់ភ្ញៀវទេសចរបរទេសកាលពីថ្ងៃសុក្រ។

តម្លៃសំបុត្រទស្សនារយៈពេល១ថ្ងៃនឹងដំឡើងពី២០ដុល្លារទៅ៣៧ដុល្លារ សំបុត្រចូលទស្សនារយៈពេល៣ថ្ងៃនឹងដំឡើងពី៤០ដុល្លារទៅ៦២ដុល្លារ ហើយសំបុត្រចូលទស្សនារយៈពេល១សប្ដាហ៍នឹងដំឡើងពី៦០ដុល្លារទៅ៧២ដុល្លារ។ ទឹកប្រាក់២ដុល្លារពីការលក់សំបុត្រនីមួយៗនឹងផ្ដល់ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលផ្ដល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារកម្ពុជា។

តម្លៃសំបុត្រថ្មីសម្រាប់ជនបរទេសគ្រោងចូលជាធរមាននៅថ្ងៃទី១ ខែកុម្ភៈ។ការចូលទស្សនាឧទ្យានបុរាណអង្គរមិនគិតថ្លៃទេសម្រាប់ប្រជាជនខ្មែរ។

លោក ថោង ខុន បានប្រាប់គេហទំព័រព័ត៌មានថ្មីៗ កាលពីម្សិលមិញថា ពេលវេលានេះស័ក្តិសមសម្រាប់ការដំឡើងតម្លៃសំបុត្រហើយបន្ទាប់ពីមានការបញ្ចុះតម្លៃជាច្រើនឆ្នាំមកហើយនោះ។

លោក ថោង ខុន បានមានប្រសាសន៍ថា “តម្លៃសំបុត្រ២០ដុល្លារពីឆ្នាំ១៩៩៤ វាស្មើនឹង៣៥ដុល្លារពេលឥឡូវ…ដូច្នេះតម្លៃលុយនេះបានបញ្ចុះ២០ឆ្នាំមកហើយ”។

លោកបានថ្លែងថា ”ទី២យើងបានស្ទាបស្ទង់ជាមួយភ្ញៀវទេសចរដូចជានៅព្រលានយន្តហោះ ហើយគេថា អង្គរវត្តវាអស្ចារ្យណាស់ ដូច្នេះអ្នកចង់ដំឡើងតម្លៃក៏បានហើយ ហើយទីភ្នាក់ងារទេសចរណ៍បរទេសធំៗនៅក្នុងប្រទេសដទៃទៀត ពួកគាត់ប្រាប់យើងថា ថ្លៃយើងថោកណាស់ បើប្រៀបធៀបទៅនឹងកន្លែងផ្សេងៗទៀត”។

លោកបានបន្ថែមថា “នៅកន្លែងផ្សេងទៀត វាមានតម្លៃ៨០ដុល្លារ ៧០ដុល្លារ ឬ៦០ដុល្លារសម្រាប់ការចូលទស្សនារយៈពេល១ថ្ងៃ តែប្រាសាទ១ទេ ចំណែកនៅក្នុងប្រទេសរបស់យើង ពួកគាត់ចំណាយត្រឹមតែ៣៥ដុល្លារបូក២ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា ដូច្នេះហើយពួកគាត់អាចចូលមើលបាន២៧ប្រាសាទ ហើយប្រាសាទធំៗទៀត ដូចជាប្រាសាទអង្គរវត្ត បាពួន តាព្រហ្ម បន្ទាយស្រី និងប្រាសាទដទៃទៀត មានន័យថា អត់ថ្លៃទេ”។

លោក ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ថា លោកបារម្ភថា ការដំឡើងតម្លៃសំបុត្រនេះនឹងមានការលំបាកសម្រាប់ទីភ្នាក់ងារទេសចរណ៍ចំនួន៦០០ដែលលោកតំណាងឱ្យនៅពេលពួកគាត់ចរចាជាមួយទីភ្នាក់ងារទេសចរណ៍នៅក្រៅប្រទេសក្នុងការដាក់កញ្ចប់ធ្វើដំណើររួមគ្នា។

លោកបានថ្លែងថា “វាអាចធ្វើឱ្យភ្ញៀវដែលបានកក់សំបុត្ររួចហើយមានអារម្មណ៍ភ្ញាក់ផ្អើល ហើយវាអាចលំបាកបន្តិចសម្រាប់ទីភ្នាក់ងារទេសចរណ៍ក្នុងការចរចាជាមួយដៃគូក្រៅប្រទេសរបស់ខ្លួនចំពោះការដំឡើងតម្លៃនេះ”។

លោកបានបន្ថែមថា “តាងនាមទីភ្នាក់ងារទាំងអស់នៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមស្នើឱ្យពន្យារពេល១ឆ្នាំទៀតសម្រាប់ការអនុវត្តតម្លៃថ្មីនេះ”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីដែលមើលខុសត្រូវស្ថាប័នដែលគ្រប់គ្រងឧទ្យានបុរាណអង្គរបានមានប្រសាសន៍ថា លោកជឿថា ភ្ញៀវទេសចរនឹងយល់អំពីការដំឡើងតម្លៃនេះ។

លោកបន្ថែមថា ”បើប្រៀបធៀបជាមួយកន្លែងបេតិកភណ្ឌវប្បធម៌ដទៃទៀតក្នុងពិភពលោក ដូចជា Palais ក្នុងប្រទេសបារាំង និងពីរា៉ាមីដ តម្លៃចូលទស្សនាអង្គរវត្តគឺថោកជាង”។

លោកមានប្រសាសន៍ថា “ខ្ញុំយល់ឃើញថា វានឹងមិនប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរដែលមកទស្សនាទេ ពីព្រោះ…តម្លៃនេះនៅតែទាបជាងកន្លែងបេតិកភណ្ឌដទៃទៀត។ហើយទី២ មួយផ្នែកនៃការដំឡើងតម្លៃនេះមានន័យថា ពួកគាត់នឹងរួមចំណែកក្នុងការគាំពារដល់កុមារកម្ពុជា”៕ សារុន

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស