38 C
Phnom Penh

ក្រឡាបញ្ជី​តុលាការ​កំពូល​​ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​ពីបទ​ពុករលួយ​ និង​រំលោភ​អំណាច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រឡាបញ្ជីតុលាការកំពូលម្នាក់ទទួលបន្ទុកសំណុំរឿងព្រហ្មទណ្ឌ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ និងចោទប្រកាន់ពីបទវិតិក្រម និងរំលោភអំណាច នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យតុលាការកាលពីម្សិលមិញ។

cam-photo-supreme-court-hhលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា សំណុំរឿងនេះ “គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ”។

មន្ត្រីមានការលាក់លៀមចំពោះអ្វីដែលក្រឡាបញ្ជីវ័យ៣០ឆ្នាំឈ្មោះ វ៉ាត វីសិដ្ឋ បានប្រព្រឹត្ត។ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគ្រាន់តែមានប្រសាសន៍ថា បទល្មើសនេះពាក់ព័ន្ធនឹងប្រាក់ ហើយថា ជនសង្ស័យត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់រួចហើយ។

លោកបានថ្លែងថា ”បន្ទាប់ពីសាកសួររួច យើងបានឃុំខ្លួនគាត់។ គាត់បានប្រព្រឹត្តអំពើពុករលួយ ដូច្នេះ អ្វីៗពាក់ព័ន្ធនឹងប្រាក់ ហើយយើងបានចាត់វិធានការហើយ។ យើងមានច្បាប់ប្រឆាំងអំពើពុករលួយ ដូច្នេះយើងអាចចាត់វិធានការលើជននេះបាន”។

ពេលសួរចុចថា តើលោក វ៉ាត វីសិដ្ឋ ជាប់ចោទរឿងអ្វី លោក ឱម យ៉ិនទៀង បដិសេធមិនឆ្លើយទេ។ លោកថ្លែងថា ”សំណួររបស់អស់លោកចាក់ឫសចាក់គល់ពេកហើយ។ យើងក៏មានសិទ្ធិរក្សាទុកព័ត៌មានដែរ ដូច្នេះសូមអស់លោកទៅសួរព្រះរាជអាជ្ញាទៅ”។

លោក លី សុផាណា អ្នកនាំពាក្យព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីក៏បដិសេធមិនលាតត្រដាងសេចក្ដីលម្អិតអំពីបទល្មើសដែលលោក វ៉ាត វីសិដ្ឋ ជាប់ចោទថាបានប្រព្រឹត្តដែរ។

លោកលើកឡើងថា “បន្ទាប់ពីបញ្ចប់ការសាកសួរគាត់ និងពិនិត្យមើលឯកសារ ព្រមទាំងភ័ស្តុតាងនៅក្នុងសំណុំរឿងនេះ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីបានបើកការស៊ើបអង្កេត ហើយចោទប្រកាន់លោក វ៉ាត វីសិដ្ឋ ពីបទវិតិក្រម”។

លោកបានបន្តថា មន្ត្រីរូបនេះក៏ត្រូវបានចោទប្រកាន់ដែរតាមមាត្រា៣២ និងមាត្រា៣៥នៃច្បាប់ប្រឆាំងអំពើពុករលួយទាក់ទិនអំពើពុករលួយ និងការរំលោភអំណាច។

លោក ជិន ម៉ាលីន គ្រាន់តែមានប្រសាសន៍ថា ការចាប់ខ្លួនមន្ត្រីតុលាការពីបទអំពើពុករលួយមិនមែនជារឿងថ្មីនោះទេ។ លោកគូសបញ្ជាក់ថា ”វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ពីព្រោះកន្លងមកក៏ធ្លាប់មានការចាប់ខ្លួនមេធាវី ព្រះរាជអាជ្ញា និងចៅក្រមដែរពាក់ព័ន្ធអំពើពុករលួយ”។

លោក ប៉ូលី ឧត្តម អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន កន្លែងដែលលោក វ៉ាត វីសិដ្ឋ ធ្លាប់បម្រើការងារបានរយៈពេល១ខែកាលពីឆ្នាំ២០១៤ មុនពេលផ្លាស់មកតុលាការកំពូល បានលើកឡើងថា លោកភ្ញាក់ផ្អើលពេលទទួលបានដំណឹងអំពីការចាប់ខ្លួនសហការីរបស់លោក។

លោកមានប្រសាសន៍ថា “កាលពីគាត់ធ្វើជាក្រឡាបញ្ជីនៅប៉ៃលិន គាត់មិនដែលធ្វើឱ្យមានកំហុស ឬប្រព្រឹត្តរឿងមិនល្អទេ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស