30 C
Phnom Penh

ប្រធាន​សាខា​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​​​ត្រូវបាន​​​​ចាប់​ខ្លួន​ពីបទ​ឆបោកប្រាក់យ៉ាង​​​ច្រើន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានសាខាមីក្រូហិរញ្ញម្នាក់ក្នុងខេត្តកណ្តាលត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីសប្តាហ៍មុនពីបទឆបោកប្រាក់យ៉ាងតិច ១៦៥.០០០ដុល្លារពីមីក្រូហិរញ្ញវត្ថុនេះនិងអតិថិជនរបស់ខ្លួន។

លោក ហង្ស សុផាតភារម្យ នាយការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានមានប្រសាសន៍កាលពីម្សិលមិញ ថា ឡុច ចំរើន អាយុ៣៣ឆ្នាំជាប្រធានសាខាមីក្រូហិរញ្ញវត្ថុប្រាសាក់ ស្រុកអង្គស្នួលត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ក្នុងខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា ”ជននេះបានរត់គេចខ្លួនពីខេត្តកណ្តាលមកខេត្តរបស់យើង ហើយយើងបានចាប់ខ្លួនជននេះខណៈដែលកំពុងសម្ងំលាក់ខ្លួនក្នុងផ្ទះមិត្តភក្តិម្នាក់។ យើងបានចាប់ខ្លួនជននេះផ្អែកលើដីការបស់សាលាដំបូងខេត្តកណ្តាល”។

ដោយត្រូវបានចុះផ្សាយតាមប្រព័ន្ធអីុនធឺ ណិតដោយបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុក និងចុះកាលបរិច្ឆេទថ្ងៃពុធ ដីកានេះមានខ្លឹមសារថា ឡុច ចំរើន ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តចំពោះហេតុការណ៍កាលពីខែកុម្ភៈ។

លោក ឯក ស៊ុនរស្មី អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាលបានមានប្រសាសន៍កាលពីម្សិលមិញថា លោក អីុ សុវណ្ណ ចៅក្រមសើុប សួរដែលបានចេញដីកាចាប់ខ្លួន បានចោទប្រកាន់ប្រធានសាខារូបនេះពីបទរំលោភលើទំនុកចិត្តកាលពីថ្ងៃសុក្រ ហើយបានបញ្ជូនជននេះទៅឃុំខ្លួនបណ្តោះអាសន្ន។

លោកបានមានប្រសាសន៍ថា មីក្រូហិរញ្ញវត្ថុប្រាសាក់បានដាក់ពាក្យបណ្តឹងប្តឹង ឡុច ចំរើន ដោយអះអាងថា ជននេះបានឆបោកប្រាក់ជាង១៤០.០០០ដុល្លារពីមីក្រូហិរញ្ញវត្ថុនេះ និងជាង១០០លានរៀល (ប្រហែល ២៥.០០០ដុល្លារ) ពីអតិថិជនរបស់ខ្លួន។ លោកបានបដិ សេធមិននិយាយលម្អិតថា តើ ឡុច ចំរើន បានប្រព្រឹត្តបទល្មើសនេះដោយរបៀបណានោះឡើយ។

គេហទំព័រព័ត៌មាន Cambodia Express News (CEN) បានចុះផ្សាយសេចក្តីរាយការណ៍ មួយកាលពីចុងសប្តាហ៍ ដោយលើកឡើងថា ឡុច ចំរើន បានឆបោកប្រាក់១៦០.០០០ដុល្លារពីមីក្រូហិរញ្ញវត្ថុប្រាសាក់ និងប្រាក់៣០០.០០០ដុល្លារពីអតិថិជនរបស់មីក្រូហិរញ្ញវត្ថុនេះ។

លោក ឯកស៊ុន រស្មី បានមានប្រសាសន៍ថា ទំនងជាមានតួលេខខ្ពស់ជាងនេះ ហើយថា លោករំពឹងថា នឹងមានអតិថិជនច្រើនទៀតមកដាក់ពាក្យបណ្តឹងដោយអះអាងថា ពួកគេត្រូវបានបោកប្រាស់។

លោកបានមានប្រសាសន៍ថា “បន្ទាប់ពីជននេះត្រូវបានចាប់ខ្លួន អតិថិជនម្នាក់បានមកដាក់ពាក្យបណ្តឹងជាមួយយើង ហើយខ្ញុំទាយថា នៅថ្ងៃច័ន្ទ អតិថិជនច្រើនទៀតនឹងមកដាក់ពាក្យបណ្តឹងប្តឹងជននេះ”។

បុរសម្នាក់ដែលលើកទូរស័ព្ទនៅសាខាប្រាសាក់ក្នុងស្រុកអង្គស្នួលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅការិយាល័យកណ្តាលនៅក្នុងរាជធានីភ្នំពេញ ដែលគេមិនអាចទាក់ទងបាន។ស្ត្រីម្នាក់ដែលលើកទូរស័ព្ទនៅការិយាល័យកណ្តាលរបស់មីក្រូហិរញ្ញវត្ថុនេះបាននិយាយថា មីក្រូហរិញ្ញវត្ថុអាចឆ្លើយតបចំពោះសំណួរទាំងនេះនៅថ្ងៃនេះ៕ សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស