34 C
Phnom Penh

​​​​​​​រដ្ឋាភិបាល​​ដំណើរ​​ការ​​​​​ដេញ​​ថ្លៃ​ឈើ​​​លើក​​​ដំបូង បន្ទាប់ពី​​​ពន្យារ​ពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ រដ្ឋាភិបាលបានដាក់ដេញថ្លៃជាលើកដំបូងនូវឈើមួយចំនួនក្នុងចំណោមឈើកាប់ខុសច្បាប់ប្រមាណ៧០.០០០ម៉ែត្រគូបដែលសមត្ថកិច្ចរឹបអូសបានកាលពីដើមឆ្នាំនេះ បន្ទាប់ពីកង្វះអ្នកចាប់អារម្មណ៍បានបង្ខំឱ្យលុបចោលការដេញថ្លៃរយៈពេលជាង១ខែ។

លោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ឈើចំនួន២៦៥ម៉ែត្រគូបសម្រាប់ការដាក់ដេញថ្លៃនៅខេត្តស្ទឹងត្រែង បានទៅលើលោក ជា ធៀច ក្នុងតម្លៃ១២៧.០០០ដុល្លារ ដែលលើសថ្លៃកំណត់ដំបូងប្រមាណ៣២.០០០ដុល្លារ។

អនុរដ្ឋលេខាធិការរូបនេះបានលើកឡើងថា លោក ជា ធៀច បានកក់ប្រាក់២០ភាគរយលើតម្លៃកំណត់ដំបូងដើម្បីចូលរួមក្នុងដំណើរការដេញថ្លៃ ហើយគាត់នឹងត្រូវបង់តាមតម្លៃជាក់ស្ដែងដែលគាត់បានដេញថ្លៃឈ្នះ មុនពេលគាត់អាចយកឈើទាំងនោះចេញបាន។

លោកបានបន្តថា ”យើងនឹងចេញលិខិតអនុញ្ញាតឱ្យគាត់ដឹកឈើពីខេត្តស្ទឹងត្រែង ទៅកន្លែងណាក៏បានតាមដែលគាត់ចង់យកទៅកែច្នៃសម្រាប់ការប្រាស់ក្នុងស្រុក”។

ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា ឈើទាំងនេះមិនអាចនាំចេញទៅបរទេសបានឡើយដោយសារតែរដ្ឋាភិបាលបានដាក់បម្រាមទូទៅលើការនាំចេញឈើកាលពីពាក់កណ្ដាលខែមករា។ បម្រាមនេះបានចូលជាធរមានប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមការងារពិសេសមួយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតឡើង និងដាក់ឱ្យស្ថិតនៅក្រោមបញ្ជារបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីបោសសម្អាតស្តុកឈើខុសច្បាប់នៅភាគឦសានប្រទេសកម្ពុជា។

ក្រុមការងារពិសេសនេះរឹបអូសឈើបានចំនួន៧០.០០០ម៉ែត្រគូប ដែលរដ្ឋាភិបាលបានព្យាយាមដាក់ដេញថ្លៃចាប់តាំងពីចុងខែមិថុនា ក្នុងតម្លៃសរុប១៤លានដុល្លារ។

ក្នុងចំណោមចំនួនឈើដែលត្រូវបានបែងចែកដាច់ដោយឡែកពីគ្នាសរុបចំនួន១១ ក្នុងខេត្តចំនួន៥ ការដេញថ្លៃកាលពីម្សិលមិញនៅក្នុងខេត្តស្ទឹងត្រែង ទាក់ទាញបានអ្នកដេញថ្លៃតែបីនាក់ប៉ុណ្ណោះ ជាចំនួនអប្បបរមាដែលរដ្ឋាភិបាលបានកំណត់សម្រាប់ការចាប់ផ្ដើមដំណើរការដេញថ្លៃ។

លោក សួង ម៉េងគា បានមានប្រសាសន៍ថា “ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងចំពោះការដេញថ្លៃឈើថ្ងៃនេះ ពីព្រោះយើងទទួលបានតម្លៃខ្ពស់ហួសពីការស្មាន”។

ចំណែកឯលោក ជា ធៀច ដែលគេមិនដឹងថាមានមុខរបរអ្វីនោះ មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេ។

គម្រោងដេញថ្លៃត្រូវបានពន្យារពេលដោយសារតែខ្វះអ្នកដាក់ពាក្យសុំចូលរួមដេញថ្លៃ។ បន្ទាប់ពីលុបចោលគម្រោងដេញថ្លៃជាច្រើនលើក រដ្ឋាភិបាលបានសម្រេចកាលពីចុងខែមុនថា នឹងមិនដេញថ្លៃឈើភាគច្រើនលើសលប់ក្នុងចំណោមឈើទាំង៧០.០០០ម៉ែត្រគូបឡើយ ហើយនឹងងាកមកធ្វើការចរចាជាមួយអ្នកដែលចាប់អារម្មណ៍ចង់ទិញវិញ។ លោក សួង ម៉េងគា បានគូសបញ្ជាក់ ការចរចាទាំងនោះនឹងធ្វើឡើងនៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

ភាគច្រើននៃឈើដែលកងកម្លាំងពិសេសរឹបអូសបានទាំងនោះ គឺរកឃើញនៅលើដីចម្ការកសិឧស្សាហកម្មនានា ដែលមួយចំនួនធំក្នុងចំណោមក្រុមហ៊ុនទាំងនោះត្រូវប្រជាពលរដ្ឋមូលដ្ឋាន និងបណ្ដាអង្គការសិទ្ធិមនុស្សចោទប្រកាន់ថាធ្វើសកម្មភាពកាប់ឈើខុសច្បាប់។

សូមបញ្ជាក់ថា សាលាដំបូងខេត្តនានាបានបើកសំណុំរឿងលើក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនោះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែមិនទាន់ដាក់ការចោទប្រកាន់នៅឡើយទេ៕ សុខុម

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស