29 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​រង​ការ​​ព្រមាន ​​​​ក្រោយ​​ប្រកាស​ជំហរ​​​គាំទ្រ​​​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិបានប្រកាសជំហរគាំទ្រយុទ្ធនាការ ”ថ្ងៃច័ន្ទពណ៌ខ្មៅ” ដើម្បីទាមទារឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប. ដែលកំពុងជាប់ពន្ធនាគារ បណ្ដាលឱ្យរដ្ឋាភិបាលចេញការព្រមានចំពោះការគាំទ្រយុទ្ធនាការដោយសន្តិវិធីនេះ។

cam-photo-front-satoshiការគាំទ្ររបស់គណបក្សប្រឆាំងចំពោះយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ ធ្វើឡើងនៅពេលសកម្មជនម្នាក់ត្រូវបានឃាត់ខ្លួន ហើយក្រោយមកដោះលែងវិញ និងនៅពេលនគរបាលខណ្ឌ៧មករា បានរាំងផ្លូវអ្នកតវ៉ាប្រមាណជាង១០នាក់ និងចាប់ហែកបដាចោល ក្នុងនោះរួមមានទាំងរូបថតលោក កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានគេធ្វើឃាតកាលពីខែមុនផងដែរ។

ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការតវ៉ាដ៏អូសបន្លាយដើម្បីអំពាវនាវឱ្យដោះលែងក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប. មួយរូប បានរួមគ្នាជាមួយការអំពាវនាវឱ្យស៊ើបអង្កេតល្អិតល្អន់ក្នុងករណីឃាតកម្មលើលោក កែម ឡី។

នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សនេះបានមានប្រសាសន៍ថា សហការីរបស់លោកនឹងស្លៀកពាក់ខ្មៅទៅធ្វើការរៀងរាល់ថ្ងៃច័ន្ទ ប៉ុន្តែការគាំទ្ររបស់ខ្លួននឹងបង្ហាញតែនៅការិយាល័យកណ្ដាលរបស់គណបក្សប៉ុណ្ណោះ។

លោកបានលើកឡើងថា “ថ្ងៃនេះយើងសូមអំពាវនាវឱ្យធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ពីព្រោះអ្នកទោសនយោបាយ និងអ្នកការពារសិទ្ធិមនុស្សត្រូវបានតុលាការផ្ដន្ទាទោសយ៉ាងអយុត្តិធម៌។ យុទ្ធនាការរបស់យើងនៅទីស្នាក់ការកណ្ដាល យើងសង្ឃឹមថា រដ្ឋាភិបាលនឹងមើលឃើញ  ហើយស្វែងរកដំណោះស្រាយជូនពួកគាត់”។

រដ្ឋាភិបាលបានបង្ក្រាបជាបន្តបន្ទាប់លើការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅដែលបានអូសបន្លាយពេលជាច្រើនខែ ដោយចាត់ទុកយុទ្ធនាការនេះថាជាការប៉ុនប៉ងធ្វើ “បដិវត្តន៍ពណ៌” ដោយខុសច្បាប់។

ពេលទាក់ទងបន្ទាប់ពីបង្ហោះសារព្រមានតាមហ្វេសប៊ុកថា រដ្ឋាភិបាលអាចនឹង “ចាត់វិធានការម៉ឺងម៉ាត់” លើគណបក្សសង្គ្រោះជាតិចំពោះការគាំទ្រយុទ្ធនាការនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការគំរាមនេះនឹងត្រូវអនុវត្ត ប្រសិនបើអ្នកនយោបាយទាំងនេះចេញធ្វើការតវ៉ាតាមដងផ្លូវ។

លោកគូសបញ្ជាក់ថា “យើងមិនភ្ញាក់ផ្អើលទេ គណបក្សសង្គ្រោះជាតិគឺជាអ្នកនៅពីក្រោយចលនានោះ។ ពួកគេគ្មានជម្រើសទេ ពួកគេត្រូវធ្វើបែបនោះដើម្បីឱ្យប្រជាពលរដ្ឋគាំទ្រគំនិតរបស់ពួកគេប្រឆាំងរដ្ឋាភិបាល។ លោក អេង ឆៃអ៊ាង អាចធ្វើអីក៏បានតាមគាត់ចង់នៅកន្លែងរបស់គាត់។ ប៉ុន្តែបើពួកគេធ្វើបាតុកម្មតាមដងផ្លូវ ហើយរំខានដល់សណ្ដាប់ធ្នាប់សាធារណៈ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន នោះជារឿងផ្សេង”។

សប្ដាហ៍ទី១៤នៃយុទ្ធនាការនេះបានប្រឈមស្ថានភាពស្រដៀងគ្នា នៅពេលសកម្មជនប្រហែលជាង១០នាក់ត្រូវនគរបាលខណ្ឌរាំងផ្លូវ នៅពេលពួកគាត់ព្យាយាមហែក្បួនតាមបណ្ដោយផ្លូវលេខ២១១ឆ្ពោះទៅសាលាដំបូងរាជធានីភ្នំពេញ។

បន្ទាប់ពីប្រវាយប្រតប់គ្នា ដោយនគរបាលបានចាប់ហែកបដាដែលជំរុញឱ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស និងស្វែងរកយុត្តិធម៌ជូនលោក កែម ឡី អ្នកស្រី ស ស៊ន សកម្មជនសិទ្ធិដីធ្លីត្រូវបានសមត្ថកិច្ចចាប់លើកបោះឡើងលើរថយន្ត ហើយដឹកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ។

ពេលទទួលបានការដោះលែងវិញនៅពេលរសៀលរាងជ្រេ អ្នកស្រី ស ស៊ន បានប្ដេជ្ញាធ្វើការតវ៉ាទៀត។អ្នកស្រីនិយាយថា “ពួកគេនិយាយថា បើខ្ញុំធ្វើទៀត លើកក្រោយពួកគេនឹងចាប់ខ្ញុំ។ ពួកគេអាចព្រមានបានតាមចិត្ត ប៉ុន្តែខ្ញុំនឹងបន្តធ្វើវាទៀតដើម្បីយុត្តិធម៌”៕ សុខុម (រាយការណ៍បន្ថែមដោយ George Wright)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស