37 C
Phnom Penh

២០​​​ឆ្នាំ​​​ក្រោយ​​​មក ការ​​​ចុះចូល​​​របស់​​​ខ្មែរ​​​ក្រហម​​​រំឭកឡើង​​​វិញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្តប៉ៃលិន -សម្រាប់ អ៊ី ឈាន អតីតអង្គរក្ស ប៉ុល ពត ដែលបានកាន់កាប់ខេត្តនេះតាមព្រំដែនថៃ ជាក្រុមចុះចូលដែលលោកបានដឹកនាំក្នុងខែសីហា ឆ្នាំ១៩៩៦បានកើតឡើងក្នុងកិច្ចប្រជុំមួយជាមួយមេដឹកនាំខ្មែរក្រហមអសោចកេរ្តិ៍ តាម៉ុក និងសុន សេន ពីរឆ្នាំមុន។

cam-photo-pailin-wright២០ឆ្នាំមុននៅសប្តាហ៍នេះ ក្រោយពីសង្គ្រាមរយៈពេលរាប់ទសវត្សរ៍ គេបានប្រកាសថា ទាហានកុម្មុយនិស្តដែលនឿយហត់នឹងសង្គ្រាមនៅប៉ៃលិននឹងដាក់អាវុធចុះ ហើយចូលរួមនឹងកងកម្លាំងរដ្ឋាភិបាលក្នុងវិធានការមួយដែលបណ្តាលឲ្យមានការរលំដួលទាំងស្រុងនូវខ្មែរក្រហមបីឆ្នាំក្រោយមក។

ក្នុងសមាជខ្មែរក្រហមក្នុងខែមេសា ឆ្នាំ១៩៩៤ ក្នុងខេត្តបាត់ដំបង លោក ឈាន ដែលបានក្លាយជាមេបញ្ជាការដ៏មានឥទ្ធិពលនៅតំបន់ព្រៃភ្នំជុំវិញប៉ៃលិន នាទសវត្សរ៍ឆ្នាំ១៩៨០ បាននិយាយថា លោកមានគំនិតចរចាជាមួយរដ្ឋាភិបាលក្រុងភ្នំពេញ នៅពេលនោះដឹកនាំដោយសហនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទ្រង់ នរោត្តម រណឫទ្ធិ។

លោក ឈាន បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា “ខ្ញុំបាននិយាយថា បើសិនជាអ្នកចង់ដោះស្រាយបញ្ហាតាមមធ្យោបាយសង្គ្រាម វានឹងមិនចប់ឡើយ។ វាត្រូវដោះស្រាយដោយសន្តិវិធី ប៉ុន្តែ យើងត្រូវធ្វើសម្បទានទៅវិញទៅមក”។

មានកំហឹងមួម៉ៅ តាម៉ុក មេបញ្ជាការខ្មែរក្រហមដ៏មានឥទ្ធិពល និង សុន សេន រដ្ឋមន្ត្រីការពារប្រទេសរបបនេះ បានស្នើឲ្យទាហានប្រហែល៧០០នាក់ដែលបានចូលរួមឲ្យលើកដៃ បើគេចាត់ទុកលោក ឈាន ថា ជាជនក្បត់ដែលបានលើកឡើងនូវគំនិតបែបហ្នឹង។

លោក ឈាន បាននិយាយថា “ពួកគេមិនលើកដៃទេ បើបងប្អូនលើកដៃនៅពេលនោះ តាម៉ុក អាចចាប់ខ្លួនខ្ញុំ ឬក៏ សុន សេន នឹងចាប់ខ្ញុំ”។

ដោយប្រាកដថា ជីវិតរបស់លោកមានគ្រោះថ្នាក់ លោក ឈាន បានចាប់ប្រតិបត្តិការសម្ងាត់មួយដើម្បីបោះដៃទៅរកសត្រូវយូរអង្វែងរបស់លោកនៅក្រុងភ្នំពេញ។

អតីតមេបញ្ជាការរូបនេះ បាននិយាយថា លោកចាប់ផ្តើមធ្វើទស្សនកិច្ចតាមកងពលតូចនានា ដើម្បីទាក់ទាញការគាំទ្រការចរចា។ ក្រោយមក មេបញ្ជាការបួនអង្គភាពពីប៉ៃលិន និងបន្ទាយមានជ័យបានយល់ព្រមគាំទ្រកិច្ចចរចាគ្នា។

ដោយសង្គ្រាមនៅតែអូសបន្លាយ លោក ឈាន បាននិយាយថា លោកដឹងថា វានឹងគ្រោះថ្នាក់ខ្លាំងណាស់ មិនអាចធ្វើដំណើរទៅកាន់ក្រុងភ្នំពេញបានទេ។ ដូច្នេះ លោកបានបញ្ជូនមេបញ្ជាការតូចតាចមួយរូប ជាមនុស្សជំនិតរបស់លោក គឺលោក ព្រំ ប៉ាត់ ក្នុងគោលបំណងបើកការចរចាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស ទៀ បាញ់។

លោក ប៉ាត់ បាននិយាយថា “ដំបូង លោក ក្លែងខ្លួនជាអ្នកជំនួញដែលទើបវិលត្រឡប់មកពីបរទេស នៅពេលដែលលោកបានជួបមន្ត្រីថ្នាក់ទាបៗ មុននឹងបានជួបជាមួយនឹងឧត្តមសេនីយ៍ បាញ់”។ លោក បាននិយាយថា លោកបានលាក់អត្តសញ្ញាណពិតរបស់លោក ពេលដែលបានជួបឧត្តមសេនីយ៍រូបនេះ។

លោកបាននិយាយកាលពីថ្ងៃអាទិត្យថា “ខ្ញុំមិនហ៊ានប្រាប់គាត់ថា ខ្ញុំជានរណាទេ ព្រោះខ្ញុំខ្លាចគាត់ចាប់ខ្ញុំដាក់គុក។ វាជាការប្រថុយប្រថាន ព្រោះយើងនៅតែប្រយុទ្ធគ្នានៅឡើយ”។

ទោះជាយ៉ាងនេះក្តី ក្នុងពេលប្រជុំនោះ លោក ប៉ាត់ បានបង្ហាញអត្តសញ្ញាណពិតរបស់លោក និងបំណងរបស់លោកក្នុងការចាប់ផ្តើមចរចារវាងរដ្ឋាភិបាលនិងខ្មែក្រហម។

លោកបាននិយាយថា “យើងបានជួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ហើយបានប្រាប់លោកអំពីស្ថានការនិងការផ្សះផ្សា។ ដំបូង លោកមិនចាត់ទុកហ្មត់ចត់ទេ”។

ទីបញ្ចប់ លោក ប៉ាត់ អាច រៀបចំកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការពារជាតិ និងលោក ឈាន នៅឯរមណីយដ្ឋានថៃគឺ ក្រុងប៉ាតាយ៉ា ដែលរៀបចំមូលដ្ឋានសម្រាប់ការចុះចូល។

នៅក្នុងសៀវភៅរបស់លោក មានចំណងជើងថា “ប៉ុល ពតៈ ប្រវត្តិនៃសុបិនអាក្រក់” ប្រវត្តិវិទូ ហ្វីលីព សត រៀបរាប់អំពី តាម៉ុក ដែលបានមកជួបលោក ឈាន នៅប៉ៃលិន នាខែកក្កដា ឆ្នាំ១៩៩៦ តាមបញ្ជារបស់ ប៉ុល ពត បន្ទាប់ពី សុន សេន បានរាយការណ៍ថា អតីតអង្គរក្សរបស់មេដឹកនាំរូបនេះមិនគោរពបទបញ្ជាទេ។ ទោះជាយ៉ាងនេះក្តី តាម៉ុក ដែលគេស្គាល់ថា ជាមនុស្សឥតមេត្តា ហើយមិនមានភាពប៉ិនប្រសប់ ក៏កាន់តែបង្កឲ្យមានបញ្ហាកាន់តែខ្លាំង។

អតីតជំនួយការរបស់ ប៉ុល ពត ត្រូវគេដកស្រង់សម្តី និយាយនៅក្នុងសៀវភៅនោះថា “គាត់បានទៅពន្លត់ភ្លើង ហើយក៏ធ្វើឲ្យភ្លើងកាន់តែឆេះ។ ម៉ុក ពូកែកកូរកកាយរឿងរ៉ាវណាស់។ គាត់គ្រាន់តែនិយាយអ្វីដែលគាត់នឹកឃើញ ជេរនិងបន្ទោសអ្នកដទៃ។ គាត់មិនមែនជាមនុស្សដែលចេះគិតគ្រប់ជ្រុងជ្រោយទេ”។

យោងតាមលោក សត នៅពេលនោះ សុន សេន បានបញ្ជាឲ្យកងទ័ពវាយសង្គ្រប់លើប៉ៃលិន ប៉ុន្តែ ត្រូវជួបនឹងការបះបោរ។

លោកសរសេរថា “នៅដំណាក់កាលនេះ វាពិបាកនឹងជំរុញទ័ពឲ្យវាយទ័ព ហ៊ុន សែន។ គេមិនចង់សម្លាប់គ្នាតទៅទៀតទេ”។

ទោះបីជាលោក អៀង សារី រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម ចុងបញ្ចប់បានចូលរួមសម្រេចកំណត់ការចុះចូល ដោយទទួលបាននូវរាជទានទោសចំពោះការកាត់ឲ្យជាប់ទោសពីបទឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងដោយរបបនេះ ហើយក៏បានឈរថតរូបជានិម្មិត្តរូបជាមួយលោក ហ៊ុន សែន ដែលអ្នកស្រុកចាត់ទុកលោក ឈាន ថា ជាកម្លាំងចលករនៅពីក្រោយឆាកកិច្ចចរចារកសន្តិភាព។ លោកបានក្លាយជាអភិបាលខេត្តនេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមុខតំណែងមួយដែលលោកបានកាន់រហូតដល់ឆ្នាំ២០១៤។

លោក សោម សុវណ្ណ អាយុ៦២ឆ្នាំ អតីតទាហានដែលឥឡូវធ្វើជាមេភូមិអូរតាពុកក្រោម មានចម្ងាយប្រហែលមួយគីឡូម៉ែត្រពីក្រុងប៉ៃលិន បាននិយាយថា ទាហានខ្មែរក្រហមបានប្រាប់លោកថា តាម៉ុកបានមកដល់តំបន់នេះក្នុងខែកក្កដា ឆ្នាំ១៩៩៦។

លោកបាននិយាយថា “តាម៉ុក បានមកជួបផ្ទាល់នឹង អុី ឈាន ហើយសុំឲ្យគាត់មកម៉ាឡៃ [បន្ទាយមានជ័យ] ប៉ុន្តែ អុី ឈាន មិនព្រម។ គាត់ខ្លាចគេសម្លាប់គាត់ ប្រសិនបើគាត់ទៅជាមួយតាម៉ុក ព្រោះគេដឹងថា គាត់ចរចាជាមួយរដ្ឋាភិបាល”។

ភ្លាមៗបន្ទាប់ពីតាម៉ុកចាកចេញពីប៉ៃលិនទាំងដៃទទេ លោក សុវណ្ណ ដែលបានចូលរួមបដិវត្ត ប៉ុល ពត ក្នុងឆ្នាំ១៩៧២ ហើយបានវាយប្រយុទ្ធនាទសវត្សរ៍ឆ្នាំ១៩៨០ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល និងដឹកជញ្ជូនគ្រប់រំសេវ បានពន្យល់អំពីការរំភើបរីករាយដោយលេចឮពាក្យចចាមអារ៉ាមថា សង្គ្រាមនឹងចប់ឆាប់ៗ។

បន្ទាប់មក មានថ្ងៃមួយក្នុងខែសីហា លោក សុវណ្ណ មិនអាចនឹកឃើញថ្ងៃពិតប្រាកដ គឺមានមេបញ្ជាការទទួលបន្ទុកភូមិ បានបើកប្រជុំមួយមានពី៤០ទៅ៥០គ្រួសារចូលរួម ហើយបានប្រកាសការចុះចូលជាមួយរដ្ឋាភិបាល។

លោក សុវណ្ណ បាននិយាយថា “ខ្ញុំសប្បាយណាស់។ ខ្ញុំនឹងលើកអ្នកដែលនាំសន្តិភាពមកឲ្យយើងដោយទូលលើក្បាល។ គ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ”។

ភាពសប្បាយអឹកធិកបានចូលរួមដោយអតីតទាហានខ្មែរក្រហមលោក ឃឹម ថន ឥឡូវអាយុ៦០ឆ្នាំ ដែលបានដាច់ជើងទាំងពីររបស់លោកពេលធ្វើសង្គ្រាមប្រាំបីឆ្នាំមុននឹងចុះចូល។ ក្រោយពីជាសះស្បើយរយៈពេលពីរឆ្នាំនៅក្នុងព្រៃ លោក ថន និងគ្រួសាររបស់លោក បានចូលមករស់នៅទីប្រជុំជនខេត្តក្នុងឆ្នាំ១៩៩០ ហើយឥឡូវនេះ ដេកតែនៅលើអង្រឹងប៉ុណ្ណោះ។

អតីតទាហានរូបនេះបានរៀបរាប់អំពីការវិលត្រឡប់មកកាន់ទីប្រជុំជនថា វាមានសេរីភាពច្រើនជាងកាលដែលកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។

លោកបាននិយាយថា “នៅពេលនោះគេចាប់ផ្តើមបង្កើតទីផ្សារ ហើយក៏អនុញ្ញាតឲ្យពលរដ្ឋបង្កើតមុខរបរខ្លួនឯងក្នុងឧស្សាហកម្មត្បូង”។

មុននឹងការប្រកាសការចុះចូលក្នុងឆ្នាំ១៩៩៦ លោក ថន បាននិយាយថា មានចចាមអារ៉ាមអំពីការផ្សះផ្សាជាតិ ចាប់ផ្តើមផ្សព្វផ្សាយក្នុងក្រុង ក្នុងខណៈដែលការប្រយុទ្ធគ្នាប្រដាប់អាវុធរប៉េះរប៉ោះកើតឡើងនៅលើភ្នំនៅឡើយ។

លោកបាននិយាយថា “ពីរបីខែមុន អ្នកភូមិនិយាយថា យើងមានសន្តិភាពម្តងទៀតហើយ”។ បន្ទាប់មក ក្នុងខែសីហា មេបញ្ជាការចាប់ផ្តើមដើរពីផ្ទះមួយទៅផ្ទះមួយ ដោយប្រាប់អ្នកស្រុកថា សង្គ្រាមចប់ហើយ។

លោក ថន បានលើកឡើងនូវពាក្យរបស់មេបញ្ជាការរបស់លោកថា “គាត់និយាយថា យើងនឹងធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល…. ទ័ពត្រូវត្រៀមខ្លួនប្តូរឯកសណ្ឋានថ្មី”។

អតីតនាយទាហានរូបនេះបាននិយាយថា “យើងអាចជួញដូរអ្វីក៏បានដែរ ទិញផ្ទះ រើទៅកន្លែងណាដែលយើងចង់នៅ។ ជីវិតបានផ្លាស់ប្តូរទាំងស្រុង”។

សាន់ វឿន អាយុ៥១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប ដែលឈរនៅក្បែរផ្សារក្រុងប៉ៃលិន បានរំឭកឡើងនូវការភ្ញាក់ផ្អើលរបស់លោក ពេលឮការចុះចូលផ្ទាល់ពីលោក ឈាន ពេលជួបជុំគ្នាក្នុងក្រុង។

អ្នករត់ម៉ូតូឌុបរូបនេះបាននិយាយថា “គេនិយាយថា យើងមានឯកភាពជាតិហើយ។ ឈាមខ្មែរឈប់ហូរហើយ។ ខ្ញុំភ្ញាក់ផ្អើលណាស់ ព្រោះមានការប្រយុទ្ធបង្ហូរឈាមគ្នាយូរហើយ។ អ៊ីចឹងវាបានផ្លាស់ប្តូរក្នុងមួយប៉ប្រិចភ្នែកសោះ”៕រើន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស