កាលពីថ្ងៃអង្គារ ក្រុមមន្ត្រីនៅខេត្តមណ្ឌលគិរី បានបដិសេធការចោទប្រកាន់ដែលថា ពួកគេបានគំរាមថានឹងចាប់ខ្លួនអ្នកចូលរួមក្នុងការដើរហែដែលគ្រោងធ្វើដើម្បីប្រារព្ធទិវាអន្តរជាតិជនជាតិដើមពិភពលោក។
ការអះអាងនិងការតបវិញបានកើតមានឡើង ពីរឆ្នាំបន្ទាប់ពីអាជ្ញាធរបានរាំងផ្លូវអ្នកភូមិជនជាតិដើមភាគតិចព្នងប្រហែល៧០០នាក់មិនឲ្យដើរហែកាត់ក្រុងសែនមនោរម្យដើម្បីអបអរទិវាដែលរៀបចំដោយអង្គការសហប្រជាជាតិ ព្រោះបារម្ភថា ភ្ញៀវទេសចរអាចមានការយល់ច្រឡំព្រឹត្តិការណ៍នោះថា ជាការតវ៉ា។
លោក អ៊ាង ម៉េងលី មន្ត្រីអង្កេតអង្គការអាដហុកខេត្តមណ្ឌលគិរី បាននិយាយថា កាលពីថ្ងៃច័ន្ទ តំណាងសហគមន៍ព្នង១០សហគមន៍នៅខេត្តមណ្ឌលគិរីបានប្តឹងទៅអង្គការសិទ្ធិមនុស្សអាដហុក ដោយចោទមន្ត្រីរដ្ឋាភិបាលពីររូបថាបានគំរាមចាប់ខ្លួនពួកគាត់ ប្រសិនបើពួកគាត់បន្តផែនការអបអររបស់ពួកគាត់នោះ។
លោក ម៉េងលី បាននិយាយថា “តំណាង១០នាក់បានមកការិយាល័យរបស់ខ្ញុំ និងបានដាក់ពាក្យប្តឹងអភិបាលស្រុកកោះញែក និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពីព្រោះពួកគេបានគំរាមចាប់ខ្លួនប្រជាពលរដ្ឋនិងដាក់ពន្ធនាគារពួកគាត់ ប្រសិនបើពួកគាត់ធ្វើពិធីនោះ”។
លោកបាននិយាយថា អ្នកភូមិមានផែនការដើរហែដើម្បីទាក់ទាញការចាប់អារម្មណ៍ចំពោះសិទ្ធិរបស់ខ្លួនជាពលរដ្ឋខ្មែរជនជាតិដើមភាគតិច អំពាវនាវឲ្យបញ្ចប់ការរើសអើងលើក្រុមជនជាតិភាគតិច និងស្នើសុំអន្តរាគមន៍ពីរដ្ឋាភិបាលក្នុងរឿងជម្លោះដីធ្លី ដែលបានកើតមានឡើង ដោយសារតែដីព្រៃខេត្តមួយផ្នែកធំត្រូវបានប្រែក្លាយទៅជាចម្ការកសិពាណិជ្ជកម្ម។
លោក ម៉េងលី បាននិយាយថា “អ្នកភូមិបានលុបចោលការដើរហែ ពីព្រោះពួកគេបានទទួលការគំរាមពីអភិបាលស្រុកកោះញែក គឺលោក មើល សឿន។ លោក យុន សារុំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាឲ្យអភិបាលស្រុកប្រាំនាក់ចាប់ខ្លួនប្រជាពលរដ្ឋ ប្រសិនបើពួកគាត់ធ្វើពិធីនេះ”។
លោក គ្រឿង តុលា ដែលបានចូលរួមតវ៉ា បាននិយាយថា មន្ទីរអភិវឌ្ឍន៍ជនបទមិនបានរក្សាការសន្យាថានឹងគាំទ្រព្រឹត្តិុការណ៍នៅថ្ងៃអង្គារ។
លោកបាននិយាយថា “ជនជាតិភាគតិចរបស់យើងរៀបចំពិធីតូចៗនៅតាមផ្ទះរបស់ខ្លួនជំនួសការដើរហែ”។ លោកបានបន្ថែមថា អ្នកចូលរួមបានលេងភ្លេង និងបានសម្លាប់ជ្រូកនិងមាន់សែនដូនតារបស់ពួកគាត់។
ទាក់ទងកាលពីថ្ងៃអង្គារ លោក សារុំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា អ្នករៀបចំមិនទទួលបានការអនុញ្ញាតឲ្យដើរហែទេ ប៉ុន្តែលោកបានបដិសេធការគំរាមចាប់ខ្លួន។
លោកបាននិយាយថា “យើងបានហាមគេមិនឲ្យធ្វើព្រឹត្តិការណ៍នេះ ពីព្រោះពួកគេ[ជាញឹកញាប់]ដើរហែនិងតវ៉ានឹងរដ្ឋាភិបាលទាក់ទិននឹងបញ្ហាដីធ្លី”។ លោកបានបន្ថែមថា រដ្ឋាភិបាលមានផែនការរៀបចំព្រឹត្តិការណ៍របស់ខ្លួនផ្ទាល់ ដើម្បីអបអរទិវាជនជាតិដើមនៅពេលណាមួយនាសប្តាហ៍ក្រោយ។
លោក សារុំ ក៏បានចោទអង្គការអាដហុកថា ជាធម្មតា “បានញុះញង់” អ្នកភូមិ និងបាននិយាយថា ការអះអាងដែលថាក្រុមមន្ត្រីបានគំរាមចាប់ខ្លួន គឺជាឧទាហរណ៍មួយផ្សេងទៀត។
លោកបាននិយាយថា “ខ្ញុំមិនសប្បាយចិត្តនឹងអាដហុកទេ ពីព្រោះពូកគេញុះញង់ឲ្យជនជាតិដើមភាគតិចតវ៉ាប្រឆាំងអាជ្ញាធរ ជាពិសេសអំពីបញ្ហាដីធ្លី។ ខ្ញុំនឹងប្តឹងអាដហុក និងតំណាង១០នាក់នោះ ពីព្រោះនេះជាការញុះញង់”។
លោក សឿន អភិបាលស្រុក បាននិយាយថា លោក សារុំ មិនបានណែនាំឲ្យគាត់ធ្វើការចាប់ខ្លួនដូចដែលបានលើកឡើងក្នុងបណ្តឹងទៅអាដហុកទេ ប៉ុន្តែបានថ្លែងថា ការដើរហែដែលគ្រោងទុកនោះនឹងត្រូវបង្ក្រាបពីព្រោះគ្មានការអនុញ្ញាត៕ និត