32 C
Phnom Penh

រដ្ឋាភិបាល​លក់​ឈើ​ដែលរឹប​អូសបាន​ បន្ទាប់ពី​បោះ​បង់​ការ​ដាក់​ដេញ​ថ្លៃមួយ​រយៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុម្នាក់បានឱ្យដឹងថា រដ្ឋាភិបាលបានលក់ឈើដែលកាប់ខុសច្បាប់ជាង១០.០០០ម៉ែត្រគូបក្នុងការចរចាដោយផ្ទាល់ជាមួយពាណិជ្ជករឯកជនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បន្ទាប់ពីបោះបង់ការខិតខំប្រឹងប្រែងដើម្បីលក់ដេញថ្លៃដោយសារមិនមានការចាប់អារម្មណ៍។

ឈើទាំងនេះគឺជាផ្នែកមួយនៃឈើប្រហែល៧០.០០០ម៉ែត្រគូប ដែលអាជ្ញាធររឹបអូសបានកាលពីដើមឆ្នាំនេះ ជាផ្នែកមួយនៃការបោសសម្អាតនៅក្នុងខេត្តភាគឦសាន ដែលមានការស្តុកទុកខុសច្បាប់ ភាគច្រើននៅតាមរោងអារឈើ និងនៅក្នុងចម្ការកៅស៊ូ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបញ្ជាឱ្យមានការបោសសម្អាតនេះ ដំបូងបានប្រកាសពីគម្រោងប្រគល់ឈើនេះទៅឱ្យក្រសួងអប់រំសម្រាប់គោលបំណងសាងសង់សំណង់នានា ប៉ុន្តែក្រោយមកបានលើកឡើងថា នឹងធ្វើការលក់ដេញថ្លៃជំនួសវិញ ដោយសារក្រសួងខ្វះមធ្យោបាយដឹកចេញ។ ប៉ុន្តែបន្ទាប់ពីការប្រកាសរកអ្នកដេញថ្លៃសម្រាប់ឈើជាង១១កន្លែងរយៈពេលជាងមួយខែនៅក្នុងខេត្តចំនួនប្រាំដែលឈើទាំងនេះត្រូវបានរកឃើញមក មានអ្នកចាប់អារម្មណ៍តិចតួចប៉ុណ្ណោះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា ឈើបួនកន្លែងក្នុងចំណោមប្រាំពីរកន្លែងនៅក្នុងខេត្តមណ្ឌលគិរី បានទាក់ទាញអ្នកដាក់ពាក្យម្នាក់មួយកន្លែង ដោយឈានដល់មានការចរចាដោយផ្ទាល់តែម្តង។

លោក សួង ម៉េងគា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា ការចរចាត្រូវបានធ្វើឡើងម្តងមួយៗនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃពុធ និងថ្ងៃម្សិលមិញ ហើយថា ឈើសរុប១០.៣២៥ម៉ែត្រគូប ត្រូវបានលក់សរុបជាទឹកប្រាក់ចំនួន៩,៧៦ពាន់លានរៀល (ប្រហែល២,៤លានដុល្លារ) ដោយ លើសប្រហែល ៦១៥.០០០ដុល្លារពីតម្លៃដែលបានស្នើឡើង។

មន្ត្រីរូបនេះបានមានប្រសាសន៍ថា លោក អុឹង ស៊ីថាតវីរៈ ប្រធានក្រុមហ៊ុន ឌីធីស៊ី គ្រុប (DTC Group) ដែលមានចម្ការកៅស៊ូនៅក្នុងខេត្តមណ្ឌគិរី បានទិញឈើក្នុងចំនួនដ៏ច្រើនពីរកន្លែង ដោយមានឈើសរុបប្រហែល៩.៨០០ម៉ែត្រគូប ហើយថា លោក អ៊ុក រិទ្ធី និងលោក ព្រំ ប៊ុនធឿន ជាពាណិជ្ជករ បានទិញម្នាក់មួយកន្លែងដែរ។

លោក សួង ម៉េងគា បានមានប្រសាសន៍ថា លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលទទួលបន្ទុកលក់ឈើដែលរឹបអូសបានទាំងនេះ ត្រូវអនុម័តយល់ព្រមចំពោះការលក់នេះ បន្ទាប់មក អ្នកទិញនឹងត្រូវបង់ប្រាក់សម្រាប់ឈើនោះ ហើយដឹកចេញពីចម្ការដែលឈើទាំងនេះត្រូវបានរកឃើញ និងឃាត់ ទុកតាំងពីពេលនោះមក ក្នុងរយៈពេល៤៥ថ្ងៃ។

លោកបានមានប្រសាសន៍ថា ”អ្នកទិញតម្រូវឱ្យដឹកឈើចេញក្នុងរយៈពេលកំណត់ ពីព្រោះ បើមិនអ៊ីចឹងទេ យើងបារម្ភថា ពួកគេនឹងកាប់ឈើបន្ថែមទៀត” នៅក្នុងតំបន់ដែលឈើទាំងនោះត្រូវបានរកឃើញ។ លោកបានបន្ថែមថា “អ្នកទិញមិនត្រូវបានអនុញ្ញាតឱ្យសង់រោងអារឈើនៅលើដីចម្ការឡើយ ពីព្រោះយើងមិនអាចមើលឃើញអ្វីដែលពួកគេកំពុងធ្វើទេ”។

លោក អុឹង ស៊ីថាតវីរៈ មានប្រសាសន៍ថា ឈើមួយចំនួនដែលលោកបានទិញកាលពីម្សិលមិញ រង់ចាំការអនុម័តយល់ព្រមនោះ គឺទុកសម្រាប់រមណីយដ្ឋានរបស់លោកដែលមិនទាន់សាងសង់រួចរាល់នៅក្នុងក្រុងសែនមនោរម្យ ទីរួមខេត្តមណ្ឌលគិរី។

លោកបានមានប្រសាសន៍ថា “ឈើមួយចំនួននឹងយកទៅធ្វើជាគ្រឿងសង្ហារិមសម្រាប់ទីផ្សារក្នុងស្រុក និងសល់ពីនោះប្រើសម្រាប់រមណីយដ្ឋានរបស់ខ្ញុំដែលមានទំហំ២៤ហិកតា។ វានឹងចំណាយពេលពីរបីឆ្នាំឯណោះក្នុងការបញ្ចប់ការសាងសង់រមណីយដ្ឋានរបស់ខ្ញុំ”។

នៅពេលសួរថា តើហេតុអ្វីបានជាលោកចំណាយប្រាក់ច្រើនជាងតម្លៃដែលបានស្នើឡើង ក្នុងនាមជាអ្នកដេញថ្លៃតែម្នាក់គត់សម្រាប់ឈើពីរកន្លែងដែលលោកបានទិញនោះ លោកបានមានប្រសាសន៍ថា “ខ្ញុំបានចំណាយប្រាក់តាមនីតិវិធីនៃការដេញថ្លៃ”។

រដ្ឋាភិបាលក៏បានលក់ដេញថ្លៃឈើចំនួន២៦៥ម៉ែត្រគូបផងដែរកាលពីថ្ងៃច័ន្ទ អំឡុងការលក់ដេញថ្លៃតែមួយគត់សម្រាប់ឈើដែលរឹបអូសរហូតមកដល់សព្វថ្ងៃនេះ។

លោក សួង ម៉េងគា បានមានប្រសាសន៍ថា មិនទាន់មានអ្នកដាក់ពាក្យដេញថ្លៃឈើដែលនៅសេសសល់ក្នុងចំណោមឈើចំនួន៧០.០០០ម៉ែត្រគូបនៅឡើយទេ ប៉ុន្តែថា រដ្ឋាភិបាលនៅតែស្វែងរកអ្នកដេញថ្លៃដដែល។

ការលក់ដេញថ្លៃឈើរបស់រដ្ឋាភិបាលធ្វើឡើងក្នុងភាពអាថ៌កំបាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលជារឿយៗ លម្អៀងទៅលើឧកញ៉ា ទ្រី ភាព ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី។ អង្គការសិទ្ធិបរិស្ថានមួយចំនួនលើកឡើងថា ការលក់ដេញថ្លៃឈើដែលរឹបអូសបាននេះធ្វើឱ្យមានការកាប់ឈើខុសច្បាប់កាន់តែកើនឡើងទៅវិញទេ ដើម្បីផ្គត់ផ្គង់ទីផ្សារឈើ ហើយថា ឈើបែបនេះគួរត្រូវបំផ្លាញចោល៕ សារុន (រាយការណ៍បន្ថែមដោយ វណ្ណ រើន )

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស