27.5 C
Phnom Penh

សាលា​ដំបូង​រាជធានី​​​​​​​ភ្នំពេញ​បន្ត​សំណុំរឿង​​ប្រឆាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមឯកសារចេញផ្សាយជាសាធារណៈកាលពីម្សិលមិញឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងឱ្យឡើងសវនាការជំនុំជម្រះទោសក្នុងនាមជនសមគំនិតក្នុងបទក្លែងបន្លំ និងញុះញង់ ហើយបានបិទការស៊ើបសួររបស់ខ្លួនលើសំណុំរឿងប្រឆាំងលោក កឹម សុខា ដោយចោទប្រកាន់លោកពីបទបដិសេធក្នុងការចូលខ្លួន។

cam-photo-sokha-channaលោក សម រង្ស៊ី ដែលត្រូវតុលាការចោទប្រកាន់រួមជាមួយអ្នកគ្រប់គ្រងបណ្ដាញទំនាក់ទំនងសង្គមពីរនាក់របស់លោកពាក់ព័ន្ធវីដេអូមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកដែលបង្ហាញពីលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង ប្រឈមការជាប់ពន្ធនាគាររហូតដល់ទៅ១៧ឆ្នាំ ចំណែកឯបទចោទប្រកាន់លើលោក កឹម សុខា ត្រូវមានទោសជាប់ពន្ធនាគារ៦ខែ។

បច្ចុប្បន្នលោក សម រង្ស៊ី កំពុងរស់នៅក្នុងប្រទេសបារាំង ដើម្បីគេចវេះទោសជាប់ពន្ធនាគារ២ឆ្នាំដោយឡែកពីបទបរិហារកេរ្តិ៍ ខណៈលោក កឹម សុខា សម្ងំលាក់ខ្លួននៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ចាប់តាំងពីនគរបាលប៉ុនប៉ងចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ ខែឧសភា ពីបទបដិសេធក្នុងការចូលខ្លួន។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី២៨ ខែកក្កដា និងដែលបញ្ជូនទៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ចៅក្រមស៊ើបសួរ កោ វណ្ឌី មានប្រសាសន៍ថា សំណុំរឿងលោក សម រង្ស៊ី និងជំនួយការរបស់លោកឈ្មោះ អ៊ុង ជុងលាង អាយុ២៦ឆ្នាំ និង សត្យា សម្បត្តិ អាយុ២១ឆ្នាំ នឹងត្រូវបញ្ជូនទៅជំនុំជម្រះ។

លិខិតនោះមានខ្លឹមសារដូច្នេះថា “សម្រាប់សំណុំរឿងព្រហ្មទណ្ឌចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ យើងបានបញ្ចប់ការស៊ើបសួរទាំងស្រុង។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅជំនុំជម្រះតាមរយៈដីកាតុលាការកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦”។

សូមរំឭកថា លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំមុន តាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីលោកបានបង្ហាញមុខក្នុងវីដេអូមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី ដោយធ្វើបទបង្ហាញអំពីសន្ធិសញ្ញាក្លែងក្លាយដែលបង្ហាញពីកិច្ចព្រមព្រៀងជាមួយវៀតណាម រម្លាយព្រំដែនខាងកើតរបស់កម្ពុជា។ លោកត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំ និងញុះញង់ឱ្យបង្កចលាចលសង្គម ហើយសំណើសុំនៅក្រៅឃុំរបស់លោកត្រូវបានបដិសេធម្ដងហើយម្ដងទៀត។

ជាផ្នែកនៃការស៊ើបអង្កេតដ៏ធំមួយទាក់ទិនខ្សែអាត់សំឡេងបង្ហោះតាមអុីនធឺណិតកាលពីខែមីនា ដែលទំនងជាសំឡេងរបស់លោក កឹម សុខា និយាយជាមួយស្រីកំណាន់ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអនុប្រធានគណបក្សប្រឆាំងរូបនេះចំនួនពីរលើកឱ្យចូលខ្លួនក្នុងនាមសាក្សីក្នុងសំណុំរឿងសញ្ចរកម្ម។

គណបក្សសង្គ្រោះជាតិបានលើកឡើងថា លោក កឹម សុខា និងតំណាងរាស្ត្រផ្សេងៗទៀតនឹងបដិសេធមិនចូលខ្លួនទៅតុលាការឡើយដើម្បីប្រឆាំងនឹងអ្វីដែលគណបក្សនេះនិយាយថាជាការរំលោភបំពានច្បាស់ក្រឡែតលើអភ័យឯកសិទ្ធិដែលតំណាងរាស្ត្រត្រូវទទួលបានដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

ក្នុងលិខិតមួយបិទនៅខាងក្រៅផ្ទះរបស់លោក កឹម សុខា ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ចៅក្រមស៊ើបសួរ ថាន់ ឡេង ជូនដំណឹងលោកថា លោកត្រូវបានចោទប្រកាន់ពីបទបដិសេធក្នុងការចូលខ្លួនទៅតុលាការ ហើយថា ការស៊ើបអង្កេតក្នុងសំណុំរឿងនេះបានបិទហើយ។

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថា ពេលនេះសំណុំរឿងនេះត្រូវបានបញ្ជូនត្រឡប់ទៅការិយារបស់ព្រះរាជអាជ្ញាវិញហើយសម្រាប់ការសម្រេចថាត្រូវបន្តនីតិវិធីបែបណា។ លោកថ្លែងថា កាលបរិច្ឆេទសម្រាប់សវនាការជំនុះជម្រះទោសលោក សម រង្ស៊ី និងអ្នកគ្រប់គ្រងហ្វេសប៊ុករបស់លោកមិនទាន់កំណត់នៅឡើយទេ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថ្លែងថា គណបក្សគ្មានការព្រួយបារម្ភក្នុងការឆ្លើយតបទៅនឹងនីតិវិធីផ្លូវច្បាប់ប្រឆាំងថ្នាក់ដឹកនាំរបស់ខ្លួនឡើយ។ លោកមានប្រសាសន៍អំពីសំណុំរឿងដែលចេះតែកើនឡើងទាំងនេះថា ”វាមិនមែនជាបញ្ហាតុលាការ ឬពាក្យបណ្ដឹងទេ វាជាបញ្ហានយោបាយ។ បញ្ហានេះត្រូវតែដោះស្រាយតាមផ្លូវនយោបាយ ត្រូវតែដោះស្រាយដោយសន្តិវិធី”។

អ្នកនាំពាក្យរូបនេះបានបន្តថា គណបក្សសង្គ្រោះជាតិនឹងនៅតែព្យាយាមចរចាជាមួយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ហើយថា លោក កឹម សុខា នឹងបន្តស្នាក់នៅក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ “សម្រាប់ហេតុផលសុវត្ថិភាព”។ ស្ថិតក្នុងស្ថានភាពថ្នាក់ដឹកនាំរបស់គណបក្សស្ថិតនៅឯបរទេស និងកំពុងសម្ងំលាក់ខ្លួន មិនអាចរារាំងគណបក្សប្រឆាំងមិនឲ្យត្រៀមខ្លួនសម្រាប់ការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលខាងមុខឡើយ។

លោកគូសបញ្ជាក់ថា ”យើងមានមនុស្សជាច្រើនសម្រាប់ធ្វើការងារជាក់ស្ដែង។ យើងមានរចនាសម្ព័ន្ធដែលមានប្រសិទ្ធភាព គណបក្សមិនមែនមានមនុស្សតែម្នាក់ឬពីរនាក់នោះទេ។ យើងបន្តធ្វើកិច្ចការរបស់យើងគ្រប់កាលៈទេសៈ”។

លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយ បានមានប្រសាសន៍ថា ការយាយីតាមផ្លូវច្បាប់ពិតជាមានផលប៉ះពាល់មកលើគណបក្សប្រឆាំង ដោយធ្វើឱ្យថ្នាក់ដឹកនាំរបស់ខ្លួនមិនអាចបង្ហាញខ្លួនជាសាធារណៈបាន។ ទោះជាយ៉ាងណា លោកកត់សម្គាល់ថា សំណុំរឿងតុលាការទាំងនេះក៏កំពុងធ្វើឱ្យប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាដែរ។

លោកបន្តថា ”វាប្រាកដជាធ្វើឱ្យយុវជនកាន់តែមានកំហឹងដោយសារពួកគេធុញទ្រាន់នឹងនយោបាយបច្ចុប្បន្ន។ ពួកគេអាចប្ដឹងគណបក្សប្រឆាំង និងធ្វើឱ្យគណបក្សប្រឆាំងចុះខ្សោយបាន ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ពួកគេក៏នឹងមិនទទួលបានការគាំទ្រពីសាធារណជនដែរ”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស