លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសបានបញ្ជាឱ្យមន្ត្រីទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី ស្រាវជ្រាវរកពលរដ្ឋខ្មែរបន្ថែមទៀតដែលកំពុងជាប់នៅក្នុងមន្ទីរឃុំឃាំងផ្សេងៗរបស់ប្រទេសនេះ បន្ទាប់ពីពលរដ្ឋខ្មែរចំនួន១៨នាក់ត្រូវបានដោះលែងពីពន្ធនាគារមួយក្នុងក្រុងគូឡាឡាំពួ កាលពីសប្ដាហ៍មុន។
ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរស្វែងរកការងារមានប្រាក់ខែខ្ពស់នៅបរទេស ប៉ុន្តែពួកគេជាច្រើនបានធ្លាក់ខ្លួនជាប់ឃុំឃាំង បន្ទាប់ពីស្នាក់នៅហួសសុពលភាពទិដ្ឋាការដែលរៀបចំដោយមេខ្យល់ទុច្ចរិត ឬក៏រត់គេចចេញពីថៅកែដែលរំលោភបំពានពួកគេ។
ស្ត្រីម្នាក់ដែលបានត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃច័ន្ទនិយាយថា ប្ដីប្រពន្ធដែលគាត់ធ្វើការឱ្យ បានបង្ខំគាត់ឱ្យរៀបការជាមួយបុរសម្នាក់រហូតមានកូនពីរនាក់។
យោងតាមសេចក្ដីថ្លែងការណ៍មួយចេញដោយក្រសួងការបរទេសកាលពីម្សិលមិញ បានឱ្យដឹងថា លោក ប្រាក់ សុខុន បានប្រាប់មន្ត្រីស្ថានទូតនៅម៉ាឡេស៊ីឱ្យស្រាវជ្រាវរកអ្នកទោសខ្មែរបន្ថែមទៀត ហើយពេលរកឃើញពួកគេនៅកន្លែងណា ត្រូវទៅសួរសុខទុក្ខពួកគេ និងជួយនាំពួកគេត្រឡប់មកប្រទេសកំណើតវិញ។
ទោះជាយ៉ាងណា ទាំងលោក ប្រាក់ សុខុន និងលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងសុំការបំភ្លឺបន្ថែមទៀតបានទេ។
កាលពី១ឆ្នាំមុន ក្រសួងនេះបានចេញបទបញ្ជាស្រដៀងគ្នាទៅអ្នកអង្គម្ចាស់ក្សត្រីយ៍ នរោត្តម អរុណរស្មី ដែលនៅពេលនោះមានតំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៊ី ឱ្យស៊ើបអង្កេតលើសេចក្ដីរាយការណ៍ថា ពលរដ្ឋខ្មែររាប់រយនាក់ត្រូវបានឃុំខ្លួននៅក្នុងរដ្ឋ សេឡានហ្គ័រ (Selangor) ប្រទេសនេះ។ ទោះជាយ៉ាងណា គេមិនដឹងច្បាស់ថាតើបានលទ្ធផលអ្វីខ្លះពីការស៊ើបអង្កេតនោះទេ៕ សុខុម