27 C
Phnom Penh

រដ្ឋាភិបាលឃាត់​ទុក​រថយន្ត​ពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​របស់​ស្ថានីយ​វិទ្យុ​អេប៊ីស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីសុខាភិបាលរាជធានីភ្នំពេញបានឃាត់ទុករថយន្តពេទ្យមួយគ្រឿងរបស់ស្ថានីយវិទ្យុ ABC ដោយបាននិយាយថា រថយន្តនោះមិនមានការចុះបញ្ជីត្រឹមត្រូវ ឬមានបុគ្គលិកពេទ្យដែលចាំបាច់ទេ ហើយផ្ទុយទៅវិញកំពុងប្រើដឹកទឹកត្របែកលក់ទៅវិញ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមមន្ត្រីក៏មានផែនការនឹងប្ដឹងម្ចាស់ស្ថានីយវិទ្យុដែលនិយាយឥតសំចៃនេះ គឺលោក សេង ប៊ុនវេង ពីបទនិយាយសំដៅដល់បុគ្គលិកមន្ទីរថា “តិរច្ឆាន” បន្ទាប់ពីមានការរឹបអូសរថយន្តពេទ្យនោះមក។

រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា
រថយន្តសង្គ្រោះបន្ទាន់របស់ស្ថានីយវិទ្យុអេប៊ីស៊ីចតនៅក្រៅការិយាល័យមន្ទីរសុខាភិបាលក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ស៊ីវ ចាន់ណា

អេប៊ីស៊ី អះអាងថា រថយន្តពេទ្យនោះត្រូវប្រើសម្រាប់គោលបំណងមនុស្សធម៌។

េហតុការណ៍នេះជារឿងរ៉ាវចុងក្រោយដ៏ចម្រូងចម្រាសពាក់ព័ន្ធនឹងលោក ប៊ុនវេង ជាមនុស្សសំខាន់ផ្នែកព័ត៌មានដែលបានបង្កើតស្ថានីយវិទ្យុអេប៊ីស៊ី នៅឆ្នាំ២០០៨ និងដែលនៅពេលមុនការបោះឆ្នោតជាតិឆ្នាំ២០១៣ បានព្រមានថា “ឈាមនឹងហូរ” ប្រសិនបើគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងបានកាន់អំណាច។

យោងតាមលោក សុគន្ធ ក្រុមមន្ត្រីសុខាភិបាលក្រុងបានឃាត់រថយន្តពេទ្យនោះនៅជិតស្ពានអាកាស៥មករា ក្នុងខណ្ឌទួលគោក កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសង្ស័យថាវាដំណើរការដោយខុសច្បាប់។

លោកបាននិយាយថា “យើងបានរកឃើញថា វាជារថយន្តពេទ្យគ្មានចុះបញ្ជី ហើយថា វាគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល “ដើម្បីដំណើរការទេ ដោយល្មើសគោលការណ៍ណែនាំរបស់ក្រសួង និងស្តង់ដារសុខាភិបាល”។

លោក សុគន្ធ បាននិយាយថា រថយន្តនេះបានប្រព្រឹត្តបំពានជាច្រើន។

លោកបាននិយាយថា “រថយន្តនេះមិនមានស្លាកលេខ ហើយថា ខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ មិនមានក្រុមពេទ្យ ឬក៏អ្នកជំនាញបច្ចេកទេសផ្នែកសង្គ្រោះបន្ទាន់ ហើយរថយន្តនេះក៏មិនបានបំពាក់ឧបករណ៍បង្ហាញសញ្ញា បរិក្ខារពេទ្យ និងថ្មាំពេទ្យដែរ”។

លោកបាននិយាយបន្ថែមថា “ក្នុងរថយន្តនោះ មានតែដែកច្រែះ និងសំបុកពីងពាង ផ្ទុយនឹងការណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង”។

លោក សុគន្ធ បាននិយាយថា នៅពេលក្រុមមន្ត្រីឃាត់រថយន្តពេទ្យនោះកាលពីថ្ងៃព្រហស្បតិ៍ ពួកគេបានរកឃើញទឹកត្របែក១២៨ប្រអប់ និងបុគ្គលិកអេប៊ីស៊ី បួននាក់ ក្នុងនោះមានក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ដែលត្រូវគេជួលឱ្យជញ្ជូនផលិតផល។ លោកបានបន្ថែមថា ស្ថានីយវិទ្យុនេះក៏ទំនងជាបានរំលោភច្បាប់ការងារកុមារដែរ។

ការបង្ហោះលើទំព័រហ្វេសប៊ុករបស់មន្ទីរសុខាភិបាលបាននិយាយថា អេប៊ីស៊ី បាននិងកំពុងប្រើរថយន្តពេទ្យដឹកជញ្ជូនផលិតផលពេទ្យដោយខុសច្បាប់ ដើម្បីលក់ទៅឱ្យអ្នកលក់រាយ និងម៉ូយ”។

លោក សុគន្ធ បាននិយាយថា មន្ទីរសុខាភិបាលបានរៀបចំប្ដឹងលោក ប៊ុនវេង ដែលឈ្មោះហៅក្រៅថា អាចារ្យ អេ ពាក់ព័ន្ធនឹងបទល្មើសជាច្រើន ព្រមទាំងការផ្សាយវិទ្យុដែលក្នុងការផ្សាយនោះគាត់បាននិយាយថា មន្ទីរសុខាភិបាលគ្មានសិទ្ធិអំណាចឃាត់រថយន្តពេទ្យទេ។

លោកបាននិយាយថា “ខ្ញុំមានសិទ្ធិរឹបអូសរថយន្តនោះ និងរៀបចំសំណុំរឿងទៅតុលាការ។ អាចារ្យ អេ បានប្រើវិទ្យុអេប៊ីស៊ី ប្រមាថមន្ត្រីរបស់ខ្ញុំដោយហៅពួកគេថា “តិរច្ឆាន” ព្រោះបានឃាត់ និងរឹបអូសរថយន្តពេទ្យដែលមិនបានចុះបញ្ជី”។

លោក សុគន្ធ បាននិយាយថា លោកនឹងបោះបង់រឿងក្ដីនេះចោល ប្រសិនបើលោក ប៊ុនវេង ចេញមុខសុំអភ័យទោសជាលាយលក្ខណ៍អក្សរ និងសុំអភ័យទោសដោយផ្ទាល់មាត់ ផ្សាយទូទាំងប្រទេស។

លោក ប៊ុនវេង មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ បុគ្គលិកអេប៊ីស៊ី  ម្នាក់ដែលបដិសេធមិនប្រាប់ឈ្នោះ ឬតំណែងរបស់នាង ដោយនិយាយថានាងមិនមានការអនុញ្ញាតឱ្យនិយាយទៅកាន់បណ្ដាញព័ត៌មាននោះ បាននិយាយថាស្ថានីយនេះនឹងមិនព្យាយាមដើម្បីយករថយន្តពេទ្យដែលគេដកហូតនោះមកវិញទេ។

ទោះជាយ៉ាងនេះក្ដី ស្ថានីយវិទ្យុនេះបានការពារការប្រើរថយន្តពេទ្យរបស់ខ្លួនក្នុងការបង្ហោះតាមទំព័រហ្វេសប៊ុករបស់ខ្លួន ដោយអះអាងថា ឡាននេះបានទទួលអំណោយកាដូពីឯកឧត្តមលោកឧកញ៉ា លី រតនា និងលោកជំទាវ។

ដោយនិយាយសំដៅដល់មន្ទីរសុខាភិបាល ការបង្ហោះនោះនិយាយថា “លោកថា យើងដឹកទំនិញអេប៊ីស៊ីសុខច្បាប់ ចុះពេលដឹកអង្ករ ដឹកស្បៀង ដឹកសម្ភារ ថ្នាំសង្កូវជួយដល់ប្រជាជនលិចលង់ទឹកជំនន់នៅបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងដឹកសម្ភារស្បៀងជូនដល់ទាហានតាមព្រំដែន អស់លោកមិនចាប់ពេលនោះតែម្ដងទៅ?”

ការបង្ហោះនោះបាននិយាយថា “ឡានមួយគ្រឿងនេះមិនមែនបម្រើតែដឹកសពទេ គឺធ្វើការរត់ឡើងចុះទូទៅ” ហើយបានបន្ថែមថា មន្ទីរនេះគួរពិគ្រោះយោបល់ នឹងស្ថានីយនេះ ជាជាងរឹបអូសរថយន្តពេទ្យ។

យោងតាមគេហទំព័រ Who Owns The Media ដែលបានចាប់ផ្ដើមកាលពីខែធ្នូ ដោយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ព័ត៌មានឯករាជ្យ និងអ្នកសារព័ត៌មានគ្មានព្រំដែន ១ភាគ៤នៃពលរដ្ឋកម្ពុជាស្ដាប់អេប៊ីស៊ី។ គេហទំព័រនេះក៏និយាយដែរថា ផ្អែកលើចំណែកការស្ដាប់ លោក ប៊ុនវេង ជាម្ចាស់ប្រព័ន្ធព័ត៌មានធំបំផុតទី៤ក្នុងប្រទេសនេះ។

អេប៊ីស៊ី មានការឈ្លាសវៃចំពោះការផ្សាយ ហើយជាទម្លាប់ជួយអន្តរាគមន៍ក្នុងការរស់នៅរបស់អ្នកស្ដាប់។ ធ្វើតាមព័ត៌មានពីអ្នកស្ដាប់ម្នាក់កាលពីខែមុន ស្ថានីយនេះបានបីបាច់ថែរក្សាក្មេងស្រីអាយុ១០ឆ្នាំម្នាក់ជាបណ្ដោះអាសន្ន ដែលត្រូវបានជីដូនធ្វើបាបលើរាងកាយ។

ការរឹបអូសរថយន្តពេទ្យនេះមិនមែនជាលើកដំបូងទេ ដែលលោក ប៊ុនវេង បង្កភាពចម្រូងចម្រាស។

នៅល្ងាចមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៣ លោកបានផ្សាយតាមរលកធាតុអាកាសព្រមានថា យោធានឹងធ្វើរដ្ឋប្រហារប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ដោយនាំឱ្យមានការស្ដីបន្ទោសពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកបាននិយាយនៅពេលនោះថា “ឈាមនឹងហូរពេញផ្លូវ”។

ហើយនៅខែតុលា លោកបានជំរុញឱ្យនិស្សិតសាកលវិទ្យាល័យហៅចូលមកស្ថានីយនេះ ហើយរាយការណ៍អំពីសាស្ត្រាចារ្យណាដែលបានធ្វើអត្ថាធិប្បាយរិះគន់រដ្ឋាភិបាល៕ និត (រាយការណ៍បន្ថែមដោយ Ben Paviour)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស