29 C
Phnom Penh

នគរបាល​ឈប់​ស៊ើបអង្កេត​ការ​ស្លាប់​របស់​កម្មករ​សំណង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលនិយាយថា ពួកគេលែងស៊ើបអង្កេតការស្លាប់កម្មករម្នាក់ដែលមិនបានពាក់ខ្សែការពារ នៅពេលគាត់ធ្លាក់ពីជាន់ទី៣នៃផ្ទះកំពុងសាងសង់ក្នុងក្រុងភ្នំេពញកាលពីថ្ងៃច័ន្ទ បើទោះជាមន្ត្រីក្រុងម្នាក់និយាយថា មេការសំណង់គួរត្រូវទទួលខុសត្រូវក៏ដោយ។

យោងតាមលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ លោក ព្រាប សារ៉េត អាយុ៥២ឆ្នាំ មិនបានពាក់មួក ឬខ្សែការពារទេ នៅពេលគាត់ប្រើម៉ូទ័រយោងដើម្បីយោងថ្មនិងខ្សាច់ឡើងជាន់ខាងលើនៃអគារ ខណៈដែលកំពុងឈរលើក្តាររន្ទារនៅការដ្ឋានក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យនាម៉ោងប្រហែលប្រាំល្ងាច។

លោក សាន ផេត មេប៉ុស្តិ៍ បាននិយាយថា នៅពេលក្តាររន្ទារបាក់ ព្រាប សារ៉េត បានធ្លាក់មកដី និងបានរងរបួសជាទម្ងន់។ គាត់បានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈនៅព្រឹកថ្ងៃអង្គារ។

លោក ផេត បាននិយាយថា ក្រុមមន្ត្រីរបស់លោកបានទៅពិនិត្យកន្លែងកើតហេតុនៅល្ងាចថ្ងៃច័ន្ទ ប៉ុន្តែឥឡូវនេះចាត់ថាករណីនេះចប់ហើយ។

ដោយមិនពន្យល់អំពីការសម្រេចនេះ លោកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “យើងនឹងមិនស៊ើបអង្កេតទៀតទេ”។

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ រាជធានីភ្នំពេញ បាននិយាយថា ការស្លាប់របស់ ព្រាប សារ៉េត ជាកំហុសរបស់មេការ ដែលគួរពង្រឹងអនុវត្តច្បាប់សុវត្ថិភាពបទដ្ឋានការដ្ឋានសំណង់ ដូចជាធ្វើឲ្យប្រាកដថា កម្មករពាក់មួកនិងខ្សែក្រវាត់ការពារជាដើម។

លោក វណ្ណា បាននិយាយថា “កម្មករដែលធ្វើការនៅការដ្ឋានសំណង់ តាមច្បាប់សុវត្ថិភាពសំណង់ ត្រូវតែពាក់មួកការពារនិងខ្សែក្រវាត់”។

លោកបាននិយាយថា ប៉ុន្តែតាមទម្លាប់កម្មករជាច្រើនមិនគោរពច្បាប់ទាំងនេះទេ សូម្បីនៅពេលក្រុមហ៊ុនសំណង់ផ្តល់ប្រាក់លើកទឹកចិត្តពួកគេឲ្យពាក់ខ្សែក្រវាត់ការពារក៏ដោយ។

លោកបាននិយាយថា “នៅការដ្ឋានសំណង់បរទេស ប្រសិនបើកម្មករមិនពាក់ខ្សែក្រវាត់និងមួកការពារទេ ពួកគេមិនអនុញ្ញាតឲ្យចូលការដ្ឋានឡើយ។ ដូច្នេះយើងត្រូវជឿថា ការយល់ដឹងរបស់កម្មករយើងមានកម្រិត”។

ទាំងម្ចាស់សំណង់ ទាំងមេការមិនអាចទាក់ទងសុំការពន្យល់បានទេ។

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស (Central) បាននិយាយថា គ្រោះថ្នាក់ដូចកាលពីថ្ងៃច័ន្ទនោះ អាចបញ្ចៀសបាន ប្រសិនបើការពិនិត្យការដ្ឋានសំណង់ត្រូវបានអនុវត្តញឹកញាប់ជាងនេះ ហើយវិធានការសុវត្ថិភាពអនុវត្តបានត្រឹមត្រូវនោះ។

លោកបាននិយាយថា “ក្រសួងការងារបាននិងកំពុងអនុវត្តជាង២០ឆ្នាំហើយ ប៉ុន្តែការចុះពិនិត្យមើលការដ្ឋានសំណង់ ច្បាប់មិនទាន់អនុវត្តនៅឡើយ”៕ និត (Additional reporting by Hannah Hawkins)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស