29 C
Phnom Penh

ឧទ្ធម្ភាគចក្រ​​​២គ្រឿង​ និង​មនុស្ស​២០០នាក់​​ត្រូវបានបញ្ជូន​ទៅ​រក​គ្រួសារ​ជនជាតិ​បារាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧទ្ធម្ភាគចក្រពីរគ្រឿង និងកម្លាំង២០០នាក់ មានទាំងនគរបាល និងទាហាន ត្រូវបានបញ្ជូនទៅក្នុងព្រៃនៃភ្នំក្បាលស្ពានក្នុងខេត្តសៀមរាបកាលពីព្រឹកថ្ងៃសៅរ៍ ដើម្បីស្វែងរកក្រុមគ្រួសារជនជាតិបារាំងដែលបានវង្វេងផ្លូវមួយយប់បន្ទាប់ពីបញ្ចុះបញ្ចូលមគ្គុទ្ទេសក៍ទេសចរណ៍របស់ខ្លួនឱ្យទៅតាមពួកគេ។

លោក សត ណាឌី ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា បន្ទាប់ពីបានដើរទស្សនាប្រាសាទជាច្រើនស្ថិតក្នុងឧទ្យានបុរាណអង្គរកាលពីព្រឹកថ្ងៃសុក្ររួចមក ក្រុមគ្រួសារដែលមានសមាជិកបួននាក់នេះ បានចេញដំណើរជាមួយមគ្គុទ្ទេសក៍ទេសចរណ៍របស់ខ្លួនឡើងទៅមើលចម្លាក់បុរាណនៅបាតស្ទឹងក្នុងព្រៃនោះ ប៉ុន្តែបានវង្វេងផ្លូវខណៈដែលពួកគេព្យាយាមរកផ្លូវមកកានសណ្ឋាគារវិញ។

ព្រៃនៅតំបន់ក្បាលស្ពានក្នុងខេត្តសៀមរាប។ រូបថតៈ Aram Visser/Creative Commons

លោក សត ណាឌី បានមានប្រសាសន៍កាលពីម្សិលមិញថា “មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែររបស់យើងបានប្រាប់ក្រុមគ្រួសារជនជាតិបារាំងនោះថា ពួកគេវង្វេងផ្លូវហើយ ប៉ុន្តែប្ដីប្រពន្ធនោះបានប្រាប់មគ្គុទ្ទេសក៍ទេសចរណ៍នោះថា កុំបារម្ភអីតាមពួកគេទៅ ពីព្រោះពួកគេមានផែនទីដើម្បីស្វែងរកផ្លូវ”។

លោក ង៉ូវ សេងហាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តបានប្រាប់ថា ឪពុកម្ដាយជនជាតិបារាំងនោះមានឈ្មោះ Robert និង Sylvie Frapalmieri។ លោក សត ណាឌី បានមានប្រសាសន៍ថា នៅម៉ោងប្រហែល៩យប់ មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះបានទាក់ទងមន្ទីរទេសចរណ៍ខេត្តដើម្បីជម្រាបដំណឹងដល់មន្ត្រីនៅទីនោះថា ពួកគេវង្វេងផ្លូវ។

លោក សត ណាឌី បានមានប្រសាសន៍ថា ក្រុមស្វែងរកប្រាំក្រុម ដែលមាននគរបាល កងរាជអាវុធហត្ថ មន្ត្រីមន្ទីរទេសចរណ៍ និងទាហានជាង២០០នាក់ត្រូវបានបញ្ជូនទៅនៅម៉ោង៦ព្រឹកនៅថ្ងៃបន្ទាប់ បន្ទាប់ពីជ្រើសរើសអ្នកភូមិមកពីស្រុកវ៉ារិន្ទនៅកន្លែងនោះដើម្បីជួយស្វែងរក។

លោកបានថ្លែងថា “អ្នកភូមិមូលដ្ឋានបាននាំផ្លូវពួកយើងទៅដល់ក្រុមគ្រួសារជនជាតិបារាំងនោះពីព្រោះ…យើងមិនស្គាល់ផ្លូវដើរកាត់ព្រៃឡើយ”។

លោក សត ណាឌី បានមានប្រសាសន៍ថា ក្រុមនេះត្រូវបានរកឃើញនៅម៉ោងប្រហែល៨និង៣០នាទីព្រឹក ចម្ងាយ១០គីឡូម៉ែត្រពីក្រុងសៀមរាប កន្លែងសណ្ឋាគារដែលពួកគេស្នាក់នៅ។ លោកបានមានប្រសាសន៍ថា “យើងបានប្រើប្រាស់ឧទ្ធម្ភាគចក្រពីរគ្រឿងហោះជុំវិញភ្នំ ហើយយើងបានរកពួកគេឃើញកាលពីព្រឹកថ្ងៃសៅរ៍”។ លោកបានបន្ថែមថា ឧទ្ធម្ភាគចក្របានហោះតាមក្រុមនេះដោយប្រើប្រាស់សញ្ញា GPSដែលមគ្គុទ្ទេសក៍ទេសចរណ៍រូបនោះបញ្ជូនតាមរយៈទូរស័ព្ទដៃរបស់ខ្លួន ដោយនាំក្រុមស្រាវជ្រាវទៅដល់កន្លែងនោះ។

យោងតាមលោក ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថេខត្តបានឱ្យដឹងថា ក្រុមគ្រួសារនេះបានមកស្នាក់នៅក្នុងប្រទេសកម្ពុជាមួយសប្ដាហ៍មកហើយ ហើយបានទៅលេងខេត្តមណ្ឌលគិរីមុនពេលមកកាន់ខេត្តសៀមរាប។

លោកបានមានប្រសាសន៍ថា “ក្រុមគ្រួសារជនជាតិបារាំងនេះបានប្រាប់អាជ្ញាធរថា ពួកគេបានប្រើផែនទីដើម្បីស្វែងរកផ្លូវនៅពេលពួកគេទៅលេងខេត្តមណ្ឌលគិរី ប៉ុន្តែមិនដែលវង្វេងអ៊ីចឹងទេ ដូច្នេះហើយវាជាហេតុផលដែលពួកគេទុកចិត្តផែនទីនៅពេលពួកគេមកលេងកន្លែងទេសចរណ៍ក្បាលស្ពាននេះ។ លោកបានបន្ថែមថា ដោយមិនមានអាហារបរិភោគ ឬកៅស៊ូតង់ ក្រុមនេះទំនងជាមានសុខភាពខ្សោយណាស់នៅពេលពួកគេត្រូវបានរកឃើញនោះ។

លោក សត ណាឌី បានមានប្រសាសន៍ថា បន្ទាប់ពីពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុមនេះមានសុខភាពល្អទេ។

លោកបានថ្លែងថា “មន្ត្រីរបស់យើងបាននាំក្រុមគ្រួសារជនជាតិបារាំងនេះទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីពិនិត្យសុខភាពកាលពីព្រឹកថ្ងៃសៅរ៍ ប៉ុន្តែពួកគេមិនមានបញ្ហាអីទេ ហើយឥឡូវនេះពួកគេកំពុងរៀបចំធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញនៅថ្ងៃនេះ”៕សារុន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស