29 C
Phnom Penh

៩​ឆ្នាំ​ក្រោយមក​​ ស្រ្តី​ដែល​គេ​ប្រទះឃើញ​ក្នុង​ព្រៃ​​ត្រឡប់​ទៅ​ជួប​ជុំ​ជាមួយ​គ្រួសារ​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រីម្នាក់ដែលគេប្រទះឃើញគ្មានសម្លៀកបំពាក់នៅក្នុងព្រៃក្នុងខេត្តមណ្ឌលគិរីកាលពី៩ឆ្នាំមុន ត្រូវបានអនុញ្ញាតឱ្យទៅជួបជុំជាមួយឪពុកម្ដាយរបស់នាងនៅក្នុងប្រទេសវៀតណាមវិញហើយកាលពីព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន  និងប្អូនប្រុសចិញ្ចឹមរបស់ស្ត្រីរូបនេះ ដែលនាងបានរស់នៅជាមួយជិត១ទសវត្សរ៍។

លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានលើកឡើងថា ស្ត្រីរូបនេះដែលមានឈ្មោះ រចំ ផ្ងៀង អាយុ៣៩ឆ្នាំ បានចាកចេញពីប្រទេសកម្ពុជាជាមួយគ្រួសាររបស់នាងកាលពីព្រឹកថ្ងៃសៅរ៍ ដោយធ្វើដំណើរតាមរថយន្តក្រុងត្រឡប់ទៅប្រទេសវៀតណាមវិញ។

លោកបានមានប្រសាសន៍ថា “ពួកគេឆ្លងកាត់ព្រំដែននៅម៉ោងប្រហែល១០ព្រឹកមិញនេះ”។

អភិបាលស្រុករូបនេះមិនច្បាស់ទេថា តើគ្រួសាររបស់ រចំ ផ្ងៀង បានរកនាងឃើញដោយរបៀបណានោះ ខណៈនាងនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៧មកម្លេ៉ះ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានលើកឡើងថា ការជួបជុំគ្នាឡើងវិញនេះកើតឡើងបន្ទាប់ពីឪពុកបង្កើតរបស់នាងឃើញរូបថតរបស់នាងតាមហ្វេសប៊ុក។

លោកបានបន្ថែមថា មន្ត្រីអន្តោប្រវេសន៍កម្ពុជាបានចំណាយពេល២សប្ដាហ៍ពិនិត្យឯកសារដែលរៀបចំដោយគ្រួសារជនជាតិវៀតណាមនេះ មុនពេលសម្រេចអនុញ្ញាតឱ្យ រចំ ផ្ងៀង ត្រឡប់ទៅប្រទេសកំណើតវិញ។

គ្រួសារជនជាតិដើមភាគតិចព្នង ដែលចិញ្ចឹម រចំ ផ្ងៀង បានលើកឡើងថា ពួកគេសោកស្ដាយដែលនាងចាកចេញពីពួកគេ។

លោក រចំ ខំាភី អាយុ៣៨ឆ្នាំ ដែលជាប្អូនប្រុសចិញ្ចឹមរបស់ស្ត្រីរូបនេះបាននិយាយថា “យើងបានប្រគល់ស្ត្រីរូបនេះឱ្យបុរសជនជាតិវៀតណាម ព្រោះគាត់បានពន្យល់យ៉ាងច្បាស់លាស់អំពីប្រវត្តិរបស់គ្រួសារនេះ ហើយចំណុចភាគច្រើនដែលគាត់ពន្យល់ច្បាស់លាស់ខ្លាំងណាស់”។

ពីមុន លោក សាល លូ ដែលជាឪពុករបស់លោក រចំ ខំាភី និងដែលជានគរបាលឃុំដែលស្លាប់កាលពីឆ្នាំ២០១៣ ធ្លាប់បានលើកឡើងថា រចំ ផ្ងៀង គឺជាកូនស្រីរបស់គាត់ដែលបាត់បាត់ពេលកៀងក្របីនៅក្នុងព្រៃកាលពីឆ្នាំ១៩៨៩។ ប៉ុន្តែការអះអាងទាំងេនះនៅតែគ្មានភ័ស្តុតាងបញ្ជាក់រហូតមកទល់ពេលនេះ។

លោក រចំ ខំាភី បាននិយាយថា “ខ្ញុំនឹកគាត់។ ខ្ញុំចាត់ទុកគាត់ដូចជាបងស្រីបង្កើតរបស់ខ្ញុំអ៊ីចឹង”។

ករណីរបស់ រចំ ផ្ងៀង ទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោកនៅពេលមានសេចក្ដីរាយការណ៍ព័ត៌មានថា នាងត្រូវបានដាក់ឱ្យរស់នៅក្នុងខ្ទមដ៏តូចមួយដោយគ្រួសារចិញ្ចឹមដែលនិយាយថា ពួកគេគ្មានមធ្យោបាយអ្វីផ្សេងដើម្បីមើលថែនាងទេ ព្រោះអីនាងមានស្ថានភាពខួរក្បាលមិនប្រក្រតី។

លោក រចំ ខំាភី បានលើកឡើងទៀតថា រចំ ផ្ងៀង មិនដែលនិយាយចេញបានមួយពាក្យណាឡើយពេលរស់នៅជាមួយគ្រួសាររបស់គាត់ ទោះបីជាគ្រួសាររបស់គាត់ខិតខំបង្រៀននាងយ៉ាងណាក៏ដោយ ហើយនាងអាចត្រឹមតែគូររូបភាពប៉ុណ្ណោះ។ លោកបាននិយាយថា គ្រួសារជនជាតិវៀតណាមរបស់នាងបានប្រាប់គាត់ថា នាងអ៊ីចឹងតាំងពីកើតមកម្លេ៉ះ៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Aisha Down)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស